ភ្នំពេញ: ដោយ​ចង់ឱ្យ​ជីវភាព​គ្រួ​សារបាន​ប្រសើរ​ឡើង យុវជន ឆាន គីមម៉េន បាន​សម្រេច​ចិត្ដ​ដាក់ពាក្យ​ទៅ​ធ្វើជា​ពលករ​នៅ​ស្រុក​គេ ដោយ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ រួមទាំង​បងប្រុស​ភ្លោះ​របស់​លោក​។


ក្រៅពី​មើលឃើញ​ពី​ការអាច​រកប្រាក់​ចំណូល​បាន​ច្រើន​យុវជន​រូបនេះ​ក៏បាន​សម្លឹង​ឃើញ​នូវ​ចំណេះ និង​ជំនាញ​ពី​ប្រទេស​កូរ៉េ ដែល​ខ្លួន​អាច​ច្នៃ​បង្កើតជា​អាជីវកម្ម ដើម្បី​អភិវឌ្ឍ​នៅ​មាតុភូមិ​កំណើត​វិញ​។ បច្ចុប្បន្ននេះ លោក គីមម៉េន ​បាន​ចាប់​ដៃគូ​ជាមួយ​បងប្រុស​ភ្លោះ​បង្កើតជា​ក្រុមហ៊ុន​អចលនទ្រព្យ អាណាចក្រ ហេរូមែន ឯ.ក (Anachak Heroman Property Co., Ltd) ដែលមាន​ទុនវិនិយោគ​ខ្ទង់លាន​ដុល្លារ និង​បុគ្គលិក​ជិត ១០០ ​នាក់​។

លោក គីមម៉េន និយាយថា​៖ «​ខ្ញុំ​ចង់​ជួយ​គ្រួសារ​ឱ្យមាន​ជីវភាព​ល្អប្រសើរ ដោយសារ​យើង​មិនសូវ​ធូរធារ​។ ខ្ញុំ​ក៏​សម្រេច​ចិត្ដ​វេចសម្ពាយ​ឡើង​យន្ដហោះ​ទៅធ្វើ​ពលករ​នៅ​កូរ៉េ ដោយសារ​នៅ​ទីនោះ​មាន​ប្រាក់ខែ​ច្រើន​ចន្លោះ​ពី ១ ៥០០ ទៅ ២ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ នេះ​ជាការ​សម្រេច​ចិត្ដ​ដំបូង គឺ​ទៅ​ធ្វើការ​ដើម្បី​ទទួលបាន​ប្រាក់ខែ​ច្រើន​ផ្ញើមក​គ្រួសារ​»​។ យុវជន ជា​កូន​កសិករ​មកពី​ស្រុក​កញ្ជ្រៀច ខេត្ដ​ព្រៃវែង ដែល​ខិតខំ​ប្រវេប្រវា​ស្រវា​វិជ្ជា​រហូតដល់​ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​រូបនេះ​បន្ដថា​៖ «​មួយវិញទៀត​យើង​បាន​ចំណេះ​ជំនាញ និង​បទពិសោធ​ពី​ប្រទេស​កូរ៉េ​មក​ស្រុក​ខ្មែរ​ ដើម្បី​បង្កើត​ដើមទុន​ប្រកប​អាជីវកម្ម​»​។


លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ចំនួន​ ៤៦ ១៩៩ ​នាក់ ស្រី​ ១០ ៧២៧ ​នាក់ ហើយ​អ្នក​ដែល​បានបញ្ចប់​កិច្ចសន្យា និង​វិល​មក​ស្រុក​វិញ​មាន ២៦ ៥៩៩​ នាក់ ស្រី​ ៤៧ ៩៦ ​នាក់​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​បងប្អូន​ដែល​ត្រឡប់​មកវិញ​ភាគច្រើន​លើសលប់ មាន​ជីវភាព​ល្អ​ប្រសើរ មាន​ជំនាញ មាន​គំនិត​សហគ្រិនភាព ដែល​អាច​ធ្វើការ និង​បង្កើត​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯងបាន​»​។ «​ជំនាញ​របស់​បងប្អូន​មាន​ទីផ្សារ ហើយ​ការងារ​ក៏មាន​ដែរ តែ​ភាគច្រើន​បងប្អូន​យើង​មិន​ទទួល​ធ្វើ​ដោយសារ​បងប្អូន​ចង់បាន​កម្រៃ​ច្រើន​ដូច​នៅ​កូរ៉េ​។ ដូច្នេះ បងប្អូន​ភាគច្រើន​សម្រេច​ចិត្ដ​ប្រកបមុខរបរ និង​ការងារ​ខ្លួនឯង​»​។ អតីត​គ្រូបង្រៀន​ភាសា​កូរ៉េ និង​បុគ្គលិក​ប៉ុស្ដិ៍​វិទ្យុ​ ៩៩,៥ ខេត្ដ​ក្រចេះ លោក គីមម៉េន បាន​ជិះ​យន្ដហោះ​ជា​លើកដំបូង​ក្នុង​ឆាកជីវិត​ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​ ២០១២ និង​ត្រឡប់​មកវិញ​ក្នុង​ឆ្នាំ​ ២០១៦ ដោយសារ​តែ​ផុត​អាណត្ដិ​។


ដោយ​មិនទាន់​មាន​គោលដៅ​ច្បាស់លាស់​នៅ ១ ​ឆ្នាំ​បន្ទាប់ គីមម៉េន បាន​ធ្វើ​ចំណាកស្រុក​ជា​លើក​ទី​ ២ ដោយមាន​រយៈពេល​ត្រឹម​ស្ដ្រី​ពពោះ​ឆ្លងទន្លេ ៩ ​ខែ ១០ ​ថ្ងៃ​ប៉ុណ្ណោះ​។ នៅ​ ៤ ​ឆ្នាំ​ដំបូង លោក គីមម៉េន ធ្វើ​ការងារ​ផ្នែក​លក់​គ្រឿងសំណង់ ហើយ​ក្នុង​អាណត្ដិ​ទី​ ២ យុវជន​រូបនេះ​បន្ដ​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​ផលិត​រ៉ងឡាន​។ ស្ថិតក្នុង​ចំណោម​ពលករ​បញ្ចប់​កិច្ចសន្យា​ទាំង​ជាង ២​ ម៉ឺន​នាក់ ដោយ​មើលឃើញ​ឱកាស​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ស្រុក​ខ្មែរ​យុវជន គីមម៉េន បាន​វិល​ត្រឡប់មក​ស្រុក​វិញ​ជាមួយ​ធនធាន​មួយចំនួន​ពី​កូរ៉េ​មក​ធ្វើការ​វិនិយោគ ដោយ​ចាប់ដៃ​ជាមួយ​បងប្រុស​ភ្លោះ​ក្នុង​ការបង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​ ១​។

ច្បាស់​ណាស់​លោក ឡេង ណាវ៉ាត្រា ក៏​ជា​អតីត​ពលករ​បម្រើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ម្នាក់ គឺជា​បុគ្គល​គំរូ​ ១ ​រូប​របស់​លោក គីមម៉េន ដែល​លោក​សម្រេច​ធ្វើការ​វិនិយោគ​លើ​វិស័យ​ដីឡូត៍​ក្នុងស្រុក​។ លោក គីមម៉េន អាយុ ៣៤ ​ឆ្នាំ ជា​អគ្គនាយករង​ក្រុមហ៊ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ពេល​ឃើញ​គាត់​មក​ប្រកបរបរ​អចលនទ្រព្យ​អ៊ីចឹង វា​ហាក់​ដូចជា​ចាក់​ចំ​បេះដូង​ខ្ញុំ ដែល​ជំរុញ​ចិត្ដ​ខ្ញុំ​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ដែរ​»​។

ពេលនោះ លោក​បាន​ចាប់​ដៃគូ​ជាមួយ​បងប្រុស​ភ្លោះ ដែល​មាន​ចំណេះដឹង​ស្រាប់​ផ្នែក​អចលនទ្រព្យ ដើម្បី​បង្កើតជា​ក្រុមហ៊ុន​មួយ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ជាមួយ​ដើមទុន ៥ ​ម៉ឺន​ដុល្លារ វិនិយោគ​ផ្នែក​អចលនទ្រព្យ បងប្អូន​ភ្លោះ​ទាំង​ ២ មានលទ្ធភាព​ទិញ​ដី​ត្រឹម ៥​ ហិកតា ដើម្បី​ធ្វើការ​ពុះ​ជា​ឡូត៍​តូចៗ​លក់​នៅក្នុង​ទឹកដី​នៃ​ខេត្ដ​សៀមរាប​។

លោក គីមម៉េន បាន​អះអាង​ថា ត្រឹម​រយៈពេល​ ៣ ​ខែ ទុន​វិនិយោគ​បាន​កើន​រហូតដល់ ៨៤ ​ម៉ឺន​ដុល្លារ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿថា​មាន​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​មក​ទិញ​ដី​ច្រើន​មែនទែន​។

លោក​ឱ្យដឹងថា​៖ «​ដោយសារ​តែ​យើង​សម្រេច​ចិត្ដ​ចាកចេញ​ពី​ការងារ​នៅ​កូរ៉េ​មក​មាតុភូមិ​វិញ ចំពេល​វេលា​ដ៏ត្រឹមត្រូវ​។ យើង​ចាប់ផ្ដើម​បោះទុន​ទឹកប្រាក់ ៨៤ ​ម៉ឺន​ដុល្លារ​នោះ​បន្ដទៅទៀត ដោយ​បច្ចុប្បន្ន យើង​មាន​ដី ៣ ​កន្លែង ដែល​ ២ ​កន្លែង​នៅ​សៀមរាប និង ​១ ​កន្លែង​នៅ​ក្រុង​បាវិត​»​។

បច្ចុប្បន្ន ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ​បងប្អូន​ភ្លោះ​ទាំង ២ ​មាន​បុគ្គលិក​ទាំងអស់​ជិត​ ១០០​ នាក់ ហើយ​បើទោះបីជា​ស្ថិត​ក្នុង​កូវីដ ដែល​លោក គីមម៉េន សារភាព​ថា ជួប​បញ្ហា​ខ្លះ​ដែរ​ក៏​ក្រុមហ៊ុន​នៅតែ​អាច​រក្សា​ចំនួន​បុគ្គលិក​បាន​ដដែល និង​បន្ដដំណើរ​ការលក់​ដីឡូត៍​សន្សឹមៗ​។

ជា​អតីត​ពលករ​ចំណាកស្រុក​រយៈពេល ២ ​អាណត្ដិ​ដូចគ្នា លោក គង់ សារិទ្ធិ ក៏បាន​យក​ចំណេះ​ជំនាញ និង​បទពិសោធ ក៏ដូចជា​ដើមទុន​ពី​ញើស​ឈាម​ការងារ​ក្នុង​ឧស្សាហកម្ម​ស្លដែក​ដ៏​គ្រោះថ្នាក់​នៅ​កូរ៉េ​មក​អភិវឌ្ឍ​ជា​មុខរបរ​សិប្បកម្ម​ធ្យូង​អនាម័យ ដើម្បី​ជួយ​លើកស្ទួយ​ដល់​បរិស្ថាន​។

យុវជន​ដែល​ចាប់ផ្ដើម​ការងារ​នៅ​កូរ៉េ​ដំបូង​ក្នុង​ឆ្នាំ​ ២០០៦ រូបនេះ​និយាយ​ថា លោក​ធ្វើការ​នៅតាម​បណ្ដា​រោងចក្រ​ជាច្រើន ដូចជា រោងចក្រ​ផ្គុំ​ឡាន រោងចក្រ​ផលិត​អំបោះ ដោយសារ​វា​មាន​ប្រាក់ខែ​ខ្ពស់​។ លោក សារិទ្ធិ ឱ្យ​ដឹងថា​៖ «​ដោយសារ​ការងារ​នៅ​រោងចក្រ​ឡាន​ដែល​ស្រុក​ខ្មែរ​មិនទាន់​មាន អ៊ីចឹង​ខ្ញុំ​មិនអាច​យក​ជំនាញ​នេះ​មក​អនុវត្ដ​នៅ​ស្រុក​ខ្មែរ​បានទេ​។ ខ្ញុំ​មាន​ជំនាញ​ក្នុង​វិស័យ​បង្គុំ​ឡាន​នេះ​ស្មើនឹង​ជនជាតិ​កូរ៉េ និង​មាន​ប្រាក់ខែ​ប្រហាក់​ប្រហែល​ជនជាតិ​កូរ៉េ​ផងដែរ​»​។

ពេល​ត្រឡប់មក​ខ្មែរ​វិញ លោក​ចាប់ផ្ដើម​អាជីវកម្ម​ដីឡូត៍ ហើយ​ចំពោះ​គំនិត​បើក​អាជីវកម្ម​ធ្យូង​អនាម័យ​នេះ​ ដោយសារ​លោក​មើលឃើញ​ព្រៃឈើ​ក្នុង​ស្រុក​កាន់តែ​ខើច លោក​ចង់​ធ្វើ​ផ្នែក​សិប្បកម្ម​តាមរយៈ​ការកែច្នៃ​កាកសំណល់​ខ្លះ​ដែល​ជួយ​លើកស្ទួយ​ដល់​បរិស្ថាន​។ នេះ​ជា​ជំហាន​សាកល្បង​ដំបូង​។

លោក​ថា សិប្បកម្ម​ផលិត​ធ្យូង​អនាម័យ​នេះ ទើប​ចេញ​ដំណើរ​បាន​រយៈពេល​ ១ ​ខែ ក្នុង​ដំណាក់កាល​ស្វែងរក​បទពិសោធ​នៅឡើយ​។ នៅពេល​ដំណើរការ​ល្អ លោក​នឹងមាន​ដៃគូ​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ថែមទៀត​។

ម្ចាស់​សិប្បកម្ម​ធ្យូង​អនាម័យ​ស្នាដៃ​កូន​ខ្មែរ លោក សារិទ្ធិ រស់នៅ​ភូមិ​ទី​ ៤ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ថ្លែងថា​៖ «​ខ្ញុំ​គិតថា ពលករ​ខ្មែរ​យើង​អាច​យក​ជំនាញ​ និង​គំនិត​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​មក​ធ្វើ​នៅ​ស្រុក​ខ្មែរ​បាន​ដោយ​ការទិញ​ម៉ាស៊ីន​ពី​ប្រទេស​ចិន ដូចជា រោងចក្រ​ផលិត​មី និង​កែវ​ដាក់​កាហ្វេ​។ អ្នកមាន​ដើមទុន ២ ​ទៅ ៣ ​ម៉ឺន​ដុល្លារ​អាចធ្វើ​បាន​»​។

ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​អាណាចក្រ ហេរូមែន ឯ.ក នឹងមិន​បញ្ចប់​ត្រឹម​គម្រោង​ដីឡូត៍ ៣ ​ទីតាំង​នោះទេ ដោយ​លោក​នឹង​ពង្រីក​ខ្លួន​កសាង​បុរី និង​ខុនដូ នៅ​ក្រុងព្រះសីហនុ ដែល​ក្រុមហ៊ុន​មាន​ដី​នៅ​ទីនោះ​ស្រាប់​ដែល​អាច​ចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ​ ២០៣០​។ ទាំងនេះ​ជា​លទ្ធផល ដែល​លោក​ គីមម៉េន ប្រែក្លាយ​ការលំបាក​ពី​ពលករ​ទៅជា​សហគ្រិន​វ័យក្មេង​។ លោក គីមម៉េន បាន​រំឭក​អំពី​គំនិត​អាជីវកម្ម​នេះ ដោយសារតែ​ការបង្ហាត់បង្ហាញ​ពី​សំណាក់​គ្រូបង្រៀន​ជនជាតិ​កូរ៉េ ដែល​រៀបរាប់​អំពី​ការអភិវឌ្ឍ​ខ្លួន​របស់​ប្រជាជន​កូរ៉េ​ក្រោយពេល​ធ្វើជា​ពលករ​នៅ​បរទេស​។

លោក​បាន​ដកស្រង់​សម្ដី​គ្រូបង្រៀន​របស់​លោក​ថា​៖ «​ប្រទេស​កូរ៉េ​រីកចម្រើន​ទៅបាន​ដោយ​អាស្រ័យ​លើ​ប្រជាជន​គេ​។ ប្រជាជន​កូរ៉េ​បាន​ទៅ​ធ្វើការ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​បាន​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ ហើយក៏​បានសម្រេច​ចិត្ដ​មក​ប្រទេស​វិញ​ទាំងអស់ និង​នាំយក​ជំនាញ​ទាំងនោះ​មក​អភិវឌ្ឍ​ប្រទេស​។ អ៊ីចឹង ពលករ​ខ្មែរ​ទាំងអស់​ដែល​ធ្វើការ​នៅ​កូរ៉េ​ក៏ត្រូវ​ធ្វើ​បែប​នេះ​ដែរ​»​។

លោក​បន្ដថា​៖ «​គាត់​និយាយថា ពេល​ត្រឡប់​ទៅ​ស្រុក​វិញ ប្អូនឯង​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើជា​ថៅកែ​កុំ​បន្ដ​ធ្វើការ​ឱ្យគេ​ទៀត​។ ប្អូន​ត្រូវ​យក​ចំណេះ ជំនាញ​ពី​កូរ៉េ​ទៅ​អភិវឌ្ឍ​ខ្លួនឯង​ទៅជា​ថៅកែ​។ ប្រាក់ខែ​នៅ​កូរ៉េ​នេះ​ច្រើន​ហើយ បើ​ប្អូនឯង​ទៅ​ដាក់ CV ធ្វើការ​ទៀត វា​ទៅ​អត់​រួច​ទេ​»​។ យ៉ាងណា​មិញ លោក​សារភាពថា ការបង្កើត​ក្រុមហ៊ុន​អចលនទ្រព្យ​មានការ​លំបាក​ច្រើន​។ ប៉ុន្ដែ​ដោយសារ​បងប្អូន​ភ្លោះ​មាន​ចំណេះដឹង​ខាង​ផ្នែក​នេះ ទើប​អ្នក​ទាំង​ ២ ​ចាប់ដៃ​អភិវឌ្ឍ​ក្រុមហ៊ុន​បោះ​ជំហាន​ទៅមុខ​ឥតឈប់ឈរ​។

លោក គីមម៉េន បន្ថែមថា​៖ «​ខ្ញុំ​ចង់​ចែករំលែក​ចំណេះ ជំនាញ និង​បទពិសោធ​ស្ដីពី​អាជីវកម្ម​អចលនទ្រព្យ​ដល់​អ្នក​ចង់​ប្រកបរបរ​នេះ​ដោយសារ​មាន​អ្នកទទួល​បរាជ័យ​ជាច្រើន​។ ខ្ញុំ​មាន​គោលការណ៍ ចំនួន ៥ ចំណុច​សម្រាប់​ខ្លួនឯង គឺ​សកម្មភាព​ត្រឹមត្រូវ ការសម្រេច​ចិត្ដ​ត្រូវ ការគិត​ត្រូវការ​ទទួល​ព័ត៌មាន​ត្រូវ និង​ការ​សេពគប់​ត្រូវ​»​។ ជាការ​តបស្នង​ដល់​សង្គម​វិញ លោក គីមម៉េន ក៏បាន​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​សង្គម​តាមរយៈ​ការជួយ​ថវិកា​ដំឡើង​អំពូល​ភ្លើង​សូឡា​តាមផ្លូវ​ក្នុងស្រុក​បន្ទាយស្រី ដែលមាន​លោក ឃឹម ហ្វីណង់ ជា​អភិបាលស្រុក​។

«​ខ្ញុំ​ចូលរួម​ក្នុង​ការដាក់​អំពូល​ភ្លើង​នៅ​ស្រុក​បន្ទាយស្រី​ប្រហែល​ជិត ១០០ ​ដើម​។ ក្នុងសម័យ​កូវីដ យើង​ក៏បាន​ជួយ​ទឹក​អាល់កុល​ដល់​ប្រជាពលរដ្ឋ​តាម​ខេត្ដ​មួយចំនួន ក៏ដូចជា​សកម្មភាព​ចែក​សៀវភៅ​តាម​សាលារៀន​នៅតាម​តំបន់​ដាច់ស្រយាល​»​។

យ៉ាងណាមិញ មិន​សុទ្ធតែ​ពលករ​មកពី​កូរ៉េ​ទាំងអស់​បង្កើត​មុខរបរ​ដោយ​ជោគជ័យ និង​មាន​ផែនការ​ធ្វើ​អាជីវកម្ម​គ្រប់ៗ​គ្នា​នោះទេ​។ លោក សូ សុខន ជា​ពលករ​កូរ៉េ​រយៈពេល​ជិត​ ២ ​អាណត្ដិ ដែល​លោក​នឹង​វិល​មក​មាតុប្រទេស​វិញ​ឆាប់ៗ​ខាងមុខ​បាន​បង្ហាញ​ពី​ភាពស្រពេច​ស្រពិល​ចំពោះ​អនាគត​ខ្លួន​។ លោក សុខន អាយុ ៤២ ​ឆ្នាំ ដែល​បាន​សន្សំ​លុយកាក់​មួយចំនួន​ពី​​ការងារ​ជិត​ ១០ ​ឆ្នាំ​មកនេះ​បាន​និយាយថា​៖ «​ខ្ញុំ​មិនទាន់​ច្បាស់​ថា គួរ​ធ្វើ​អ្វី​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ​។ ចាំមើល​ភាពជាក់ស្ដែង​»៕