ភ្នំពេញៈ សាលាដំបូង​រាជធានីភ្នំពេញ​បាន​កោះហៅ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១២ និង​ទី​ ១៥ ខែកក្កដា ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ជុំវិញ​ការលើកឡើង​ពី​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ កាលពី​ថ្ងៃទី​ ៥ ​ខែមិថុនា​។


លោក សុន ឆ័យ ដែល​ទើប​វិលត្រឡប់​មកពី​បរទេស​បាន​ថ្លែងថា លោក​នឹង​ចូលទៅ​បំភ្លឺ​ទៅតាម​ការកោះហៅ​របស់​តុលាការ​។

លោក ប្លង់ សុផល អ្នក​នាំពាក្យ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ កក្កដា ថា តំណាង​អយ្យការ​បាន​កោះហៅ​លោក​ សុន ឆ័យ ព្រមទាំង​មេធាវី​ការពារ​សិទ្ធិ ដើម្បី​ចូលមក​ឆ្លើយបំភ្លឺ ចំពោះមុខ​ដើម្បី​ស្តាប់​ចម្លើយ​នៅ​ថ្ងៃទី​ ១៥ ខែកក្កដា​វេលា​ម៉ោង​ ៩ ​ព្រឹក​តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​នៅ ថ្ងៃទី ១២ កក្កដា លើ​បណ្តឹង​របស់ គជប​។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឱ្យ​លោក សុន ឆ័យ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែកក្កដា ថា លោក​ទទួលបាន​ដីកា​កោះហៅ​លោក សុន ឆ័យ ទាំង​ ២ ​បណ្តឹង​នេះ រួចហើយ ខណៈ​កូនក្តី​របស់​លោក​ក៏បាន​វិលត្រឡប់​ពី​ប្រទេស​អូស្ត្រាលី​មក​ដល់​កម្ពុជា​វិញ​ហើយ ដើម្បី​ត្រៀម​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​តាម​កាលបរិច្ឆេទ ដោយ​មិន​គេចវេះ​នោះទេ​។ ​លោក​ក៏បាន​ត្រៀមខ្លួន​ជាមួយនឹង​ឯកសារ​ភ័ស្តុតាង​មួយចំនួន​ទៀត ដើម្បី​ចូល​ទៅ​តតាំង និង​ការពារ​លោក សុន ឆ័យ ទៅតាម​ផ្លូវច្បាប់ និង​តាម​អ្វីដែល​អាច​ជួយ​បាន​ឱ្យ​អស់ពី​លទ្ធភាព​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ដើមបណ្តឹង ជុំវិញ​រឿង​កូនក្តី​របស់​លោក និយាយ​ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន Cambodia Daily ពាក់ព័ន្ធ​ទៅនឹង​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​កាលពី​ពេល​ថ្មីៗ ដែល​វា​ជា​រឿង​នយោបាយ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​គាត់​និយាយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត វា​ជា​រឿង​នយោបាយ ហើយ​សម្តេច​ សាយ ឈុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តួនាទី​ខ្ពង់ខ្ពស់​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ដែរ ប៉ុន្តែ​គាត់​ចាប់ថ្នាក់ លោក សុន ឆ័យ ដែល​ជា​អ្នកនយោបាយ​នៅក្នុង​បក្សប្រឆាំង​ដែល​អត់​មាន​អំណាច​។ ខ្ញុំ​យល់ថា មិនមែន​ជា​ភាព​សមប្រកប​សម្រាប់​ការអនុវត្ត​ច្បាប់​ក៏ដូចជា​ការអនុវត្ត​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទេ​។ លោក​ សុន ឆ័យ ជា​អ្នកនយោបាយ គួរតែ​ដោះស្រាយ​តាមបែប​នយោបាយ​»​។


លោក​បញ្ជាក់ទៀតថា គជប ក៏​មិនគួរ​ប្តឹង កូនក្តី​របស់​លោក​ដែរ​ពីព្រោះ គជប ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ហើយ​មន្ត្រី​ដែល​ទៅ​បំពេញ​តួនាទី​នៅទីនេះ​ជា​មន្ត្រី​សាធារណៈ​ដែល​ចៀស​មិន​ផុតពី​ការរិះគន់​ទេ ពីព្រោះ​បើ​មិន​ចង់​ឱ្យ​មាន​ការរិះគន់ លុះត្រាតែ​កុំទៅ​បំពេញ​ការងារ​នៅក្នុង​ស្ថាប័ន​នេះ​។

លោក សុន ឆ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ កក្កដា​ថា លោក​បាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៣ កក្កដា​ដើម្បី​ត្រៀម​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​។ លោក​ថ្លែងថា​៖ «​តុលាការ នៅពេល​ដែលមាន​បណ្តឹង គេ​កោះហៅ​យើង ព្រោះ​វា​ជា​ការងា​របស់គេ ប៉ុន្តែ​យើង​សួរថា អ្នក​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​ហ្នឹង វា​សម​ហេតុផល​ដែរឬទេ​? អានេះ​វា​ជា​បញ្ហា​»​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា គណបក្ស​ប្រជាជន​មិនមាន​អ្វីដែល​ត្រូវ​ចរចា​ជាមួយ​នឹង​បុគ្គល​ណាមួយ ដែល​បាន​ចោទប្រកាន់​មកលើ​គណបក្ស​ប្រជាជន​ថា បាន​ឃុបឃិត​ជាមួយ គជប ដើម្បី​លួច​បន្លំ​សន្លឹកឆ្នោត​ដូច​លួច​គោ និង​លួច​ក្របី ដែលជា​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​នោះទេ​។ ជាពិសេស ការ​ចោទប្រកាន់​របស់​លោក សុន ឆ័យ មិនមែន​ជា​ការបញ្ចេញ​មតិ​នោះទេ​។ លោក​ថ្លែងថា​៖ «​អត់​មាន​ភ័ស្តុតាង​អី ចេះតែ​ចោទ បើ​បណ្តែត​បណ្តោយ វា​នឹង​នាំឱ្យ​មាន​អំពើ​អនាធិបតេយ្យ​ខាង​នយោបាយ​។ យើង​ត្រូវតែ​ធ្វើតាម​ផ្លូវច្បាប់ ដើម្បី​រក​យុត្តិធម៌​ឱ្យ​ប្រជាជន​មើលឃើញ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រកួត​ប្រជែង​ដោយស្មោះ​ត្រង់ អត់​មាន​ទៅ​ឃុបឃិត​អ្នកណា ដើម្បី​កេង​បន្លំ​យក​សន្លឹកឆ្នោត​ទេ​»​។

លោក សោម សូរីដា អ្នកនាំពាក្យ និង​ក៏​ជា​អ្នកតំណាង​ដើមបណ្តឹង​របស់ គជប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៤ ខែកក្កដា ថា លោក​ក៏​ទទួលបាន​ដីកា​កោះហៅ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ហើយ​លោក​ និង​លោក ឌឹម សុវណ្ណារុំ សមាជិក គជប និង​ជា​តំណាង គជប និង​មេធាវី​នឹង​ចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​ ១១​ ខែកក្កដា ពាក់ព័ន្ធ​នឹង​ការប្តឹង​លើ​ឈ្មោះ សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី ​៧ ខែមិថុនា ក្នុង​កម្មវិធី​កិច្ចសម្ភាស​ជាមួយ​សារព័ត៌មាន The Cambodia Daily​។

ឆ្លើយតប​ទៅនឹង​លោក ជូង ជូងី និង លោក សុន ឆ័យ លោក​ សោម សូរីដា បញ្ជាក់ថា ការប្តឹង​លោក​ សុន ឆ័យ ​នេះ ព្រោះ​បុគ្គល​នេះ​បាន​ដើរ​ហួស​បន្ទាត់​ក្រហម​។ បើ​លោក សុន ឆ័យ មើលឃើញ​ពី​ភាពមិន​ប្រក្រតី​ណាមួយ​អាច​ដាក់​ពាក្យបណ្តឹង​តាម​យន្តការ​របស់ គជប ដើម្បី​ធ្វើការ​ដោះស្រាយ ប៉ុន្តែ​លោក សុន ឆ័យ មិន​បាន​ប្រើប្រាស់​យន្តការ​នេះ​នោះទេ ដោយ​គាត់​បាន​ប្រើប្រាស់​វោហារសាស្ត្រ​បរិហារកេរ្តិ៍​ និង​ចោទប្រកាន់ គជប ទៅវិញ​។ លោក​ថ្លែងថា​៖ «​ការចោទប្រកាន់​ស្ថាប័ន គជប ជា​ចោរ មិនមែន​ស្ថិត​នៅក្នុង​ច្បាប់​បោះឆ្នោត​ទេ ពីព្រោះ​ស្ថាប័ន​នេះ គឺជា​ស្ថាប័ន​ជាតិ និង​ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា ហើយ​រដ្ឋសភា​ក៏​ជ្រើសរើស​តាំង​ដោយ​ឆន្ទៈ​ពលរដ្ឋ​។ អ៊ីចឹង មើលងាយ​ស្ថាប័ន គជប គឺ​ស្មើនឹង​ប្រមាថ​ឆន្ទៈ​រាស្ត្រ​»​។

គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​ ១៤ មិថុនា បានដាក់​ពាក្យ​ប្តឹង​លោក សុន ឆ័យ ដោយ​ចោទប្រកាន់​ថា បំភ្លៃ​ការពិត ចំពោះ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ដោយ​ស្នើ​សុំឱ្យ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤ ​ពាន់​លាន​រៀល​ ឬ​ស្មើនឹង​ ១ ​លាន​ដុល្លារ​។

បន្ទាប់មក នៅ​ថ្ងៃទី​ ១៧ មិថុនា គជប ក៏បាន​ដាក់ពាក្យ​ប្តឹង​លោក​ សុន ឆ័យ ​ទៅ​តុលាការ​ផងដែរ​ដោយ​ស្នើឱ្យ​តុលាការ​ដាក់ទោស​លោក​ សុន ឆ័យ ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​ ៣០៥​ នៃ​ក្រមព្រហ្មទណ្ឌ​។ បន្ថែម​ពីនេះ គជប ស្នើ​ដល់​តុលាការ​ត្រូវ​ឱ្យ​លោក សុន ឆ័យ សុំទោស គជប ជា​លាយលក្ខណ៍អក្សរ និង​ជា​សាធារណៈ​៕