ភ្នំពេញៈ ដោយមាន​ការគាំទ្រ​ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក អ្នក​​ដឹកនាំ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន​ ១០​ នាក់ មកពី​អគ្គនាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សាកល​​វិទ្យាល័យ និង​វិទ្យាស្ថាន​នានា​នៃ​ប្រទេស​​កម្ពុជា ថ្មីៗ​នេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​នៃ​អ្នកដឹកនាំ​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក ​(International Visitors Leadership Program-IVLP) ​នៅ​រដ្ឋ​ចំនួន​៣​របស់​សហរដ្ឋអាមេរិក​។​


​អ្នកដឹកនាំ​ទាំងនេះ រួមមានសាកល​​វិទ្យា​ធិ​ការនៃ​សាកលវិទ្យាល័យ និង​នាយក​វិទ្យាស្ថាន​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន​ ៩ ​នាក់ ដែលជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សាកលវិទ្យាធិការ​កម្ពុ​ជា​ព្រមទាំង​មន្ត្រី​​ជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​ ១​ នាក់​។ គម្រោង​នេះ​មាន​រយៈពេល​ជាង​ ១០​ ថ្ងៃ ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ​១៩ មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ​១ ​កក្កដា​។​

​គម្រោង​នេះ​មាន​គោលបំណង​ដើម្បី​ទទួលបាន​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​ប្រព័ន្ធ​អប់រំ​របស់​សហរដ្ឋ​អា​​មេ​រិ​កនៅ​កម្រិត​សហព័ន្ធរដ្ឋ និង​មូលដ្ឋាន និង​ពិនិត្យមើល​តួនាទី​របស់​សាកល​​វិទ្យាល័យ​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ នវានុវត្តន៍ និង​របៀបរបប​ដែល​សហ​​គម​ន៍ និង​ឧស្សាហ​កម្មសិក្សា​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​។​

​គម្រោង​នេះ​ក៏មាន​គោលបំណង​ដើម្បី​ទទួលបាន​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​សាកលវិទ្យាល័យ ភាពជា​អ្នកដឹកនាំ និង​របៀប​បង្កើត​ការងារ​សម្រាប់​និស្សិត និង​ទាក់ទាញ​មនុស្ស​ឱ្យ​កាន់តែច្រើន​ក្នុង អាជីព​ការងារ​ស្វែងយល់​ពី​តួនាទី​របស់ សហគមន៍​ក្នុងការ​អភិវឌ្ឍ​សាលារៀន និង​ស្វែងយល់​ពី​របៀប​ដែល​សហរដ្ឋ​​អាមេរិក​បង្រៀន និង​គាំទ្រ​កម្មវិធីសិក្សា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​អ្នកដឹកនាំ​ទាំង​ ១០​ រូបនេះ បាន​ជួប​ជាមួយ​សម​​ភាគី​ជំនាញ និង​ធ្វើ​ទស្សនកិច្ច​នៅ​ស្ថាប័ន​​ជំនាញ​របស់​សហរដ្ឋ​អាមេរិក ព្រមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​វប្បធម៌ និង​ជួប​ជាមួយ​ជនជាតិ​អាមេរិក​ផងដែរ​។​


​កម្មវិធី IVLP ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ ​១៩៥២ ដែលជា​កម្មវិធី​ផ្លាស់ប្តូរ​ប្រកបដោយ​វិជ្ជាជីវៈ​ឈានមុខ​គេ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់​សហរដ្ឋអាមេរិក អ្នកដឹកនាំ​បរទេស​បច្ចុប្បន្ន និង​លេចធ្លោ​ក្នុង​វិស័យ​ជាច្រើន​ទទួលបាន​បទពិសោធ​ពី​សហ​រដ្ឋ​អាមេរិកដោយផ្ទាល់ និង​ការបណ្តុះ​ទំនាក់ទំនង​យូរអង្វែង ជាមួយ​សម​ភាគី​អាមេរិក​របស់ខ្លួន​។

​ដំណើរ​ទស្សនកិច្ច​នេះ បានចាប់ផ្តើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ (Washington D.C.) ក្រោម​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ទូទៅ នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​​សហព័ន្ធ​របស់​សហរ​ដ្ឋ​អាមេរិក ទិដ្ឋភាព​ទូទៅ​នៃ​ការទទួលស្គាល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ការអប់រំ​នៅ​សហរដ្ឋអាមេរិក និង​និ​ន្នា​ការ​ក្នុងការ​គ្រប់គ្រង​សាកលវិទ្យាល័យ និង​ភាពជា​អ្នកដឹកនាំ​។ ប្រធានបទ​នីមួយៗ​ត្រូវបាន​ពិភាក្សា​ដោយ​វាគ្មិន​នានា​មកពី​សាកលវិទ្យាល័យ George Mason សាកលវិទ្យាល័យ George Washington ក្រុមប្រឹក្សា​ទទួលស្គាល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ក្រសួងការបរទេស​​សហរដ្ឋអាមេរិក​។​

​លោក​ ធន់ វ​ឌ្ឍ​នា នាយក​វិទ្យាស្ថាន​​ជាតិ​កសិកម្ម​ព្រែកលៀប ដែល​បាន​​ចូលរួម​កម្មវិធី​នេះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បទពិសោធ​ដែល​ទទួលបាន គឺមាន​ ៣ ​ចំណុច​សំខាន់​ដែល​រួមមាន ទី​១ ​ប្រព័ន្ធគ្រប់គ្រង​របស់​រដ្ឋាភិបាល​សហព័ន្ធ ទី​២ ការពិនិត្យ​មើល​គុណភាព​អប់រំ​​ឧ​ត្ត​មសិ​ក្សា និង​ទី​៣ ផ្នែក​រដ្ឋបាល និង​ផ្នែក​ដឹកនាំ​សាកលវិទ្យាល័យ​។​

​កម្មវិធី​ទស្សនកិច្ច​បន្ទាប់ គឺ​ធ្វើ​នៅ​ទីក្រុង Raleigh រដ្ឋ North Carolina ក្រោម​ប្រធានបទ​ទាក់ទង​នឹង​កម្មវិធី​​ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​សាកល​​វិទ្យាល័យ​ស្រាវជ្រាវ​សាធារណៈ នៅ​រដ្ឋ North Carolina ប្រព័ន្ធ​សាកល​​វិទ្យាល័យ​សាធារណៈ តួនាទី​របស់​មហាវិទ្យាល័យ​សហគមន៍​ក្នុងការ​គាំទ្រ​និស្សិត​ក្រៅ​ប្រព័ន្ធ​អប់រំ​ទូទៅ​ (Non-traditional student) ការផ្តល់​មូលនិធិ របស់​រដ្ឋ ការគាំទ្រ និង​កំណែទម្រង់​ក្នុងការ​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ ប្រធានបទ​ទាំងនេះ​ត្រូវបាន​ពិភាក្សា ដោយ​វាគ្មិន​មកពី​មហាវិទ្យាល័យ​សហគមន៍ Wake សាកលវិទ្យាល័យ North Carolina នៅ​ទីក្រុង ​Raleigh និង​ការិយាល័យ​​នីតិបញ្ញត្តិ​នៃ​រដ្ឋ North Carolina​។​

​លោក​ ធន់ វ​ឌ្ឍ​នា ដែលជា​ប្រធាន​ក្រុម​​ប្រឹក្សា​សាកលវិទ្យាធិការ​កម្ពុជាបញ្ជាក់ថា​៖ «​យើង​បានទទួល​បទពិសោធ​ទាក់ទង​នឹង​ការសិក្សា​ស្រាវជ្រាវ​នៅ​សាកល​វិទ្យា​​ល័យ ហើយ​និង​កម្មវិធី​នវានុវត្តន៍​ផ្សេងៗ ដែល​សាកលវិទ្យាល័យ​បង្កើត​មាននៅ​ទីនោះ ចំណុច​ទី​១​។ ចំណុច​ទី​២ យើង​ពិនិត្យមើល​ប្រព័ន្ធ​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​។ ទី​៣ គឺ​យើង​មើល​ពី​តួនាទី​របស់​សាកលវិទ្យាល័យ​សហគម​ន៍​។ សាកល​​វិទ្យាល័យ​មួយចំនួន គឺ​បង្កើតឡើង ដោយ​សហគមន៍​នៅតាម​រដ្ឋ​នីមួយៗ​»​។​

​លោក​ថា សាកលវិទ្យាល័យ​សហគម​ន៍​ទាំងអស់នេះ គឺ​ភាគច្រើន​ជួយ​បណ្តុះ​​បណ្តាល​និស្សិត​ក្រៅ​ប្រព័ន្ធ​អប់រំ​ទូទៅ​ដែលជា​មនុស្ស​វ័យ​ចំណាស់ ដែល​មិនបាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ ហើយ​បាន​ចូលរៀន​នៅ​សាកល​វិទ្យា​​ល័យ​សហគមន៍​នេះ ក៏ប៉ុន្តែ​ក៏មាន​និស្សិត ក្មេងៗ​ចូលរៀន​នៅ​សាកល​​វិទ្យាល័យ​សហគមន៍​ផងដែរ​។​

​លោក​ ធន់ វ​ឌ្ឍ​នា ថ្លែងថា​៖ «​ចំណុច​ទី​៤ ចុងក្រោយ ដែល​យើង​រៀន​នៅ North Carolina ហ្នឹង គឺ​និយាយ​ពី​ថវិកា ការគាំទ្រ និង​ការធ្វើកំណែទម្រង់​នៅក្នុង​គ្រឹះស្ថាន​​ឧ​ត្ត​ម​សិក្សា​ហ្នឹង ដែល​ការគាំទ្រ​ថវិកា​ទាំងអស់​ហ្នឹង គឺ​បាន​ពី​កញ្ចប់​ថវិកា របស់​រដ្ឋ​ដែល​ជួយ​ទៅ​ឧ​ត្ត​ម​សិក្សា​ហ្នឹង​»​។​

​ចំណែក​កម្មវិធី​បំពេញ​ទស្សនកិច្ច​ចុងក្រោយ គឺ​ធ្វើ​នៅ​ទីក្រុង Boulder រដ្ឋ Colorado ក្រោម​ប្រធានបទ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​សាកលវិទ្យាល័យ​ស្រាវជ្រាវ​សាធារណៈ នៅ​រដ្ឋ Colorado ការរក​ការងារ​សម្រាប់​និស្សិត កម្មវិធី​សហគ្រិន ការអប់រំ និង​បញ្ហា​សង្គម​បច្ចុប្បន្ន​។ កម្មវិធី​ទស្សនកិច្ច​នេះ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ Colorado នៅ​ទីក្រុង​ Boulder​។​

​លោក​វ​ឌ្ឍ​នា​បញ្ជាក់ថា​៖ «​ដូច​នៅ North Carolina ដែរ យើង​បាន​ពិនិត្យមើល​ការសិក្សា​ស្រាវជ្រាវ​ពី​នវានុវត្តន៍​ផ្សេងៗ​នៅតាម​សាកលវិទ្យាល័យ​ហ្នឹង អាហ្នឹង​ទី​១ ហើយ​ទី​២ ​យើង​ពិនិត្យមើល​បទពិសោធ​ពាក់ព័ន្ធ​នឹង​ការរក​ការងារ​ធ្វើ​របស់​និស្សិត​។ ទី​៣ ​ពិនិត្យមើល​ទៅលើ​សហគ្រិន​ភាព មានន័យថា​ ធ្វើ​ម៉េច​ឱ្យ​និស្សិត​ហ្នឹង​បាន​យល់​អំពី​ការងារ​សហគ្រិនភាព​ក្នុងពេលដែល​គាត់​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ្នឹង​។ ចុងក្រោយ​គឺ​ផ្សារភ្ជាប់​បញ្ហា​ផ្សេងៗ​ក្នុងសង្គម​ហ្នឹង​ជាមួយនឹង​ការអប់រំ​ហ្នឹង​»​។​

​លោក​ ហោ ប៉េង សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក និង​ដោះដូរ​គំនិត​គ្នា​ជាមួយ​សម​ភាគី​អាមេរិក​។ កម្មវិធី​នេះ​គឺជា​ការកសាង​សមត្ថភាព ភាពជា​អ្នកដឹកនាំ​មួយ​ផងដែរ ក្នុងការ​ថ្លឹងថ្លែង​ពី​របៀប​រៀបចំ​សាកល​​វិទ្យាល័យ​នៅ​អាមេរិក ព្រមទាំង​អាចធ្វើឱ្យ លោក​យល់ដឹង​ពី​ប្រព័ន្ធ​អប់រំ​នៅ​អាមេរិក និង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «[​ទស្សនកិច្ច​នេះ​]​ អាចឱ្យ យើង​កសាង​នូវ​កិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ និង​សាកលវិទ្យាល័យ និង​បង្កើត​នូវ​ទំនាក់ទំនង ​(Networking) ជា​បុគ្គល​ក្តី ​[​និង​] ​ជាមួយ​ថ្នាក់ដឹកនាំ​សា​​កល​វិទ្យាល័យ​នៅ​អាមេរិក​ផងដែរ​។ យើង​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​បាន​ច្រើន ហើយក៏​ធ្វើឱ្យ​យើង​មានគំនិត​ថ្មីៗ​ ដើម្បី​រៀបចំ​សាកលវិទ្យាល័យ​ទៅខាង​មុខ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ផងដែរ​»៕