ភ្នំពេញៈ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​លើកឡើង​ថា ទោះបីជា​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរបេង​ដោយ​បាន​កាត់បន្ថយ​អត្រា​កើត​ជំងឺរបេង​ជាង ២៥% ចន្លោះ​ពី​ឆ្នាំ​ ២០១៥ ​ដល់ ​២០២០ ​ក៏ដោយ​ក៏​នៅតែមាន​ករណី​ជំងឺរបេង​កើតមាន​រហូត​លើសពី​ ៤៥ ០០០ ​ករណី​ក្នុង​ ១​ ឆ្នាំ ដែល​ក្នុងនោះ ២២% មាន​អាយុ​ក្រោម ១៤ ​ឆ្នាំ​។


វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៤ ខែកក្កដា ស្តីពី​គម្រោង​ស្រាវជ្រាវ​ល្បឿន​ជំងឺរបេង ​(TB-Speed Research Project) ដែល​នឹងត្រូវ​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់ជាតិ​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​គម្រោង​នេះ​រយៈពេល​ ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៥ និង​ទី​ ៦ ខែកក្កដា​។

គម្រោង​ស្រាវជ្រាវ​នេះ​មាន​គោលបំណង​កាត់បន្ថយ​ការស្លាប់​របស់​ជំងឺរបេង ចំពោះ​កុមារ ដោយ​ការកែលម្អ​ការធ្វើ​រោគវិនិច្ឆ័យ ដែល​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចន្លោះ​ឆ្នាំ ២០១៧ ​និង ២០២២ នៅក្នុង​ប្រទេស​ដែល​មាន​ធនធាន​មាន​​កម្រិត​ចំនួន ៧ ​ដែលមាន​អត្រា​កើត​ជំងឺរបេង​ខ្ពស់​។ ប្រទេស​ទាំង​ ៧​ នោះ​រួមមាន កម្ពុជា កាមេរូន កូតឌីវ័រ ម៉ូហ្សំប៊ិក សៀរ៉ាឡេអូន អ៊ូហ្គង់ដា និង​ហ្សំប៊ី​។

គម្រោង TB-Speed Research នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ Unitaid, Initiative-Expertise France និង ANRS/​ជំងឺឆ្លង ដែល​កំពុង​កើតមាន​។ នៅ​កម្ពុជា សន្និសីទ​ថ្នាក់ជាតិ សម្រាប់​ការស្តារ​លទ្ធផល​គម្រោង​នឹង​ប្រមូលផ្តុំ​ដៃគូ​គម្រោង អ្នក​ពាក់ព័ន្ធ​សំខាន់ៗ សមាជិក​គណៈកម្មាធិការ​វិទ្យាសាស្ត្រ TB-Speed តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) តួអង្គ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរបេង​រួមជាមួយ​នឹង​ក្រុម​នៃ​កម្មវិធី​ជាតិ​ជំងឺរបេង​កម្ពុជា​ផងដែរ​។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញ​ថា​៖ «​ជំងឺរបេង​ប៉ះពាល់​ដល់​​មនុស្ស​ប្រហែល​ ១០​ លាន​នាក់ ក្នុង​ ១ ​ឆ្នាំ នៅ​ទូទាំង​ពិភពលោក​ក្នុងនោះ​មាន​កុមារ​ចំនួន​ ១​ លាន​នាក់​។ មិន​ដល់​ពាក់កណ្តាល​នៃ​ករណី​ជំងឺរបេង កុមារ​ទាំងអស់​ត្រូវ​បាន​រាយការណ៍​ទៅ​អង្គការ​សុខភាព​ពិភពលោក ដោយសារ​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺរបេង​ចំពោះ​កុមារ​គឺមាន​ការពិបាក​»​។ ប្រភព​ដដែល​បាន​បន្តថា ជា​រៀងរាល់​ឆ្នាំ កុមារ​ប្រមាណ ២៥០ ០០០ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ស្លាប់​ដោយសារ​ជំងឺរបេង ហើយ​ក្នុងនោះ​ភាគច្រើន​នៃ​ការស្លាប់​ទាំងនេះ​កើតឡើង​ចំពោះ​កុមារ​ដែល​មិន​បានទទួល​ការព្យាបាល ដោយសារ​ពួកគេ​មិន​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​។


វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បញ្ជាក់ថា៖ «​ទោះបីជា​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរបេង​ដោយ​កាត់បន្ថយ​អត្រា​កើត​ជំងឺរបេង​ជាង ២៥% ចន្លោះ​ពី​ឆ្នាំ ២០១៥ ដល់​ ២០២០ ក៏ដោយ​ក៏​នៅតែមាន​ករណី​ជំងឺរបេង​លើសពី ៤៥ ០០០ ករណី​ក្នុង ​១​ ឆ្នាំ ដែល​ក្នុងនោះ ២២% មាន​អាយុ​ក្រោម ១៤ ឆ្នាំ​»​។

លោក​វេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់សិន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មវិធី​នេះ​ផ្តោតលើ​កុមារ​ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​ជាការ​សាកល្បង​នៅក្នុង​តំបន់​មួយចំនួន ដោយ​មិនមែន​ផ្តោត​នៅ​ទូទាំង​ប្រទេស​នោះឡើយ​។ គម្រោង​សាកល្បង​នេះ​ត្រូវបាន​ធ្វើតេស្ត​ទៅលើ​លាមក​ និង​ បូម​សំណាក​តាម​រន្ធច្រមុះ ​របស់​កុមារ ដែល​ខុសពី​កម្មវិធី​ជាតិ​របស់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​ និង​ហង់សិន ដែល​ធ្វើតេស្ត និង​ស្រាវជ្រាវ​តាម​ការយក​កំហាក​របស់​អ្នកជំងឺ​។

លោក​បន្ត​ថា៖ «​នេះ​ជា​កម្មវិធី​មួយ​ដែល​គេ​ធ្វើការ​ស្រាវជ្រាវ​សាកល្បង ហើយ​ប្រសិនបើ​ការស្រាវជ្រាវ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ គេ​នឹង​ធ្វើការ​ពង្រីក​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​»​។

ទាក់ទង​នឹង​ស្ថានភាព​នៃ​ជំងឺរបេង​ក្នុង​ប្រទេស​កម្ពុជា លោក​វេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រាប់ថា ដោយសារ​តែ​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​កូវីដ​ ១៩ រយៈពេល​ ២ ​ឆ្នាំ​បាន​ធ្វើឱ្យ​មាន​បញ្ហា​មួយចំនួនធំ​ផងដែរ​ទាក់ទង​នឹង​ការស្រាវជ្រាវ​រក​ជំងឺរបេង​តាម​គោលដៅ ហើយ​ជំងឺរបេង​ក៏មាន​ការកើនឡើង​វិញ​ផងដែរ​។

លោក​ប្រាប់ថា​៖ «​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ​ធូរស្រាល យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ឡើងវិញ ឃើញ​មាន​តំបន់​មួយចំនួន​មាន​ការកើនឡើង​ដោយសារ​កូវីដ​បាន​ធ្វើឱ្យ​ជំងឺរបេង​មាន​ផលប៉ះពាល់ ដោយសារ​វា​ឆ្លងតាម​ផ្លូវដង្ហើម​ដូចគ្នា និង​មក​សួត​ដូចគ្នា ប៉ុន្តែ​ករណី​កើត​លើ​កុមារ​តិចជាង​មនុស្ស​ធំ ដែល​ជា​មធ្យម​រកឃើញ​ប្រមាណ​ជា​ ៦​ ពាន់​នាក់​ក្នុង​ ១ ​ឆ្នាំៗ​»​។

សម្រាប់​ឆ្នាំ​ ២០២១ ​កន្លងទៅនេះ ករណី​ជំងឺរបេង​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង ៣២ ០០០ នាក់ ហើយ​ក្នុង​រយៈពេល​ ៦ ​ខែ​ឆ្នាំ​ ២០២២ ​នេះ​មាន​ប្រមាណ​ជា ១៥ ០០០ នាក់​។

បើ​យោងតាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ក្នុង​បរិបទ​នេះ​គម្រោង TB-Speed មាន​គោលបំណង​ចូលរួមចំណែក កាត់បន្ថយ​អត្រា​មរណៈ​របស់​កុមារ ដោយ​ការបង្កើន​ចំនួន​កុមារ ដែល​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺរបេង និង​ត្រូវបាន​ព្យាបាល ដោយ​ធ្វើការ​លើ​ផ្នែក​ស្រាវជ្រាវ​សំខាន់ៗ​ចំនួន ​២​។ ក្នុងនោះ​មាន​វិមជ្ឈការ​នៃ​វិធីសាស្ត្រ​វិនិច្ឆ័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៃ​ជំងឺរបេង​នៅ​មន្ទីរពេទ្យ​ស្រុក និង​កម្រិត មណ្ឌល​សុខភាព​បឋម និង​ការកែលម្អ​ការធ្វើ​រោគវិនិច្ឆ័យ​លើ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត ពោលគឺ កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ឬ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។

គម្រោង​នេះ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ ៥​ លើក​ក្នុង​ចំណោម​កុមារ​ដែលមាន​ការសង្ស័យ​ថា មាន​ជំងឺរបេង​។ ការ​ស្រាវជ្រាវ​នេះ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព វិនិច្ឆ័យ​ជំងឺរបេង កុមារ​នៅក្នុង​​មន្ទីរពេទ្យ​បង្អែក​ចំនួន​ ១៦ មន្ទីរពេទ្យ​ស្រុក​ចំនួន ១២ និង​មណ្ឌល​សុខភាព​បឋម​ចំនួន​ ៤៨ តាមរយៈ​ការបណ្តុះបណ្តាល​បុគ្គលិក ការដំឡើង​ម៉ាស៊ីន GeneXpert សម្រាប់​ការវិភាគ​ម៉ូលេគុល​នៃ​ជំងឺរបេង ការដាក់​ពង្រាយ​ឧបករណ៍​ និង​សម្ភារ​សម្រាប់​ការប្រមូលផ្តុំ​គំរូ​ជំនួស​៕