ភ្នំពេញៈ «ក្នុង​ជីវិត​ដែល​កំពុង​រស់​នៅ​ក្នុង​សម័យបច្ចេកវិទ្យា រស់​នៅក្នុង​សភាព​តានតឹង និង​រស់នៅ​ក្នុង​ភាព​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​រស់​នាពេល​បច្ចុប្បន្ន​នេះ មនុស្ស​យើង​មិនអាច​ខ្វះ​សមាធិ​បាន​ទេ ដែល​ម្នាក់ៗ​គួរ​តែ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់តែ​ ១០ នា​ទីប៉ុណ្ណោះ ក្នុង ១ ​ថ្ងៃ​សម្រាប់​ធ្វើសមាធិ»។ នេះជាការ​ថ្លែង​របស់​សាស្រ្តា​ចារ្យ​នៃពុទ្ធិក​សក​លវិទ្យា​ល័យ​ព្រះ​សីហនុ​រាជ​លោក ប្រាក់ សម្ផស្ស​។


​តើ​សមា​ធិ​ជាអ្វី? សមាធិ​ គឺជាការ​តម្កល់​ចិត្ត​ឱ្យនឹង​នៅក្នុង​រឿងមួ​យ ​ឬ​ជា​ការ​តម្កល់​ចិត្ត​ឱ្យ​នឹង​ក្នុង​អារម្មណ៍​មួយ។​ដោយ​សារ​​ចិត្ត​របស់​មនុស្ស​នេះ ជា​សភាវ​មួយ​ដែល​មិន​ចេះ​នៅ​ស្ងៀម​ ជាសភាវ​ដែលចេះ​តែ​សន្សំ​នូវរឿង​ ហើយចិ​ត្ត​មិន​ដែលទំនេរ​នោះ​ទេ សូម្បី​តែ​ពេល​ដេក​ហើយ ​ក៏ចិត្ត​នៅ​តែមិន​ទាន់​ស្ងប់​ទៀត។ នេះ​ជាការ​ឱ្យនិយម​ន័យ​ដោយ ព្រះ​មហា​វិមល​ធម្ម សិរី​សុវណ្ណោ ពិន សែម ជា​ឧត្តម​ទីប្រឹ​ក្សា គ​ណៈសង្ឃ​នាយក​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជាព្រះ​គ្រូចៅ​អធិការ​វត្ត​រាជ​បូណ៌​ ក្នុង​ខេត្ត​សៀម​រាប​។​

ព្រះអង្គ​មាន​ថេរដីកា​ថា៖ «ការ​ធ្វើ​សមាធិ​ គឺជា​ការរៀន​តម្កល់​ចិត្ត​ឱ្យ​ស្ងប់ ហើយ​សមាធិនេះ​ជាកម្ម​វិធី ជា​មេរៀន​មួយ​សម្រាប់​ពុទ្ធសា​សនា ពុទ្ធ​បរិស័ទ និង​សម្រាប់​មនុស្ស​ទូទៅ នៅ​លើ​សកល​លោក​ទាំង​មូល​»។


បើ​តាម​លោក ប្រាក់ សម្ជស្ស ការ​ធ្វើ​សមាធិ មាន​សារសំខាន់​ណាស់ ​សម្រាប់​មនុស្ស​ម្នាក់ៗ ​ដោយ​សារ​វា​ជួយឱ្យ​មាន​ការ​ផ្ចង់​អារម្មណ៍​មូល​ ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​មូល​ ធ្វើ​ការ​ងារអ្វី​បាន​ជោគ​ជ័យ​ ​ធ្វើ​ឱ្យ​ចិត្តស្ងប់​មិន​ឃ្លីង​ឃ្លោង​ទៅតាម​អារម្មណ៍​ផ្សេងៗ​ ដែល​កើត​ឡើង​នៅក្នុង​ខណៈ​ដែល​កំពុង​ធ្វើ​អ្វីមួយ​នោះ ហើ​យ​និង​ការ​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ ឬស្រ្តេស​ដោយ​វា​ជួយ​បន្សុត​នូវ​ជាតិ​ពុល​ ដែល​ជាភាព​សៅហ្មង​នៅ​ក្នុង​ចិត្ត​ចេ​ញ​។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «ខ្លឹម​សារ​គោល​សំខាន់ ​របស់​សមាធិ​ គឺការ​ឱ្យ​ចេះរស់​នៅក្នុង​ពេល​បច្ចុប្បន្ន។ អ៊ីចឹង​តម្លៃដែល​ព្រះ​ពុទ្ធ​ឱ្យ​តម្លៃខ្លាំង​ គឺការរស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ កុំឱ្យ​រស់នៅ​ក្នុង​អតីត និងកុំ​រស់​នៅ​ក្នុង​ពេល​អនា​គត ប៉ុន្តែរស់​នៅក្នុង​ពេល​ច្ចុប្បន្ន​ ព្រោះ​បើ​​យើង​រស់ក្នុង​អតីត យើង​នឹង​ជួប​បញ្ហា​ វិបត្តិ​ស្មុគ​ស្មាញ​ច្រើន​»។


លោក​ នួន ថោង សាស្រ្តា​ចារ្យ​ផ្នែក​ទស្សន​វិជ្ជា​ នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ និង​ជា​គ្រូ​ដឹក​នាំ​សមាធិ​ប្រចាំនៅ​ភូមិ​រំដួល ក៏​បាន​ប្រាប់ឱ្យ​ដឹង​ដែរ​ថា ​​សមាធិ​ផ្តល់នូវ​គុណ​សម្បត្តិ​ច្រើន ​សម្រាប់​អ្នក​អនុវត្ត​ដោយ​ធ្វើ​ឱ្យ​​ទាំង​ផ្លូវកាយ​ និងផ្លូវ​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ។​

​​លោក​បាន​ថ្លែងថា៖ «​​មនុស្ស​គ្រប់​រូប គួរតែ​ហាត់​រៀន​ធ្វើ​សមាធិ​ជាបណ្តើរៗ​ ហើយ​ជាប្រចាំ​ផង​ដែរ ដោយ​ចំណាយ​ពេល​តែ ​៤​ ទៅ ៥ ​នាទី​ ឬ ១០​ នាទី​ក្នុង​មួយ​ថ្ងៃ​​សម្រាប់ធ្វើ​សមាធិ។ ខ្ញុំគិត​ថា​ មិន​ខាត​ពេល​អីនោះទេ​ តែវា​នឹង​បង្កើន​នូវ​ថាមពល​ផ្លូវ​ចិត្ត​របស់​យើង​ឱ្យ​ស្ងប់​​»។

សាស្រ្តា​ចារ្យរូ​ប​នេះ ​ចង់ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ធ្វើសមា​ធិ​ ដោយ​សារ​សមា​ធិ ក៏ជា​ធម្ម​ឱស​ថមួយ​ផងដែ​រដែល​ជា​ឱសថ​ផ្នែក​ខាង​ព្រះធម៌ ហើយ​ឱសថ​នេះ​ វិសេស​វិសាល​ណាស់ ​ធ្វើ​ឱ្យ​មនុស្ស​មានសុខ​ភាពល្អ​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​ពិត​ប្រាក​ដ។

ទាក់ទង​នឹង​ចំណុច​នេះ​ដែរ លោក ប្រាក់ សម្ជស្ស បាន​លើក​ឡើង​ថា រឿង​ពីរ​ដែល​មនុស្ស​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណើរ​ជីវិត ទី១ គឺសមាធិ​ ដែល​ជួយ​ហ្វឹក​ហាត់​ផ្លូវ​ចិត្ត​ឱ្យ​ស្ងប់ និង​ទី២​ គឺការ​ហាត់​ប្រាណ​ធ្វើឱ្យ​​រាងកាយ​រឹងមាំ។

លោកបាន​បញ្ជាក់​ថា៖ «ទស្សនៈ​ខ្ញុំផ្ទាល់ ដំណើរ​ជីវិត​របស់​យើង ​គឺត្រូវ​ការ​សមាធិ​ជាចាំ​បាច់ ហើយ​យើង​អាច​ចាត់​ទុកថា​ សមាធិ​ជាឱស​ថ​រក្សា​និង​ព្យាបាលផ្លូវ​ចិត្ត​មួយ​ដ៏សំខាន់​ ហើយ​ការធ្វើ​សមាធិ​នេះ​ មិន​កំណត់​អាយុ​ឬ​វ័យ​នោះ​ទេ។ គ្រប់​វ័យ​ទាំង​អស់​អា​ចធ្វើ​ឬរៀន​ធ្វើ​សមាធិនេះ​បាន​»។

អ្នក​ស្រី បុប្ផា ​(ជាឈ្មោះ​អ្នកនិពន្ធ​ដាក់ឱ្យ) ដែល​ស្ទើរតែបាត់​បង់​ជីវិត​ចោលកូន​របស់​នាង​ ដែល​ទើប​តែមាន​អាយុ ​៣ ឆ្នាំ ដោ​យសារតែវិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ​​រហូត​នាង​បាន​សម្រេច​បញ្ចប់​រឿងរ៉ាវ​គ្រប់យ៉ាង ​ដោយ​ការ​​បញ្ចប់ជីវិត​របស់​ខ្លួន​ឯង ប៉ុន្តែ​ជាសំណាង​ល្អ​ ជីវិត​នាង​ត្រូវ​បាន​សង្រ្គោះដោយ​សារសំឡេង​​ទូរស័ព្ទ​រោទិ៍​ដាស់​នាង​​ឱ្យ​ភ្ញាក់​ពី​ការប៉ុនប៉ង​សម្លាប់​ខ្លួននេះ។

បុបា្ផ បាន​ប្រាប់​ថា នាង​ដឹង​ថា ពេ​លមនុស្ស​មាន​វិបត្តិ​ផ្លូវ​ចិត្ត វិធី​ដែល​ល្អបំផុត​ គឺការ​ប្រឹក្សា​យោបល់​ជា​មួយអ្នក​ជំ​នាញ​ឬ​នរណា​ម្នាក់​ដែល​ទុក​ចិត្ត ដើម្បី​និយាយ​ពីរឿង​ទុក្ខ​លំបាក​របស់​ខ្លួន​ចេញ​មក​ក្រៅ។​

នាង​បាន​បន្ត​ថា៖ «តែ​ខ្ញុំ​មិន​បាន​ជ្រើស​រើស​វិធី​នោះ​ទេ ព្រោះ​ខ្ញុំ​ខ្មាស់​គេ និង​យល់​ថា គ្មាន​អ្នកទុក​ចិត្តបាន​។ ទីបំ​ផុ​ត​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​យក​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ការ​តាំង​ចិត្ត​ឱ្យ​ស្ងប់​ដោយការ​ធ្វើ​សមាធិ ​ដែល​ជម្រើស​នេះ​ពិ​ត​ជាពិបាក​បំផុត​ នៅ​ពេល​ដែល​មនុស្ស​ម្នា​ក់ធ្លាក់​ទឹក​ចិត្ត​ តែ​នៅ​តែបន្ត​តាំង​ចិត្ត​ឱ្យរឹ​ង​មាំ»។

ពេល​មាន​វិបត្តិក្នុង​គ្រួសារ រឿ​ង​ដែល​ខ្មាស់គេ​បំផុត​ គឺគ្រួសារ​បាន​ចោទ​បុប្ផាថា​ នាង​មានសា​ហាយ​ជាសាធារ​ណៈ​ និង​​ប្រាប់​គ្រប់​មិត្ត​ភ័ក្តិ​ជិត​ស្និទ្ធ​របស់​នាង​ផង​ដែរ​​។ ​ឪពុក​នាង​ មិនជឿ​សំដី​នាង​ ហើយ​បែរ​ជា​ចោទ​កូន​ខ្លួន​ឯង​ថា​ មាន​សាហាយ​ដែរ ទាំង​ដែល​គាត់​មិន​បាន​សួរ​កូន​ស្រី​ខ្លួន​ឯង​ សូម្បី​តែ​ ​១​ ម៉ាត់។

ស្រ្តី​រូបនេះ​បាន​ប្រាប់ថា នាងមិនដែល​គិត​ថា ការធ្វើ​ចិត្ត​ឱ្យ​ស្ងប់ ដោយការធ្វើសមាធិ ការ​ស្តាប់​ព្រះធម៌ គឺជា​ថ្នាំ​ព្យា​បា​លដ៏​ស័ក្តសិទ្ធសម្រាប់​ជំងឺ​ដ៏​អាក្រក់​មួយនេះរបស់​នាង​ឡើយ ប៉ុន្តែ​នាង​បែរជា​ជាសះស្បើយ ​និង​អាច​ងាកមករ​កជីវិត​ល្អ​ប្រសើរ​វិញ​ដូច​ធម្មតា​បាន ​ដោយ​ការ​​​ស្តាប់​ធម៌ និង​ធ្វើ​សមាធិ​នេះ។

បុប្ផា​និយាយ​ថា៖ «មិន​មែន​គ្រប់​អ្នក​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ អាច​ព្យាបាល​បានដោយ​ការ​ធ្វើ​សមាធិ​ឡើយ ប៉ុន្តែវា​ក៏ជា​ចំណែក​មួយ​ ដែល​ធ្វើ​ឱ្យ​យើង​មាន​អារម្ម​ណ៍ផ្លូវ​ចិត្ត​ធូរស្បើយ​បាន​មួយ​កម្រិត​ដែរ។ បូកផ្សំ​នឹង​ការធ្វើ​សមាធិ ខ្ញុំបាន​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួ​ន​រវល់​ និង​ចៀស​វាង​ការ​នៅ​តែ​ម្នាក់​ឯង​»​។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក ប្រាក់ សម្ជស្ស ក៏​បាន​លើក​ឡើង​ដែរ​ថា ក្នុង​កម្រិត​នៃការ​​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ឬ​ការ​ថប់​អា​រម្មណ៍​ អាចភ្ជាប់​ការ​ព្យាបាល​ដោយ​ការ​ប្រើវិធី​សាស្រ្ត​នៃ​ការធ្វើសមា​ធិនេះ​ អាច​ជួយ​ព្យា​បាល​បាន​មួយ​កម្រិត​ផង​ដែរ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ គឺទាម​ទារ​ឱ្យ​មាន​ការព្យា​បាល​ជាមួយ​នឹង​ពេទ្យ ឬ​ប្រើ​ប្រាស់​ថ្នាំ។

ស្រដៀង​គ្នា​នេះ​ដែរ លោក នួន ថោង ក៏​បាន​ប្រាប់ដែរ​ថា ​ប្រសិន​បើអ្នក​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​​ បាន​ព្យាបាល​ជាមួយ​នឹង​គ្រូពេ​ទ្យធូរ​ស្បើយ​ហើយ តែ​​​មិន​បាន​ប្រើថ្នាំ​ពេទ្យ​សម្រាប់​ជួយ​បន្តទេ​នោះ មួយរយៈ​ពេល​ក្រោយជំងឺនេះ​អាច​នឹង​លាប់​មក​វិញ​។ ប៉ុន្តែ​ប្រសិន​បើ​គាត់​ព្យាបាល​ជាហើយ ហើយ​បាន​អនុវត្ត​ការ​ធ្វើ​សមា​ធិជា​ប្រចាំ នោះ​ជំងឺនេះ​នឹង​មិន​លាប់​ឡើង​វិញ​ទេ​ ព្រោះ​សមា​ធិ​នេះ ជួយ​ខ្លាំង​ណាស់​ទៅ​ដល់​ផ្លូវ​ចិត្ត​។

​ចំណែក លោក​សាស្ដ្រាចារ្យ​វេជ្ជ​បណ្ឌិត យឹម សុបុត្រា ប្រធាន​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ដ និង​បំពាន​គ្រឿង​ញៀន​នៅ​មន្ទីរ​ពេទ្យ​មិត្ដ​ភាព​ខ្មែរ-សូវៀត​ ឯក​ទេស​វិកល​វិទ្យា បាន​ធ្វើ​ការ​ពន្យល់​ថា ជំងឺ​បាក់​ទឹក​ចិត្ត​ ត្រូវ​បាន​បែង​ចែក​ជា ៣ ​កម្រិត គឺ​កម្រិត​ស្រាល មធ្យម និង​កម្រិត​ធ្ងន់​ធ្ងរ។​ ការ​ព្យាបាល​អ្នកជំ​ងឺបាក់​ទឹក​ចិត្ត​​ មាន​របៀប​ព្យាបាល​​ចំនួន ​២ ​គឺ​ការ​ព្យាបាល​ដោយ​​ថ្នាំ និងការ​ព្យាបាល​ដោយ​មិនមាន​​ប្រើ​ថ្នាំ​។

លោក​បាន​បញ្ជាក់​ថា៖ «សម្រាប់​ការ​ព្យាបាល​ដោយ​មិន​ប្រើ​ថ្នាំ​ គឺ​យើង​ត្រូវ​ស្វែង​រក​ហេតុផល​ច្បាស់​លាស់ ហើយ​ធ្វើការ​ប្រឹក្សា​អប់រំ​ផ្លូវ​ចិត្ត​គាត់ គាំទ្រ​ផ្លូវ​ចិត្ត​គាត់ឱ្យ​បាន​ត្រឹម​ត្រូវ ដោយ​ក្នុង​នោះ​មានការ​ធ្វើ​សមាធិ​ហ្នឹង​ ក៏អាច​ចូល​រួម​ក្នុង​ការ​ព្យាបាល​បាន​ដែរ»។

លោក​ យឹម សុបុត្រា បាន​បន្ថែ​ម​ថា ការព្យាបា​ល​ដោយ​មិនប្រើ​ថ្នាំ​នេះ កម្រ​ឃើញ​​អ្នកជំងឺ​ដែល​មាន​បញ្ហា​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​នេះ​ ជាសះ​ស្បើយ​ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ​ណាស់ ដោយសារ​វាអាច​នឹង​រើឡើង​វិញ ឬអាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត ​ឬ​មនុស្ស​ឃាត​ផង​ដែ​រ​។

នៅពេល​ដែល​សួរ​ថា​ តើ​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​នេះ ​ព្យា​បាល​ត្រូវ​​ប្រើ​ថ្នាំ​ជាមុន​សិន​ ទើប​ប្រើវិធី​សាស្រ្ត​ការ​ធ្វើសមា​ធិ​ជាក្រោយ លោក​ យឹម សុបុត្រា​ បាន​​ប្រាប់​ថា ៖ «យើង​អាច​ធ្វើ​ទាំង​ព្រម​ ប្រសិន​បើអ្នក​នោះ​មាន​សភាព​ធ្ងន់​ធ្ងរ​គឺ​ត្រូវ​តែ​ទទួល​ការ​ព្យាបាល​ដោយ​សង្រ្គោះ​បន្ទា​ន់ដោយ​ការ​ប្រើ​ថ្នាំ​ជាដំបូង ហើយប​ន្ទាន់​មក​​អាច​ព្យាបាល​ដោយ​មិន​ប្រើថ្នាំ​នេះ»​។

អ្នក​ឯក​ទេស​វិកល​វិទ្យារូប​នេះ ក៏​បាន​ឯកភាព​ទៅលើ​ការ​អនុវត្ត​ការ​ធ្វើ​សមាធិ​ជាប្រចាំ​សម្រាប់​មនុស្ស​ទូទៅផងដែរ​ ដោ​យសារ​​​សមាធិ​ ជួយ​ឱ្យ​ផ្លូវ​ចិត្ត​យើង​តម្កល់​ឱ្យ​នឹង ហើយ​មិន​មាន​ការ​ទទួល​សម្ពាធ​ដែលជួប​ប្រទះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដោយ​បុគ្គល​នោះ​ ចេះ​ទទួល​យក​ការ​ពិត ចេះ​ប្រឈម ចេះ​ដោះ​ស្រាយ រួច​ហើយ​ចេះ​តម្កល់​ចិត្តឱ្យ​នឹង​ដើម្បី​កុំឱ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​ទទួល​សម្ពាធ​ច្រើន តាម​រយៈ​ការ​ធ្វើ «ស​មាធិ» នេះ​។​

ចំពោះ​កិច្ច​ប្រតិប​ត្តិនៃ​ការ​ធ្វើ​ស​មាធិ លោក នួង ថោង និយាយ​ថា​ វាមិន​មាន​ការ​លំបាក​នោះ​ទេ ដោ​យ​អ្នកនោះ​គ្រាន់តែ​យកសតិ​មក​ដាក់​នៅ​ចុង​ច្រមុះ​ ដើម្បី​ឱ្យ​ដឹង​ខ្យល់ដង្ហើមចូល​ ខ្យល់ដង្ហើមចេញ​ ដោយ​មិនមាន​ការ​បែង​ចែក​​​ទៅណា​ផ្សេង​នោះ​ទេ។​ ​

ពល​រដ្ឋ​រស់នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ លោក រស់ វិសាល ធ្លាប់​បាន​នាំ​កូន​ៗរបស់​លោក​ទៅ​ចូលរួម​ការធ្វើ​សមាធិ​នៅ​វត្ត​គល់​ទទឹង​ ជាមួយ​នឹង​ព្រះ​សង្ឃ​និង​ក្មេងៗ​ដទៃ​ទៀត​ជាច្រើន​ផងដែរ ​ដោយ​សារ​លោក​គិត​ថា​ ការ​ធ្វើ​សមាធិ​គឺ​វាជាវិធី​សាស្រ្ត​ល្អដែល​ជួយ​ឱ្យកូន​ៗ​របស់​លោក​​ចេះគ្រប់​គ្រង​អារម្មណ៍ គ្រប់គ្រង​ចិត្ត​បាន។

លោក​បាន​ប្រាប់​ថា៖ «យើ​ងគួរ​តែ​រិះ​រក​មធ្យោ​បាយ​ ធ្វើ​យ៉ាង​ណា ដើ​ម្បី​អប់រំ​បណ្តុះ​បណ្តាល​កូន​របស់​យើង​តាំង​ពីតូច​ ដើម្បី​ដល់ធំ​គាត់​ចេះ​គិត ចេះ​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង​ថា អ្វីគួរ​ធ្វើ និង​អ្វីមិន​គួរ​ធ្វើ​ជាដើម។ អ៊ីចឹង អាណាព្យា​បាល ឬឪពុក​ម្តាយ ​គួរតែ​អប់រំ​កូន​ ភ្ជា​ប់ជាមួ​យ​នឹង​ការ​បង្រៀនកូន​ឱ្យ​ចេះ​ធ្វើ​​សមាធិ​ ចេះ​ស្យង់​អារម្មរណ៍នេះ​ផង​ដែរ​»៕