ភ្នំពេញៈ សហគ្រាសជលផល ចំនួន ១៧ ទទួលបានកញ្ចប់វិនិយោគ ពីកម្មវិធីគាំទ្រសហគ្រាសជលផលក្រោយប្រមូលផល (VCIS) ជំហានដំបូង ដែលសរុបថវិកាប្រមាណ ៥០ ម៉ឺនដុល្លារ ពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ប្រចាំនៅកម្ពុជា (UNIDO) ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប ដោយមានកិច្ចសហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីប្រគល់កញ្ចប់វិនិយោគនេះ ធ្វើឡើងក្រោមអធិបតីភាពលោក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម អង្គការ UNIDO និងអ្នកចូលរួមមកពីភាគីពាក់ព័ន្ធប្រមាណ ១០០ នាក់ កាលពីថ្ងៃទី ៥ ខែកក្កដា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា ថ្លែងក្នុងពិធីប្រគល់កញ្ចប់វិនិយោគនៃកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផលទាំង ១៧ នេះថា ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផល អង្គការ UNIDO នៅដំណាក់កាលដំបូងនេះ បានជួយគាំទ្រដល់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ៤០ សហគ្រាស តាមរយៈជំនួយបច្ចេកទេស វិភាគលើបញ្ហាអាជីវកម្ម និងការរៀបចំបង្កើតសំណើគម្រោងអាជីវកម្ម។
នៅក្នុងចំណោមសហគ្រាសទាំងនេះមានសហគ្រាស ចំនួន ១៧ ដែលត្រូវបានពិនិត្យ និងសម្រេចឱ្យ ទទួលបានការគាំទ្រវិនិយោគដោយគណៈកម្មការវិនិយោគចម្រុះដែលមានសមាសភាពពីអ្នកជំនាញនៅក្នុងគម្រោង និងអ្នកជំនាញឯករាជ្យតាមរយៈដំណើរការប្រកបដោយតម្លាភាព និងការចូលរួម។
លោកថ្លែងថា៖ «ថ្ងៃនេះយើងជួបជុំគ្នាដើម្បីអបអរសាទរដល់សហគ្រាសដែលត្រូវជ្រើសរើសនៅជុំទី១ សម្រាប់អនុវត្តសកម្មភាពជាក់ស្តែង ដែលបានលើកឡើងនៅក្នុងសំណើអាជីវកម្មរបស់ពួកគេ»។
លោក ណារិន បានឱ្យដឹងថា តាមរយៈកញ្ចប់វិនិយោគពីកម្មវិធីនេះ សហគ្រាសទាំងនេះ នឹងទទួលបានការគាំទ្រ លើការបណ្តុះបណ្តាលគ្រប់គ្រងអាជីវកម្ម និងសម្ភារបរិក្ខារបម្រើឱ្យការកែច្នៃផលិតផលជលផល។ ពួកគេក៏នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមអំពីសុវត្ថិភាពចំណីអាហារ និងការអនុលោមតាមលក្ខខណ្ឌនៃស្តង់ដា និមិត្តសញ្ញាគុណភាពកម្ពុជា (CQS) ដើម្បីត្រៀមខ្លួនសម្រាប់សវនកម្មវិញ្ញាបនប័ត្រ CQS នៅចុងឆ្នាំ ២០២២។
លោកបន្តថា៖ «វិញ្ញាបនប័ត្រនេះអាចជាមុខមាត់ថ្មីសម្រាប់ផលិតផលជលផលកម្ពុជា ដែលមានគុណភាព និងសុវត្ថិភាព»។
បើតាមលោក ណារិន គណៈកម្មាធិការវិនិយោគចម្រុះ ក៏កំពុងពិនិត្យសំណើរបស់សហគ្រាសដែលនៅសេសសល់សម្រាប់ការជ្រើសរើសនៅជុំទី២ ផងដែរ។ លោកបញ្ជាក់ថា ជាទិសដៅ អង្គការ UNIDO គាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលនិងភាគីពាក់ពន្ធ័ទាំងអស់ក្នុងការនាំយកផលិតផលជលផលកម្ពុជា ចូលទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងទីផ្សារពិភពលោកផងដែរ។
លោក វេង សាខុន បានអបអរសាទរចំពោះសហគ្រាសទាំង ១៧ ដែលបានបំពេញទៅតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធី VCIS ដើម្បីទទួលបានការគាំទ្រផ្នែកឧបករណ៍សម្ភារ និងបច្ចេកទេស បម្រើដល់ដំណើរការផលិតកម្មផលជលផលក្រោយប្រមូលផល និងអនុលោមតាមគោលការណ៍សុវត្ថិភាពចំណីអាហារ។ លោកបញ្ជាក់ថា កញ្ជប់វិនិយោគដែលប្រគល់ជូនសហគ្រាសទាំង ១៧ នាថ្ងៃនេះ មានទឹកប្រាក់សរុបប្រមាណ ៥០ ម៉ឺនដុល្លារ ដោយមិនរាប់បញ្ចូលការគាំទ្រផ្នែកបច្ចេកទេស។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សហគ្រាសទាំងនេះ នឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពចំណីអាហារកម្ពុជាដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ រួមទាំងទីផ្សារនៃសហភាពអឺរ៉ុប»។
លោក សាខុន បញ្ជាក់ថា ក្រសួងកសិកម្មបានគាំទ្រពេញទំហឹងចំពោះរដ្ឋបាលជលផលក្នុងការរៀបចំនូវអាជ្ញាធរមានសមត្ថកិច្ចពេញលេញមួយ ដែលអាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាហារថ្នាក់តំបន់ និងអន្តរជាតិ។
លោកថ្លែងថា៖ «គោលដៅបន្ទាប់ដ៏សំខាន់របស់យើង គឺពង្រឹងសមត្ថភាពរបស់អជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលជលផល រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពអាហារ និងឧបករណ៍បញ្ញត្តិនានា ដើម្បីបំពេញតាមតម្រូវការនៃការនាំចេញផលិតផលជលផលទៅកាន់សហគមន៍អឺរ៉ុប ដែលតាមការរំពឹងទុក យើងនឹងធ្វើឱ្យបាននៅដំណាច់ឆ្នាំ ២០២៤»។
បើតាមអង្គការ UNIDO សហគ្រាសជលផល ចំនួន ១៧ ដែលទទួលបានកញ្ចប់វិនិយោគនេះរួមមាន សហគ្រាសផលិតទឹកត្រីចំនួន ៤ ស្ថិតនៅរាជធានីភ្នំពេញ ខេត្ដតាកែវ ខេត្ដកណ្ដាល និងខេត្ដកំពត។ សហគ្រាសផលិតផលិតផលត្រីក្រៀម ចំនួន ៨ នៅភ្នំពេញ ១ សៀមរាប ៣ បាត់ដំបង ១ កំពង់ធំ ២ និងកំពងចាម ១។
ក្រៅពីនេះមានសហគ្រាសផលិតម្សៅត្រី ត្រីឆ្អើ បង្គាក្រៀម និងគ្រុំចំពុះទា ចំនួន ៥ សហគ្រាសទៀត ស្ថិតនៅខេត្ដព្រះសីហនុ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងខេត្ដកោះកុង។
អង្គការUNIDO បានឱ្យដឹងតាមរយៈលទ្ធផលអង្កេតរបស់គម្រោងនាពេលថ្មីៗនេះថា តួអង្គភាគច្រើននៅក្នុងចង្វាក់តម្លៃជលផលគឺជាអាជីវកម្មខ្នាតមីក្រូ និងតូច ដែលមានលក្ខណៈគ្រួសារ និងមិនទាន់បានចុះបញ្ជីត្រឹមត្រូវ។
ជាង ៨៥% នៃសហគ្រាសទាំងអស់ ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប និងបណ្តាខេត្តនៅតាមតំបន់ឆ្នេរសមុទ្រ។
សហគ្រាសទាំងនេះផលិតផលិតផលជលផលជាច្រើនប្រភេទនៅក្នុងលក្ខខណ្ឌអនាម័យមានកម្រិតពុំសូវមានតម្លៃបន្ថែមខ្វះពិពិធកម្មផលិតផល ហើយការប្រកួតប្រជែងទីផ្សារនៅមានកម្រិតទាបនៅឡើយ។
អ្នកស្រី លឹម ប៊ុន្នី ម្ចាស់សិប្បកម្មត្រី ធឿន ស្រីនី នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានប្រាប់ថា អ្នកស្រីបានបង្កើតសិប្បកម្មកែច្នៃផលិតផលត្រីក្រៀមនេះជាង ១០ ឆ្នាំមកហើយ សម្រាប់លក់នៅក្នុងសហគមន៍ ក្នុងខេត្ដ និងលក់មកទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ។
អ្នកស្រីប្រាប់ថា៖ «សិប្បកម្មរបស់ខ្ញុំនេះ យើងមានជាត្រីងៀត ជាផ្អក និងជាប្រហុក ប៉ុន្ដែយើងផ្តោតសំខាន់ជាងលើការផលិតត្រីងៀត ក្នុងនោះមាន ត្រីចំនួន ៤ មុខ គឺត្រីរស់ ត្រីឆ្ដោ ត្រីអណ្ដែង និងត្រីប្រា។ ត្រីទាំងនេះ យើងប្រមូលទិញពីប្រជាពលរដ្ឋដែលបានចិញ្ចឹមនៅក្នុងស្រុកជើងព្រៃផ្ទាល់តែម្ដង»។
អ្នកស្រីបានឱ្យដឹងថា តាមរយៈកញ្ចប់វិនិយោគ សហគ្រាសនីមួយៗ នឹងទទួលបានសម្ភារដូចជាម៉ាស៊ីនសូឡាសម្រាប់សម្ងួតត្រីងៀត ទូទឹកកក និងសម្ភារមួយចំនួនទៀត សម្រាប់ប្រើប្រាស់នៅក្នុងសហគ្រាសសរុបជាថវិកាប្រមាណ ២៥ ០០០ ដុល្លារអាមេរិក៕