ការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំនេះ នឹងធ្វើក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ខេត្តបាត់ដំបង ដោយដាំកូនឈើជាង ១ ម៉ឺន ៣ ពាន់ដើម
បាត់ដំបងៈ ពិធីប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២២ នេះ ថ្នាក់ជាតិ នឹងធ្វើឡើងក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយដាំកូនឈើសរុបចំនួន ១៣ ១០០ ដើម លើផ្ទៃដី ១០ ហិកតា ខណៈបណ្តារាជធានី-ខេត្តផ្សេងៗ ត្រូវបានណែនាំឱ្យប្រារព្ធពិធីរុក្ខទិវា ដោយមានទីតាំង អ្នកចូលរួម និងចំនួនកូនឈើតាមជាក់ស្តែង។ នេះបើតាមលោកសួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៦ ខែកក្កដា។
លោក សួន សុវណ្ណ ប្រាប់ថា ពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តបាត់ដំបងនេះ នឹងធ្វើឡើង ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កូនឈើដែលត្រូវដាំ រួមមានធ្នង់ ៤ ០០០ ដើម គ្រញូង ២ ២០០ ដើម ច្រេស ១ ៥០០ ដើម ឈើទាល ១៤០ ដើម ម៉ៃសាក់ ៦០០ ដើម គីនីន ២ ០០០ ដើម និងប្រេងខ្យល់ ២ ៦៦០ ដើម។
លោកប្រាប់ថា ការដាំកូនឈើនេះ មិនមែនធ្វើឡើងដើម្បីតែអបអរសាទរ រុក្ខទិវា ៩ កក្កដា នោះទេ ក៏ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើតគម្របព្រៃឈើ និងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។ ជាមួយគ្នានោះ លោកក៏បានស្នើសុំឱ្យបញ្ឈប់គ្រប់សកម្មភាពកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។
លោកថ្លែងថា៖ «យើងធ្វើម៉េចរក្សាការពារឱ្យបាននូវធនធានព្រៃឈើសម្រាប់កូនចៅយើងជំនាន់នេះ និងជំនាន់ក្រោយៗទៀត ហើយក៏សូមបងប្អូនទាំងអស់ចូលរួមដាំដើមឈើគ្រប់ប្រភេទ គ្រប់រូបភាព ជាលក្ខណៈគ្រួសារ នៅតាមដងផ្លូវជាតិ ប្រឡាយ ភូមិឋាននានា ភ្លឺស្រែ ចម្ការ លំនៅឋាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ទីសាធារណៈ ដើម្បីរួមចំណែករក្សាលំនឹងធម្មជាតិ»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ឱ្យដឹងនៅថ្ងៃទី ៦ កក្កដាថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំសម្អាតទីកន្លែងរួចរាល់ហើយសម្រាប់ត្រៀមរៀបចំពិធីរុក្ខទិវា ៩ កក្កដា។ លោកថា ការដាំកូនឈើនេះ ធ្វើឡើងដើម្បីជានិមិត្តរូបបង្ហាញ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យចេះស្រឡាញ់ការពារព្រៃឈើ បរិស្ថាន ដោយកំណត់ចំនួនអ្នកចូលរួមប្រមាណជាង ២ ០០០ នាក់។
នៅថ្ងៃជាមួយគ្នានោះដែរ លោក ប៉ែន លីណាត អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តក្រចេះឱ្យដឹងដែរថា រដ្ឋបាលខេត្តក្រចេះ ក៏បានធ្វើការដាំកូនឈើចំនួន ១ ០០០ ដើម ដើម្បីអបអររុក្ខទិវាផងដែរ។ ការដាំកូនឈើទាំងនោះ ធ្វើឡើងនៅថ្ងៃទី ៥ កក្កដា នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ក្នុងគោលបំណងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមដាំកូនឈើ និងថែរក្សាការពារធនធានធម្មជាតិព្រៃឈើ។
លោកថ្លែងថា៖ «ខេត្តក្រចេះតាំងពីមានការដាំមក យើងដាំបានជាង ២០ ម៉ឺនដើម ហើយដើមឈើដែលដាំកន្លងមកលូតលាស់បានល្អ។ យើងមានការថែទាំពីផ្នែកជំនាញ ក៏ដូចជា អាជ្ញាធរ។ ទោះបីមានការងាប់ខ្លះ ប៉ុន្តែផ្នែកជំនាញបានធ្វើការជួសជុល ដាំកន្លែងណាដែលងាប់ យើងដាំជួសវាឡើងវិញ»។
លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៦ កក្កដា ថាមន្ទីរបានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដាំកូនឈើទាលចំនួន៥ ៥០០ដើម កាលពីថ្ងៃទី៥ ខែកក្កដា នៅលើផ្ទៃដី៥ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលជាទីតាំងព្រៃរេចរិល និងធ្លាប់រងការគំរាមកំហែង បង្កឡើងដោយជនខិលខូចលួចដុតទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផងដែរ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ឱ្យដឹងដែរថា ក្នុងការអបអរ រុក្ខទិវា ៩ កក្កដា សម្រាប់ខេត្តស្ទឹងត្រែងបានដាំដើមឈើចំនួន ១ ០៨០ ដើម។ ក្នុងឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តបានកំណត់យកទីតាំងនៅបរិវេណរមណីយដ្ឋានសហគមន៍ព្រៃភ្នំឈ្ងោក ក្នុងភូមិសាស្រ្តភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើ។
លោកបញ្ជាក់ថា ដើមឈើទាំងនោះរួមមានដើមគ្រញូងចំនួន ៥០០ ដើម បេងចំនួន ១៨០ ដើម ក្ងោកចំនួន ៣០០ ដើម និងស្វាយកែវរមៀតចំនួន ១០០ ដើម សរុបទាំងអស់ចំនួន ១ ០៨០ ដើម។ ដោយឡែក ខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋចំនួន ៥ ០០០ ដើម ដើម្បីធ្វើការដាំដុះផងដែរ៕