ភ្នំពេញៈ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ៦ ខែកក្កដា បាន​ថ្លែង​ជា​សាធារណៈ ទៅកាន់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​និយម​លេងក្នុង​បណ្ដាញ​សង្គម ​Tik Tok ដោយ​សុំឱ្យ​កែប្រែ​កិរិយាមារយាទ ដែល​បាន​ប្រើ​សម្ដី​និង​កាយវិការ អាសអាភាស ដែល​ប្រាសចាក​ពី​ប្រពៃណី ​និង​វប្បធម៌​ខ្មែរ​។​


លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយនឹង​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ថា​៖ «​ខ្ញុំ​សង្កេតឃើញថា ក្មួយៗ​ស្ត្រីៗ​ខ្មែរ​មួយចំនួន​ដូចជា​អាសអាភាស​ពេក ដោយ​ចេញមក​គឺ​ចម្អេះចំអាស​តែម្តង​។ អ៊ីចឹ​ង​ទេ ខ្ញុំ​សុំ​អង្វរករ​ឱ្យ​គោរព​និង​រក្សា​ប្រពៃណី​របស់ខ្លួន​។ សូម​អង្វរករ ចំពោះ​នាងៗ ក្មួយៗ​ជានា​រី ដោយពេល​ខ្លះ និយាយ​ត្រង់ៗ​តែម្ដង​នូវ​ពាក្យ​អាសអាភាស និង​ចម្អេះចំអាស ដែល​មិនគួរ​ឲ្យ​មាន ក្នុងនាម​ខ្លួន​ជា​ស្ដ្រី​ខ្មែរ​»​។​

លោក ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​និង​អ្នកជំនាញ ទស្សនវិជ្ជា​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​ក៏បាន​សង្កេតឃើញ​ដូច​លោកនាយក​រដ្ឋមន្ត្រី​ដែរ ដោយ​ស្ត្រី​មួយចំនួន​បានធ្វើ​នូវទង្វើ​មិន​សមរម្យ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​។​

លោកថ្លែងថា​៖ «​នៅពេលដែល​យើង​រស់នៅ​ក្នុងសង្គម​មួយ គឺ​យើង​មានតម្លៃ​រួម​របស់​សង្គម ដែល​វា​ចង​ដោយ​និយាម​សង្គម​ឬ​ច្បាប់សង្គម ហើយ​នៅពេលដែល​យើង​និយាយ​ពី​ច្បាប់សង្គម​ គឺ​យើង​សំដៅ​ទៅលើ​សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ឬ​វប្បធម៌​របស់​យើង ហើយ​ក្រៅពី​សង្គម​គឺ យើង​រស់នៅ​ដោយមាន​ច្បាប់​រដ្ឋ​ផងដែរ​»​។​

លោក ឈ​ត ប៊ុន​ថង បាន​បញ្ជាក់ថា អ្នក​ដែល​រស់នៅ​ក្នុងសង្គម​មួយ​ត្រូវ​រួមគ្នា​រក្សា​នូវ​តម្លៃ​ជាតិ វប្បធម៌ ប្រពៃណី និង​សីលធម៌ ឬ​ច្បាប់​ដែល​បាន​ចង​ឬ​បានកំណត់​មក​។ លោក ថា មនុស្ស​ទាំងអស់គ្នា​ដែលជា​សមាជិក​សង្គម​ក្នុងប្រទេស​កម្ពុជា ឬ​ប្រទេស​ផ្សេងៗ​ក្តី ត្រូវតែ​យល់​ដឹងថា​ សព្វថ្ងៃនេះ​មាន​សង្គម​ចំនួន​ ២ ទី​១ ​គឺ​សង្គម​ជាក់ស្តែង និង​ទី​២ ជា​សង្គម​ឌីជីថល​ឬ​បណ្តាញ​សង្គម ដែល​ពិភពលោក​ទាំងមូល​អាច​មើលឃើញ​អ្វីដែល​អ្នកណា​មួយ​បានបង្ហាញ​។​


លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ​គួរតែ​បង្កើន​នូវ​ការអប់រំ ការពន្យល់ ការបកស្រាយ​និង​ការផ្សព្វផ្សាយ​បន្ថែមទៀត​នៅតាម​សាលារៀន និង​តាម​បណ្តាញ​សង្គម ជាពិសេស​ក្រសួង​អប់រំ ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាដើម​ដែល​ត្រូវបង្កើត​កម្មវិធី​អប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​ដើម្បី​លុប​ទៅលើ​អ្វីដែល​មិនល្អ​កើតឡើង​នោះ​។​ ​ការអប់រំ គឺជា​ចំណុច​សំខាន់​និង​ប្រសើរ​បំផុត ដែល​នឹង​ធ្វើឱ្យ​រូបភាព​ឬ​សកម្ម​ភាពមិន​ល្អ​ទាំងនោះ​សាបរលាប ប៉ុន្តែ​ត្រូវមាន​ការអប់រំ​និរន្តរភាព​និង​ទូលំទូលាយ ហើយ​បើ​មិនមាន​ការអប់រំ​ទេ រឿង​នោះ​នឹង​នៅតែ​កើតមាន​ដដែល ហើយ​និង​បន្ត​កើតឡើង​ទៅមុខទៀត»​៕