សមត្ថកិច្ចខេត្តចំនួន ៣ ដុតគ្រឿងញៀនជិត ២០០ គីឡូ ដែលបង្ក្រាបបានរយៈពេល ៦ ខែ
ស្ទឹងត្រែង/រតនគិរីៈ គ្រឿងញៀនប្រមាណជិត ២០០ គីឡូក្រាម ដែលសមត្ថកិច្ចខេត្តស្ទឹងត្រែងរតនគិរី និងខេត្តមណ្ឌលគិរី ប្រមូលបានពីការបង្ក្រាបក្នុងរយៈពេល ៦ ខែឆ្នាំនេះ ត្រូវបានដុតកម្ទេចរួមគ្នានៅថ្ងៃទី ៦ កក្កដា នៅក្នុងខេត្តស្ទឹងត្រែង។
លោក ផៃ រស្មី ស្នងការរងនគរបាលខេត្តស្ទឹងត្រែងឱ្យដឹងនៅថ្ងៃទី ៦ កក្កដាថា អាជ្ញាធររួមនឹងតុលាការនៃខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បានរួមគ្នាធ្វើពិធីដុតបំផ្លាញចោលគ្រឿងញៀននៅថ្ងៃទី ៦ កក្កដា ឆ្នាំ២០២២។
ចំពោះគ្រឿងញៀនសរុបទាំង ៣ ខេត្តនេះ មានទម្ងន់ ១៧៩,៣៤ គីឡូក្រាម ជាប្រភេទម៉ាទឹកកក និងមេតំហ្វេតាម៉ីន ក្នុងនោះខេត្តស្ទឹងត្រែងមានចំនួន ១៧៨,៣៦ គីឡូក្រាម ខេត្តរតនគិរីចំនួន ៨៤៣,០៨ ក្រាម និងខេត្តមណ្ឌលគិរីចំនួន ១៣៥,៩៧ ក្រាម ។
លោកបានបន្តថា៖ «គ្រឿងញៀនដែលដុតបំផ្លាញចោលទាំងនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនៃខេត្តទាំង ៣ និងពីតុលាការ ជាពិសេសពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន»។
លោកបន្តថា ចំពោះគ្រឿងញៀនដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២២ នេះគឺជាការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ពីមន្ទីរប្រឆាំងគ្រឿងញៀននិងពីអាជ្ញាធរខេត្តនីមួយៗព្រមទាំងពីតុលាការនៃខេត្តទាំង៣ខាងលើផង។ ដោយឡែកនៅខេត្តស្ទឹងត្រែងបទល្មើសគ្រឿងញៀនឆ្លងដែនក្នុងមួយរយៈពេលខ្លីនេះហាក់មានសភាពស្ងប់ស្ងាត់បន្ដិច។
បើតាមលោក ផៃ រស្មី ពីធីដុតបំផ្លាញគ្រឿងញៀននេះមានការចូលរួមពីលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង រួមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
លោកបន្តទៀតថា ពិធីដុតបំផ្លាញគ្រឿងញៀននេះគឺជាយុទ្ធនាការលើកទី៧ ហើយក៏ជាកិច្ចសហការជាមួយជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តទាំង ៣ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌»។
ក្នុងពិធីនោះលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា បញ្ហាគ្រឿងញៀនបច្ចុប្បន្នមិនមានការថយចុះទេ ប៉ុន្ដែមានការកើនឡើងហើយបើចង់ឲ្យមានការថយចុះលុះត្រាយើងរួមគ្នាទប់ស្កាត់ រួមគ្នាបង្ក្រាប រួមគ្នាលុបបំបាត់ ។
លោកបន្តថា ក្នុងចំណោមខេត្តភូមិភាគឦសាន គឺខេត្តស្ទឹងត្រែហជាខេត្តមួយដែលបទល្មើសគ្រឿងញៀនច្រើនជាងគេដោយសារមានការចរាចរពីប្រទេសជិតខាង។ លោកថា កម្ពុជាជាប្រទេសឆ្លងកាត់គ្រឿងញៀនចេញទៅប្រទេសដទៃ។ កន្លងមកនេះក្រុមឧក្រិដ្ឋជនបានយកទីតាំងប្រទេសកម្ពុជា ដើម្បីផលិតគ្រឿងញៀនតាមរយៈរូបភាពនាំចូលសារធាតុផ្សំគ្រឿងញៀនម្តងបន្តិចៗមកប្រមូលផ្តុំបង្កើតជាទីតាំងផលិតថ្នាំញៀន តែត្រូវបានបង្ក្រាបទាន់ពេលវេលា៕