ក្រសួងយុត្តិធម៌ កំពុងរៀបចំសេចក្ដីព្រាងច្បាប់ និងលក្ខន្តិកៈក្នុងការគ្រប់គ្រងសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា
ភ្នំពេញៈ ក្នុងដំណើការកំណែទម្រង់ប្រព័ន្ធតុលាការដើម្បីផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព និងតម្លាភាពដល់ពលរដ្ឋ ក្រសួងយុត្តិធម៌ កំពុងរៀបចំសេចក្ដីព្រាងច្បាប់ និងលក្ខន្តិកៈក្នុងការគ្រប់គ្រងសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ខណៈវិជ្ជាជីវៈទាំង៣នេះ មិនទាន់មានច្បាប់គ្រប់គ្រងនៅឡើយ។ នេះបើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ៦ ខែកក្កដាថា ការរៀបចំច្បាប់ និងបញ្ញត្តិពាក់ព័ន្ធនឹងវិស័យយុត្ដិធម៌ ក្រសួងយុត្ដិធម៌ពិនិត្យឃើញថា នៅខ្វះគោលនយោបាយ និងច្បាប់ជាច្រើនដើម្បីទ្រទ្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
លោកបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ កំពុងតែរៀបចំ នឹងខិតខំសម្រេចឱ្យបាននូវសេចក្ដីព្រាងច្បាប់ នឹងលក្ខន្តិកៈពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈចំនួន ៣ សំខាន់ ក្នុងប្រព័ន្ធតុលាការដែលមិនទាន់មានច្បាប់គ្រប់គ្រង ក្នុងនោះមាន សារការី ក្រឡាបញ្ជី និងអាជ្ញាសាលា។
លោកបន្តថា៖ «អ៊ីចឹងទេបានជាក្រសួងយុត្តិធម៌ កំពុងតែធ្វើការងារនេះ ហើយក្រុមការងារបច្ចេកទេសរបស់ខ្ញុំកំពុងតែរៀបចំនូវសេចក្ដីព្រាងច្បាប់ និងលក្ខន្តិកៈស្ដីពី សារការី ក្រឡាបញ្ជី និងអាជ្ញាសាលានេះ ហើយយើងរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ ២០២២ នេះ»។
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី ៥ កក្កដា បានដឹកនាំកិច្ចប្រជុំក្រុមការងារ រៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលានេះ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ និងលក្ខន្តិកៈទាំងនេះ។
បើតាមលោក ជិន ម៉ាលីន មន្រ្ដីវិជ្ជាជីវៈនៅក្នុងប្រព័ន្ធយុត្តិធម៌រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី សារការី និងអាជ្ញាសាលា។ មន្រ្ដីវិជ្ជាជីវៈនីមួយៗគឺត្រូវមានច្បាប់គ្រប់គ្រងពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ច ការទទួលខុសត្រូវរួមទាំងការគ្រប់គ្រងលើវិជ្ជាជីវៈនីមួយៗ។
កន្លងមកក្នុងប្រព័ន្ធយុត្តិធម៌មានច្បាប់គ្រប់គ្រងវិជ្ជាជីវៈចំនួន ២ គឺព្រះរាជអាជ្ញា នឹងចៅក្រម ដែលហៅថា ច្បាប់និងលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ក្រោមកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ក្រសួងយុត្តិធម៌។ ក៏ប៉ុន្ដែវិជ្ជាជីវៈទាំង ៣ គឺក្រឡាបញ្ជី សារការី និងអាជ្ញាសាលានៅមិនទាន់មានច្បាប់គ្រប់គ្រងនៅឡើយ។
លោកបន្តថា៖ «ក្រសួងប្រើប្រាស់ក្រមនីតិវិធីរដ្ឋប្បវេណីក្នុងការគ្រប់គ្រងវិជ្ជាជីវៈទាំង៣នេះជារួម។ ប៉ុន្ដែវាត្រូវមានច្បាប់លក្ខន្តិកៈដាច់ដោយឡែកសម្រាប់គ្រប់គ្រងវិជ្ជាជីវៈនីមួយៗ។ អ៊ីចឹងបានជាកម្មវិធីកំណែទម្រង់យើងបន្តរៀបចំច្បាប់ដើម្បីគ្រប់គ្រងវិជ្ជាជីវៈ ក្រឡាបញ្ជី សារការី និងអាជ្ញាសាលានេះ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា ការបង្កើតសេចក្តីព្រាងច្បាប់ទាំង៣នេះ គឺមានសារៈសំខាន់ ព្រោះកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីលក្ខន្តិកៈ និងការគ្រប់គ្រងក្រឡាបញ្ជី អាជ្ញាសាលា និង សាការី នៅឡើយទេ។
លោកថ្លែងថា៖ «ស្ថាប័នទាំង ៣ នេះ គឺចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌យ៉ាងសំខាន់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន»។
ក៏ប៉ុន្តែលោក អំ សំអាត លើកឡើងថា ការធ្វើសេចក្តីព្រាងច្បាប់ទាំងនេះ គឺត្រូវការឱ្យមានការសិក្សាច្បាស់លាស់ ការប្រមូលធាតុផ្សំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ពិតប្រាកដ ដែលទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ»។
លោក ជិន ម៉ាលីន បញ្ជាក់ថា បច្ចុប្បន្នក្រសួងយុត្តិធម៌ កំពុងធ្វើការត្រួតពិនិត្យ និងវាយតម្លៃទៅលើប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ថា តើច្បាប់ខ្លះចេញមកហើយ ហេតុដូចម្ដេចទើបអនុវត្ដមិនកើត? ច្បាប់ខ្លះចេញមកហើយ ហេតុអ្វីអនុវត្ដបានតែពីដំបូង?
លោកបន្តថា តើបញ្ហាទាំងនោះ ដោយសារតែគុណភាព ខ្លឹមសារ ឬមួយដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋ ការយល់ដឹងរបស់សមត្ថកិច្ច មន្រ្ដីអនុវត្ដច្បាប់ ឬដោយសារតែខ្វះធនធានពេលធ្វើច្បាប់នោះមិនបានរៀបចំបម្រុងនូវធនធាន និងយន្តការនៃការគាំទ្រការអនុវត្ដច្បាប់ទាំងអស់នោះដើម្បីឱ្យមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «ដូច្នេះយើងកំពុងធ្វើការវាយតម្លៃ (Assessment and Review) ឡើងវិញ។ នេះជាទិសដៅទី១ ពាក់ព័ន្ធទៅនឹងការកែទម្រង់ច្បាប់»៕