ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ លោក​ ប្រាក់ សុខុន ​ជំរុញ​ដល់​បណ្តា​ប្រទេស​មេគង្គ​-ឡានឆាង ​ធ្វើការ​ឆ្លើយតប​រួមគ្នា​លើ​សុខភាព​សាធារណៈ​ ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច ​ក្រោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ​ដែលជា​វិបត្តិ​សុខភាព​សកល។


ប្រមុខ​ការទូត ​លោក ​ប្រាក់ សុខុន ​ថ្លែង​បែប​នេះ ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស ​នៃ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ​-ឡានឆាង​ (MLC) ​លើក​ទី៧ ​កាលពី​ថ្ងៃ​ទី ៣-៤​ ខែកក្កដា ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ក្រោម​មូលបទ​ «សាមគ្គីភាព​ដើម្បី​សន្តិភាព ​និង​វិបុលភាព»។ កិច្ចប្រជុំ​នេះ​ដឹកនាំ ​ដោយ​លោក ​វ៉ាង យី ​ទីប្រឹក្សា​រដ្ឋ ​និង​ជារដ្ឋមន្រ្តី​ការបរទេស​ចិន ​និង​លោក​ វុនណា ម៉ោង​ លី្វន ​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា ​ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​ឡាវ ​ថៃ ​និង​វៀតណាម។

លោក​ ប្រាក់ សុខុន ​លើកឡើង​ថា ​ស្ថិត​ចំពេល​នៃ​វិបត្តិ​សុខភាព​សកល​នៃ​ជំងឺ​កូវីដ ១៩ ​ប្រទេស​មេគង្គ​-ឡានឆាង ​បានពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺនេះ ​ដោយ​មាន​ការបង្កើត​ឱ្យ​មាន​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ​-ឡាន​ឆាង។


សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​ បញ្ជាក់​ នា​ថ្ងៃទី ៦ ​កក្កដា​ថា​៖ «ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​[ប្រាក់ សុខុន]​ បានចែក​រំលែក​នូវ​ទស្សនៈ​សំខាន់ៗ ​សម្រាប់​ដំណាក់កាល​បន្ទាប់ ​នៃ​ការអភិវឌ្ឍ។ ទី១ ​ប្រើប្រាស់​ក្របខ័ណ្ឌ ​MLC ​ឱ្យបាន​ពេញ​លេញ​ដើម្បី​ធ្វើជា​កាតាលីករ​វិជ្ជមាន​ក្នុង​ការការពារ​សន្តិភាព​និង​ស្ថិរភាព ​ដោយ​ឈរ​លើ​គោលការណ៍​ដ៏​រឹងមាំ​នៃ​ការព្រម​ព្រៀង​ជាឯកច្ឆន្ទ ​និង​ស្មើភាព​គ្នា។ ទី២ ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ​និង​ការឆ្លើយតប​រួមគ្នា​លើ​សុខភាព​សាធារណៈ ​ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច ​ក្រោយ​ជំងឺ​កូវីដ ១៩»។

លោក​ថែម​ទាំង​ជំរុញ​ដល់​ប្រទេស​ទាំងនោះ​ ធ្វើ​ឱ្យ​ស៊ីជម្រៅ ​នូវ​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ​ធនធាន​ទឹក​ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ដែល​ទាក់ទង​នឹង​ផលិតភាព​វិស័យ​កសិកម្ម ​និង​សន្តិសុខ​ស្បៀង។


លោក​ប្រមុខ​ការទូត ​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​មេគង្គ​-ឡាន​ឆាង ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​​មេគង្គ​-ឡានឆាង ​ដោយ​ធ្វើ​សហកម្ម​ជាមួយ​ច្រក​របៀង​ពាណិជ្ជកម្ម​ផ្លូវគោក​-ផ្លូវ​សមុទ្រ​អន្តរជាតិ​ថ្មី ​ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ដែល​កើត​ចេញ​ពី​កាលានុវត្តភាព​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ថ្មី ​ដែល​ហូរចេញ​ពី​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ ​(RCEP) ។

ចំពោះ​ទិសដៅ​អនាគត​របស់ ​MLC ​លោក ​ប្រាក់ សុខុន ​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ការអភិវឌ្ឍ​សកល ​និង​គំនិត​ផ្តួច​ផ្តើម​សន្តិសុខ​សកល ​ដោយ​លោក​អះអាងថា ​វា​នឹង​បំពេញ​បន្ថែម​ដល់​ការជំរុញ​សន្តិភាព ​និង​ស្ថិរភាព​នៅ​ក្នុង​អនុ​តំបន់។

ស្ថិត​ក្នង​កាលៈទេសៈ​នៃ​ការកើន​ឡើង​បញ្ហា​ប្រឈម ​ដែល​មិនធ្លាប់​មាន​ពី​មុន​មក ​រដ្ឋមន្ត្រី​ទាំងអស់​បានអះអាង​សាជាថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​សន្តិភាព ​ស្ថិរភាព ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​ក៏ដូចជា​ជំរុញ​ការធ្វើ​សហកម្ម​ រវាង ​MLC​ ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម​អន្តរជាតិ ​និង​តំបន់​ផ្សេង​ទៀត ​ដែល​រួមមាន​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ ​និង​ផ្លូវ ​គំនិត​ផ្តួច​ផ្តើម​ការអភិវឌ្ឍ​សកល ​និង​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «រដ្ឋមន្ត្រី​ទាំងអស់​បានសង្កត់​ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការពង្រឹង​សាមគ្គីភាព ​និង​កិច្ចសហ​ប្រតិបត្តិការ ​ដើម្បី​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​បញ្ហា​ប្រឈម​រួម ​សំដៅ​រួមគ្នា​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ជំរុញ​ការផ្លាស់ប្តូរ ​ទៅវិញ​ទៅមក ​រវាង​ប្រជាជន ​និង​ប្រជាជន ​និង​ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅតាម​បណ្តា​ប្រទេស​មេគង្គ​-ឡាន​ឆាង»។

រដ្ឋមន្ត្រី​ទាំងអស់​បានឯកភាព​គ្នា​លើ​ផែនការ​៥ឆ្នាំ ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ​-ឡាន​ឆាង ​ពី​ឆ្នាំ ២០២៣ ​ដល់​ឆ្នាំ ២០២៧ ​ដើម្បី​ដាក់​ជូន​កិច្ចប្រជុំ​កំពូល​កិច្ចសហ​ប្រតិការ​មេគង្គ​-ឡានឆាង ​លើក​ទី៤ ​អនុម័ត​នា​ពេល​ខាងមុខ ​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​កត្តា​សំខាន់ៗ ​ដែល​អំណោយ​ផល​ដល់​ភាពធន់​ផ្នែក​សេដ្ឋកិច្ច ​និង​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ ក្រោយ​ការរាត​ត្បាត​​នៃ​ជំងឺ​កូវីដ ១៩។

ចាប់​តាំងពី​ការបង្កើត​មូលនិធិ​ពិសេស ​MLC ​មូលនិធិ​នេះ​បានគាំទ្រ​គម្រោង​ជាង​៦00 ​លើ​វិស័យ​ធនធាន​ទឹក ​កសិកម្ម ​ទេស​ចរណ៍ ​ការអប់រំ ​ការកាត់​បន្ថយ​ភាពក្រីក្រ ​សុខាភិបាល ​និង​ការផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ​ដែលបាន​អនុវត្ត​ដោយ​ប្រទេស​មេគង្គ​-ឡាន​ឆាង​ទាំង ៦។

កិច្ចប្រជុំ​នេះ​បានអនុម័ត​ឯកសារ​ចំនួន​ ៥។ ទី១ ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស ​MLC ​លើក​ទី៧។ ទី២ ​គឺ​សេចក្តី​ប្រកាស​រួម ​ស្តីពី​ការធ្វើ​ឱ្យ​ស៊ីជម្រៅ​កិច្ចសហ​ប្រតិបត្តិការ​គយ ដើម្បី​ធានា​ពាណិជ្ជកម្ម ​និង​កិច្ចសម្រួល​នីតិវិធី​គយ​ ក្រោម​ក្របខ័ណ្ឌ ​MLC។ ទី៣ ​គឺ ​សេចក្តី​ប្រកាស​រួម​ស្តីពី​ការធ្វើ​ឱ្យ​ស៊ីជម្រៅ​កិច្ចសហ​ប្រតិបត្តិការ​កសិកម្ម ​និង​ការធានា​សន្តិសុខ​ស្បៀង ​ក្រោម​ក្របខ័ណ្ឌ ​MLC។

ឯកសារ​ទី៤ ​គឺ​សេចក្តី​ប្រកាស​រួម ​ស្តីពី​ការធ្វើ​ឱ្យ​ស៊ីជម្រៅ​កិច្ចសហ​ប្រតិបត្តិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ក្រោម​ក្របខ័ណ្ឌ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ​-ឡានឆាង ​MLC។ ចំណែក​ទី៥ ​គឺ​សេចក្តី​ប្រកាស​រួម​ស្តីពី​ការផ្លាស់ប្តូរ​ស៊ីជម្រៅ ​និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅមក ​ក្នុង​ចំណោម​អរិយធម៌ ​ក្រោម​ក្របខ័ណ្ឌ ​MLC។

លោក ​ថុង ម៉េងដាវិត ​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​ថ្លែងថា ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ​-ឡានឆាង​លើក​ទី៧​នេះ ​ទទួលបាន​លទ្ធផល​ជាផ្លែផ្កា ​ដោយ​រដ្ឋមន្រ្តី​នៃ​បណ្តា​ប្រទេស​ជាសមាជិក​សន្យាថា ​នឹង​ជួយ​គ្នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ​និង​ការស្តារ​សេដ្ឋកិច្ច​ ក្រោយ​វិបត្តិ​កូវីដ ១៩។

លោក​ថ្លែងថា​៖ «ស្រប​ពេល​ដែល​ការប្រកួត​ប្រជែង​មហាអំណាច​ក្នុង​តំបន់​កាន់តែ​ក្តៅគគុក ​និង​សម្ព័ន្ធ​យោធា​នានា​ កំពុងតែ​ធ្វើការ​កែទម្រង់ ​បានធ្វើ​ឱ្យ​សន្តិសុខ​តំបន់ ​និង​ពិភពលោក​កាន់តែ​មាន​ភាពស្រួចស្រាល់​បន្ថែម​ទៀត។ ដូច​នេះ​ហើយ​បានជា​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ ​គួរតែ​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​ឱ្យបាន​ល្អ ​ចៀសវាង​ការជ្រើសយក​សម្ព័ន្ធមិត្ត​ណា​មួយ​ដែលបង្ក​ឱ្យ​មាន​ការជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​និង​ការអភិវឌ្ឍ​ក្នុង​តំបន់»។

លោក​ ថុង ម៉េងដាវិត ​បន្ថែមថា ​កិច្ចសហ​ប្រតិបត្តិការ ​ក្នុង​តំបន់​បែប​ពហុភាគី ​និង​ការសន្ទនា​បែប​បើកចំហ ​គួរតែ​លើក​កម្ពស់​និង​ជំរុញ​បន្ថែម​ទៀត ​ដើម្បី​ជាគុណ​ប្រយោជន៍​តំបន់​ និង​ប្រជាជន ​តាមរយៈ​ការអភិវឌ្ឍ​រួមគ្នា​ប្រកប​ដោយ​ចរីភាព ​និង​បរិយាបន្ន៕