ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនបានលើកឡើងថា ប្រតិបត្តិករដោះមីន នៅទូទាំងប្រទេសចំនួនជាង ២ ៦០០ នាក់ ដែលក្នុងនោះមានប្រមាណជា ៥០% បានត្រៀមរួចជាស្រេចក្នុងការចូលរួម ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ លើផ្ទៃដីមានចម្ការមីនជាង ៧០០ គីឡូម៉ែត្រក្រឡា។
ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ អាជ្ញាធរមីនលោក លី ធុជ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ៧ ខែកក្កដា ថា មកដល់ពេលនេះថវិកាដែលទទួលបានពីការបរិច្ចាគពីសប្បុរសជននិងជនរួមជាតិបានរហូតជាង១៥លានដុល្លារអាមេរិកនិងជាង ១៩០ លានរៀល ក្នុងការចូលរួមក្នុងសកម្មភាពដោះមីននៅកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
លោក ថ្លែងថា៖ «កម្ពុជាមានមហិច្ឆតាកម្ចាត់មីនឱ្យអស់នៅឆ្នាំ ២០២៥ ហើយដែលយើងត្រូវរំដោះដីពីគ្រាប់មីនលើផ្ទៃដីចំនួន ៧១៦ គីឡូម៉ែត្រក្រឡា ដែលយើងត្រូវបញ្ចប់វា។ ការងារដោះមីនត្រូវបានសម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកជាការងារអាទិភាពក្នុងចំណោមការងារទាំងឡាយសម្រាប់ប្រទេសជាតិរបស់យើង»។
មកដល់ពេលនេះ ជាង ៣០ ឆ្នាំ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ២ ៦០០ គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់មីនប្រឆាំងរថក្រោះបានជាង២៦ ០០០គ្រាប់, មីនប្រឆាំងមនុស្សរកឃើញនិងបានកម្ទេចជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាង៣លានគ្រាប់ត្រូវបានរកឃើញនិងកម្ទេចចោល។
លោក លី ធុជ បានថ្លែងថា តំបន់នៅសេសសល់មានចំនួន ១៩៩១ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការដោះស្រាយដែលមានគ្រាប់មិនទាន់ផ្ទុះនៅពាសវាលពាសកាលដែលទំហំនៅសេសសល់នេះមានទាំងចម្ការមីន គ្រាប់បែកចង្កោម និងចម្ការសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត។
លោកបានថ្លែងថា ៖ «ប្រសិនបើយើងគិតតែមីន យើងនៅសល់ចម្ការមីនប្រមាណជា ៧១៦ គីឡូម៉ែត្រក្រឡាទៀត ដែលជាទំហំមួយធំណាស់និងច្រើនណាស់ ដែលយើងមានមហិច្ឆតាក្នុងការបញ្ចប់នៅឆ្នាំ ២០២៥ ដែលយើងបានខិតខំណាស់។ យើងមានមន្ត្រីបុគ្គលិកបោសសម្អាតមីនប្រមាណ ២ ៦០០ នាក់ ក្នុងនោះស្ត្រី ៥០% ហើយយើងក៏បានបាត់បង់អ្នកដោះមីនចំនួន ២០០ នាក់ផងដែរ ក្នុងការប្រតិបត្តិដោះមីននេះ»។
ជាមួយគ្នានេះដែរ លោកក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងការសម្រេចឱ្យបានគោលដៅឈានទៅរកកម្ពុជាគ្មានមីន ដែលបញ្ហាទី១គឺថវិកា។ ចម្ការមីន១ម៉ែត្រការ៉េ ដើម្បីបោសសម្អាតមីន ត្រូវការជាលុយរៀលពី ៨០០ រៀលទៅ ១ ០០០ រៀល ក្នុង ១ ម៉ែត្រការ៉េ។
លោក លី ធុជបានថ្លែងថា៖ «ផែនការចំពោះមុខនេះ យើងនឹងប្រើប្រាស់ថវិកាដែលបានមកពីសប្បុរជនទៅលើការបោសសម្អាតមីនឱ្យអស់ទៅលើខេត្តចំនួន៣នាពេលខាងមុខនេះ ដែលមានខេត្តត្បូងឃ្មុំខេត្តតាកែវ និងខេត្តកំពត»។
លោកក៏បានបញ្ជាក់ដែរថា នៅពេលខាងមុខនេះដែរ អាជ្ញាធរមីនក៏ត្រូវការនូវប្រតិបត្តិករក្នុងការជួយចូលរួមបោសសម្អាតមីននេះដែរ ក្នុងនោះក៏មានប្រតិបត្តិករបរទេស ឬមកពីក្រុមហ៊ុនឯកជន។ អាជ្ញាធរមីនក៏បានគិតទៅដល់ជំហានបន្ទាប់ផងដែគឺការដោះស្រាយគ្រាប់មីននៅក្នុងទឹកផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ៦ ខែកក្កដា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីបង្ហាញពីចលនាជាតិមួយដើម្បីសុវត្ថិភាពប្រជាជនដែលបានស្លាប់និងរបួសដោយសារមីន។
លោកថា៖ «វាជាចលនាមួយដើម្បីធ្វើឱ្យក្លាយជាចលនាជាតិមួយដើម្បីផ្តាច់ព្រ័ត្រនៃការគ្មានមីនក្នុងឆ្នាំ២០២៥ ដែលយើងនៅសល់តែ៣ឆ្នាំទៀតទេ ពេលវេលាមិននៅឆ្ងាយនោះទេ។ អាជ្ញាធរមីនត្រូវរៀបចំចំណុចទាំងនេះសម្រាប់ធ្វើការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាពនៃប្រទេសយើង»។
គួររំឭកថា ខេត្តចំនួន៣ហើយត្រូវបានប្រកាសជាខេត្តដែលអស់មីន ក្នុងនោះមាន ខេត្តកែប ខេត្តព្រៃវែង និងខេត្តស្ទឹងត្រែង ហើយកម្ពុជានៅសល់ ២២ រាជធានី-ខេត្តទៀត ដែលបន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត)៕