​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរ​ខួប ​៥ ​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​ ៨ ខែកក្កដា ដោយ​លោក​មានប្រសាសន៍ថា ប្រាសាទ​នេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​។​


​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី ៨ កក្កដា ២០១៧​។​

​លោក ហ៊ុន សែន សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃនេះ​ថា ការដាក់​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​ទាំងនេះ មិន​ត្រឹមតែ​ទទួល​បានការ​គាំពារ​ជា​អន្តរជាតិ​នោះទេ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​សម្បត្តិ​វប្បធម៌ និង​ប្រាសាទបុរាណ​របស់​ខ្មែរ​ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ​។


​លោក​បន្តថា​៖ «​ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​សូម​ចូលរួម​ថែរក្សា​ការពារ​ប្រាសាទបុរាណ​ទាំងអស់ នៅ​ទូទាំងប្រទេស​ឱ្យបាន​គង់វង្ស ដើម្បី​កូនចៅ​ខ្មែរ​គ្រប់ៗ​ជំនាន់​»៕​