​ភ្នំពេញៈ ប្រទេស​អូស្ត្រាលី​ បានប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ប្រភេទ Pfizer សម្រាប់​កុមារ​ចំនួន​ជិត ​២០ ​ម៉ឺន​ដូ​ស នៃ​ចំនួន​ដែល​បាន​សន្យា​ប្រគល់​សរុប ជាង​ ៤៨ ​ម៉ឺន​ដូ​ស​ដល់​កម្ពុជា​។​


​វ៉ាក់សាំង​នេះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ នៅថ្ងៃនេះ ព្រមទាំង​បាន​ប្រគល់ជូន​កម្ពុជា​រួចរាល់​ហើយ នៅក្នុង​ពិធី​ប្រគល់​-​ទទួល ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang​។​

​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃនេះ​ថា​៖ «​ប្រទេស​អូស្ត្រាលី បានប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ប្រភេទ Pfizer សម្រាប់​កុមារ ចំនួន ១៩៦ ៨០០ ​ដូ​ស នៃ​ចំនួន​ដែល​នឹង​ប្រគល់​សរុប ៤៨២ ៤០០ ​ដូ​ស ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​ ១៩»​។​


​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា មកដល់ពេលនេះ​ទាំង​ជំនួយ និង​ការបញ្ជាទិញ កម្ពុជា​រកបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ សរុប​ជិត ៥៣ ​លាន​ដូ​ស​។​

​ក្នុងនោះ​នៅសល់​ក្នុង​ឃ្លាំង​ប្រមាណ ​៨ ​លាន​ដូ​ស​។ កម្ពុជា​ក៏​នៅមាន​វ៉ាក់សាំង​សរុប​ប្រមាណ ២០​ លាន​ដូ​ស​ទៀត ដែលជា​ជំនួយ និង​ជា​ការបញ្ជាទិញ មិនទាន់បាន​ដឹក​មក​ប្រទេស​កម្ពុជា​ផងដែរ​៕​