ភ្នំពេញៈ កាកបាទ​ក្រហម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​ប្រគល់​ថវិកា​ចំនួន ២ លាន​ដុល្លារ​អាមេរិក ជូន​ដល់​អាជ្ញាធរ​មីន​នៅ​ថ្ងៃទី ៧ ខែ​កក្កដា ដើម្បី​ឆ្លើយតប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា ចូលរួម​ជា​ចលនាជាតិ​ឆ្ពោះ​ទៅ​រក​សូន្យគ្រាប់​មីន​នៅ​ឆ្នាំ ២០២៥ តាម​រយៈ «គម្រោង​សម្តេច​តេជោ សម្រាប់​សកម្មភាព​មីន»។


ពិធីចុះ​អនុស្សរណៈ និង​ប្រគល់-ទទួល​ថវិកា​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា ក្រោម​វត្តមាន​លោក​ស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទ​ក្រហម​កម្ពុជា និង​លោក​ទេសរដ្ឋ​មន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

លោកស្រី អ៊ុក ម៉ាលី បាន​ថ្លែង​ក្នុង​ឱកាស​ថា អាជ្ញាធរមីន​តែងតែ​ផ្តល់​ថវិកា​ជូន​កាកបាទ​ក្រហម​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ២០១៦ រៀង​មក សម្រាប់​អនុវត្ត​ការងារ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​មីន នៅ​តាម​ខេត្ត​គោលដៅចំ​នួន ៤។ ក្នុង​នោះ​មាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និង​ខេត្ត​បន្ទាយមានជ័យ ដែលឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល។


លោកស្រី​បាន​បន្តថា លទ្ធផល​នៃ​ការ​អនុវត្តការងារ​តាម​គោលដៅ​ខេត្តទាំង ៤ ខាងលើ​នេះ កាកបាទ​ក្រហម​កម្ពុជា សម្រេច​បាន​ការអប់រំផ្សព្វផ្សាយ​អំពីមីន សំណល់​ជាតិផ្ទុះ​ពី​សង្រ្គាម ដល់​ប្រជាពលរដ្ឋ​ចំនួន ៨៣ ៦៦៨នាក់ (ក្នុងនោះ​ស្រ្តី ៥២ ១៩៣នាក់ និង​កុមារ ៣៤ ៥២៥នាក់), បាន​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ជនរងគ្រោះ​ដោយសារ​មីន សំណល់ជាតិ​ផ្ទុះពី​សង្រ្គាម​ចំនួន ៤១២នាក់ និង​បាន​ផ្តល់​ប្រាក់​កម្ចីខ្នាតតូច​គ្មាន​ការ​ប្រាក់ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៩២៦គ្រួសារ ដែល​ក្នុង​នោះ​គ្រួសារ​មាន​ពិការភាព​ចំនួន ២៧៨​គ្រួសារ។

លោក លី ធុជ បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​ឱ្យមាន​ចលនាជាតិ​ឆ្ពោះ​ទៅ​រកសូន្យ​គ្រាប់មីន​នៅ​ឆ្នាំ ២០២៥ និង​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២ លាន​ដុល្លារ សម្រាប់​ចូលរួម​ក្នុង​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា។


លោក​បាន​ជម្រាបជូន​ពី​សមិទ្ធផល​នៃ​សកម្មភាព​របស់​ប្រតិបត្តិករ​សម្អាតមីន ដែល​ក្នុង​រយៈពេល ជាង ៣០ឆ្នាំ​នេះ បាន​ធ្វើការ​បោស​សម្អាតមីន​ជាង ២៦០០​ គីឡូម៉ែត្រការ៉េ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​កម្ពុជា គឺជា​ប្រទេស​ទី ៣ ក្នុង​ចំណោម​បណ្តាប្រទេស​ដែល​ទទួល​រងគ្រោះថ្នាក់​ច្រើន​ជាងគេ​ដោយសារ​មីន បន្ទាប់ពី​ប្រទេស អ៊ីរ៉ាក់ និង​ប្រទេស អាហ្វហ្គានីស្ថាន៕