ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផា​បាន​ធ្វើ​ការ​វះកាត់​យក​ដុំ​សាច់​ធំ​ទំហំ ៣x៤ សង់ទីម៉ែត្រ និង​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល​របស់​កុមារ​ អាយុ ២ឆ្នាំម្នាក់​បាន​ដោយ​សុវត្ថិភាព។


យោងតាមទំព័រហ្វេសប៊ុក Dr. Beat Richner នាថ្ងៃទី៧ ខែកក្កដា បាន​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ អាយុ ២ឆ្នាំ មក​ពី​ស្រុក ជើងព្រៃ ខេត្តកំពង់ចាម បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យ​រវ្ម័ន​ទី៧ ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ២៣ ខែ​ឧសភា ដោយ​មាន​អាការៈ​ឈឺ​ក្បាល និង​ក្អួត​រយ:ពេល ៧ថ្ងៃ។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា បន្ទាប់ពី​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ការ​ព្យាបាល និង​ថត​ឆ្លុះ​ខួរក្បាល​ដោយ​ម៉ាស៊ីន MRI និង​រក​ឃើញ​ថា មាន​ដុំសាច់​ធំ​ទំហំ ៣x៤ សង់ទីម៉ែត្រ និង​មាន​ទឹក​ដក់​ក្នុង​ខួរក្បាល។


ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា៖ «ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​ការ​វះកាត់​យក​បាន​ដុំសាច់​ទាំងមូល ដោយ​សុវត្ថិភាព។ សូមអរគុណ និង កោត​សរសើរដល់​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​ប្រព័ន្ធ​សរសៃ​ប្រសាទ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី៧ (គន្ធបុប្ផាទី៣)»៕