ភ្នំពេញៈ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈអះអាងថា រូប​បដិមា​ខ្មែរ​មួយ ដែល​គេ​ហៅថា “Golden Boy” គឺជា​របស់​ខ្មែរ ដែល​ស្ថិតក្នុង​សម័យអង្គរ សតវត្សរ៍​ទី​១១ នៃ​រចនាប័ទ្ម​បាពួន ខណៈ​បន្ត​ការស្រាវជ្រាវ និង​រៀបចំ​ឯកសារ​បន្ថែមទៀត ដើម្បីទាមទារ​ឲ្យ​សារមន្ទីរ Metropolitan Museum of Art ប្រគល់​រូបចម្លាក់​នេះ​ត្រឡប់មក​កម្ពុជា​វិញ​។​


​ការអះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​គ្នា​រវាង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ ដោយ​អះអាងថា ជា​របស់​ជាតិ​សាសន៍​រៀងៗ​ខ្លួន ក្រោយ​មានការ​ផ្សព្វផ្សាយ​ថា មាន​អ្នក​បុរាណវិទ្យា​ល្បីល្បាញ​ថៃ​ម្នាក់ ប្រកាស​ប្រមូលផ្ដុំ​ឯកសារ ភ័ស្តុតាង​នានា ដើម្បី​ទាមទារ​ពី​សារមន្ទីរ Metropolitan របស់​អាមេរិក ហើយ​ថា រូបចម្លាក់​នេះ គឺជា​ចម្លាក់​រចនាប័ទ្ម ថៃ​ភិ​ម៉ៃ (​ថៃ​ភិ​មា​យ​-Thai Phimai) និង​មិន​ធ្លាប់មាន​រចនាប័ទ្ម​នៅ​កម្ពុជា​ពីមុនមក​។​

រូប​បដិមា​ខ្មែ​ ១ ​អង្គ ដែល​គេ​ហៅថា “Golden Boy” បច្ចុប្បន្នកំពុង​ស្ថិតនៅ​សារមន្ទីរ Metropolitan Museum of Art ក្នុង​ទីក្រុង​ញូវយ៉ក​។ រូបចម្លាក់​នេះ មាន​ស្ថាន​ជា​រូបចម្លាក់​ទេព​បុរស មាន​កម្ពស់ ១,១ ម៉ែត្រ សាង​អំពី​សំរឹទ្ធ​បិទមាស ដែល​សង្ស័យថា ត្រូវបាន​នាំចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​នៅ​សម័យ​សង្គ្រាម​។​


លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​នៅ​ថ្ងៃទី ១២ កក្កដា​ថា ក្រសួង​បានដឹង​អំពី​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​រូប​បដិមា​ខ្មែរ​មួយ ដែល​គេ​ហៅថា “Golden Boy” បច្ចុប្បន្ន​នៅឯ​សារមន្ទីរ Metropolitan Museum of Art ក្នុង​ទីក្រុង​ញូវយ៉ក​។

លោកបាន​បន្តថា ចំពោះ​រូប​បដិមា​នេះ គឺ​ប្រាកដ​ណាស់​ជា​សិល្បៈ​ខ្មែរ ក្នុងសម័យ​អង្គរ សតវត្សរ៍​ទី​១១ នៃ​រចនាប័ទ្ម​បាពួន ខណៈ​លោកអះអាងថា ក្រសួងកំពុង​ស្រាវជ្រាវ​បន្តទៀត​ពី​ប្រភព ប្រវត្តិ និង​ទិដ្ឋភាព​ច្បាប់ និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ទាមទារ​ត្រឡប់មកវិញ​។​


លោកបាន​បញ្ជាក់ថា​៖ «​ដូច្នេះ​វា​ហាក់ដូចជា​លឿន​ពេក​ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​។ យើង​នឹង​ទាមទារ​មកវិញ​នូវ​អ្វី​ដែលជា​របស់​យើង ហើយ​យើង​ក៍​មិន​ចង់បាន​នូវ​អ្វីដែល​មិនមែនជា​របស់​យើង​ដែរ​។ ក្រសួង​សូម​អំពាវនាវ​ដល់​សារមន្ទីរ Metropolitan Museum of Art ក៏​ដូច​សារមន្ទីរ​ផ្សេងទៀត និង​អ្នកប្រមូល​សមុច្ច័យ​ឯកជន​ឱ្យ​ប្រគល់​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​មក​ប្រទេស​ដើម​វិញ ដែល​ពួកគេ​មិនមាន​ភ័ស្តុតាង​ស្របច្បាប់​នៃ​សិទ្ធិ​កាន់កាប់​»​។

ក្រៅពី​រូបចម្លាក់​នេះ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ ក៏បាន​អះអាង​ដែរ​ថា ក្រុមការងារ​របស់​ក្រសួង​វប្បធម៌ បាននិងកំពុង​ដំណើរកា​រ​ស្រាវជ្រាវ ក្នុង​យុទ្ធនាការ​សកល​មួយ ដោយ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស​ជាមួយ​សមត្ថកិច្ច​សហរ​ដ្ឋ​អាមេរិក ដើម្បី​នាំយក​វត្ថុ​សម្បត្តិ​វប្បធម៌​ខ្មែរ​ដែល​បាន​លួច​នាំ​ចេញទៅ​ក្រៅប្រទេស ត្រឡប់មក​កម្ពុជា​វិញ​។​

លោកបាន​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា បទល្មើស​ជួញដូរ​សម្បត្តិ​វប្បធម៌​គឺជា​បញ្ហា​សកល ដែល​កើតមានឡើង​នៅតាម​ប្រទេស​ជាច្រើន​នៅ​ទូទាំង​សកលលោក ហើយ​ដែល​ភាគច្រើន​ត្រូវបាន​ប្រព្រឹត្តឡើង​ដោយមាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ទ្រង់ទ្រាយ​ធំ​ប្រទាក់ក្រឡា​ដ៏​ស្មុគស្មាញ តាម​រូបភាព​ផ្ទេរ ក្លែងបន្លំ​ប្រវត្តិ​និង​ប្រភពដើម​នៃ​សម្បត្តិ​វប្បធម៌ និង​លួច​នាំចេញ​ដោយ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​។ ដូចនេះហើយ ចាំបាច់​ត្រូវ​ចាត់វិធានការ​ទាំង​ក្នុង​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ​»​។​

លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យាបាន​លើកឡើងថា ជា​ប្រវត្តិសាស្ត្រ អ្នកណា​ក៏​ដឹង​ដែរ​ថា ទឹកដី​ ១ ​ផ្នែក​របស់​ប្រទេស​ថៃ គឺជា​ទឹកដី​របស់​អាណាចក្រ​ខ្មែរ ពី​អតីតកាល ហើយ​បញ្ហា​នេះ គឺ​មិនអាច​ប្រកែក​បាន​នោះទេ​។

លោក​បន្តថា ដូច្នេះ​ចំពោះ​រូបចម្លាក់ ឬ​កេរ​នានា ដែល​កំពុង​មាននៅ​លើទឹក​ដី​ថៃ គឺជា​របស់​ខ្មែរ​ពី​អតីតកាល ដូច្នេះ​ទោះជា​ស្ថិត​ស្ថានភាព​ណា ក៏​ជាដើម​កំណើត​របស់​ខ្មែរ ដែល​ភាគី​ថៃ មិនអាច​ប្រកែក​បាន​នោះទេ គ្រាន់តែ​ថា ក្នុងពេល​បច្ចុប្បន្ន ដោយសារតែ​តំបន់​មួយចំនួន ស្ថិតក្នុង​ការគ្រប់គ្រង​របស់​ថៃ ប៉ុន្តែ​មិនមែន​បានន័យថា របស់​ទាំងនោះ មាន​ដើម​ក​កំណើត​ជា​របស់​ថៃ​នោះទេ​។​

យ៉ាងណា ក្នុងនាម​ជា​អ្នក​បុរាណវិទ្យា លោក រំពឹងថា សហរដ្ឋអាមេរិក ជាពិសេស សារមន្ទីរ Metropolitan Museum of Art នឹងធ្វើ​ការសិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ស្វែងរក​ពី​ប្រភព​ពិត​នៃ​រូបចម្លាក់​ទាំងនេះ ដោយសារតែ​ពី​អតីតកាល មានការ​ចរាចរ​ដោយ​ខុសច្បាប់​ច្រើន​ទាក់ទង​ទៅនឹង​ចម្លាក់​ទាំងនេះ​។​

លោកបាន​បញ្ជាក់ថា​៖ «​ចំពោះ​ការទាមទារ​ត្រឡប់​វិញ គឺ​គេ​ច្បាស់​ណាស់ ថា​មកពី​ប្រភព​ណា​? គេ​នឹង​ប្រគល់​ឲ្យ​ទៅ​ប្រភព​ហ្នឹង​វិញ ហើយ​ប្រទេស​ណា​ដែល​តំណាង​ច្បាស់​ពី​ប្រភព​ហ្នឹង នឹង​ទទួលបាន​វិញ​ហើយ​។ ឧទាហរណ៍​ថា របស់​ខ្លះ​ដែល​បានមក​កម្ពុជា​យើង​បច្ចុប្បន្ន​វិញ ដោយសារតែ​ដឹង​ប្រភព​ច្បាស់ ថា​មាននៅ​ប្រាសាទ​នេះ ប្រាសាទ​នោះ នៅក្នុង​ប្រទេស​កម្ពុជា​»៕

វីដេអូ៖