ភ្នំពេញៈ បុរសជនជាតិអង់គ្លេស ១ រូប លោក និក ម៉ាក (Nick Marx) បានចំណាយពេលជាង ២០ ឆ្នាំមកហើយ ដើម្បីចូលរួមអភិរក្សសត្វព្រៃ និងសង្គ្រោះសត្វព្រៃនៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារការដាក់អន្ទាក់ និងការឈូសឆាយព្រៃ។ លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ដើម្បីធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលក្នុងផ្នែកអភិរក្សសត្វព្រៃ គឺ អង្គការ Wild Aid ដែលបច្ចុប្បន្ន ប្តូរឈ្មោះជាអង្គការ Wildlife Alliance។
ក្នុងជំនួបជាមួយ ភ្នំពេញ ប៉ុស្តិ៍ លោក និក ម៉ាក ប្រាប់ថា បន្ទាប់ពីស្នាក់នៅកម្ពុជារយៈពេលជាយូរឆ្នាំមកនេះ លោកមានបំណងចង់ស្នាក់នៅកម្ពុជាបន្តទៀតតាមដែលអាចធ្វើបាន ហើយខិតខំកៀរគរថវិកាពីគ្រប់មជ្ឈដ្ឋាននានា ដើម្បីទ្រទ្រង់កម្មវិធីអភិរក្ស និងសង្គ្រោះសត្វព្រៃនៅកម្ពុជាទុកសម្រាប់មនុស្សជំនាន់ក្រោយ។
ខាងក្រោមនេះ ជាបទសម្ភាសរវាងភ្នំពេញប៉ុស្តិ៍ និងលោក និក ម៉ាក ដែលបច្ចុប្បន្ន ជានាយកសង្គ្រោះ និងថែរក្សាសត្វព្រៃនៅកម្ពុជា៖
តើលោកអាចរៀបរាប់ពីដំណើរការសិក្សា និងស្ថានភាពគ្រួសារក្នុងប្រទេសអង់គ្លេសបានទេ?
បច្ចុប្បន្នខ្ញុំមានអាយុ ៧១ ឆ្នាំហើយ និយាយតាមត្រង់តាំងពីតូច ខ្ញុំមិនចូលចិត្តសិក្សាទេ ប៉ុន្តែឪពុកម្តាយខ្ញុំតែងចង់ឱ្យខ្ញុំសិក្សាបានខ្ពស់ និងបញ្ជូនទៅសាលាឯកជនរហូតដល់អាយុ ១៦ ឆ្នាំ ខ្ញុំបានបោះបង់ចោលការសិក្សា ហើយទៅធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត គឺបរិស្ថាន និងសត្វព្រៃ។
ចំណែកឪពុកម្តាយខ្ញុំជាអ្នកមាន ហើយចំណូលរបស់គាត់អាចផ្គត់ផ្គង់ ១ គ្រួសារ ហើយយើងមានផ្ទះនៅក្នុងក្រុងផង និងមានផ្ទះលម្ហែកាយនៅជាយក្រុងទៀតផង។ បើនិយាយឱ្យខ្លីយើងជាគ្រួសារ ១ ដែលមានជីវភាពធូរ។ ប៉ុន្តែបច្ចុប្បន្នខ្ញុំជាកូនកំព្រា ព្រោះឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយ ឪពុកខ្ញុំស្លាប់ យូរឆ្នាំគួរសម។ ប៉ុន្តែម្តាយខ្ញុំ ទើបស្លាប់នៅឆ្នាំ ២០២១ ទេ។ ខ្ញុំមានកូនប្រុស ១ អង់គ្លេស ប៉ុន្តែខ្ញុំបែកគ្នាជាមួយប្រពន្ធ ហើយនៅខ្មែរ ២០ ឆ្នាំមកនេះ ខ្ញុំអត់ទាន់មានគ្រួសារនៅស្រុកខ្មែរទេ ដោយសារខ្ញុំរវល់ជាមួយការអភិរក្សសត្វព្រៃ។
តើលោកមានចំណង់ចំណូលចិត្តអ្វីកាលពីក្មេង?
ខ្ញុំដឹងខ្លួន ខ្ញុំចូលចិត្តសត្វតាំងពីក្មេងមកពេលខ្ញុំនៅជាមួយសត្វ ខ្ញុំមានក្តីសុខជាងអ្វីៗទាំងអស់។ អ្នកជិតខាងខ្ញុំ ដឹងខ្ញុំចូលចិត្តសត្វ អ៊ីចឹងពេលខ្លះសត្វឈឺ ឬគេទៅឆ្ងាយ គេទុកសត្វឱ្យខ្ញុំមើលថែទាំ និងពេលខ្លះខ្ញុំយកសត្វចូលបន្ទប់របស់ខ្ញុំ។ ពេញមួយជីវិតខ្ញុំស្រឡាញ់សត្វព្រៃ។
លោកអាចប្រាប់ពីបទពិសោធការងារ មុនមកបម្រើការងារនៅស្រុកខ្មែរបានទេ?
ខ្ញុំបានចាប់ផ្តើមធ្វើការនៅសួនសត្វនៅអង់គ្លេសអាយុ ១៩ ឆ្នាំ។ ប៉ុន្តែជាអកុសល អំឡុងបំពេញការងារ មានមិត្តភក្តិខ្ញុំម្នាក់ត្រូវបានសត្វខ្លាខាំបណ្តាលឱ្យស្លាប់ ប៉ុន្តែខ្ញុំមិនអីទេដោយសារខ្ញុំមានទំនាក់ទំនងល្អជាមួយសត្វខ្លា ព្រោះខ្ញុំបង្ហាត់ល្អ មិនមែនបង្ហាត់ដូចលេងសៀកទេ។ ក្រោយមក គេឱ្យ ខ្ញុំឈប់មានទំនាក់ទំនងជាមួយខ្លា និងនៅឱ្យឆ្ងាយពីខ្លា ដោយសារគេ បារម្ភថា ខ្លានឹងសម្លាប់ខ្ញុំម្នាក់ទៀត ប៉ុន្តែខ្ញុំឈប់អត់បាន ទើបគេឱ្យខ្ញុំឈប់ធ្វើការនៅសួនសត្វនៅអង់គ្លេស។ បន្ទាប់មកទៀត ខ្ញុំបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសអាហ្វ្រិកខាងត្បូងធ្វើជាអ្នកមើលថែសត្វព្រៃ និងជាអ្នកផ្តល់សេវាកម្មទេសចរណ៍នៅសួនសត្វមួយកន្លែង។ ខ្ញុំធ្វើការនៅទីនោះប្រហែល ៣ ឆ្នាំដែរ (អាយុ ២១-២៣ ឆ្នាំ)។ បន្ទាប់មកទៀត បន្តធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ធ្វើការជាអ្នកមើលថែសត្វព្រៃដូចគ្នា ធ្វើការប្រហែល ៣ ឆ្នាំដូចគ្នា (អាយុ ២៣-២៥ ឆ្នាំ)។ បន្ទាប់មកខ្ញុំសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតវិញ។ ពេលត្រឡប់មកវិញ ខ្ញុំអត់ទាន់រកការងារធ្វើទេ សល់ពេលទំនេរខ្ញុំចូលរៀននៅសាកលវិទ្យាល័យ ១ រៀនជំនាញបរិស្ថាន និងអភិរក្សជីវចម្រុះ រៀនត្រឹមរយៈពេល ១ ឆ្នាំទេ ដោយសារខ្ញុំមានបទពិសោធការងារនេះច្រើនហើយ។
តើលោកចូលមកបម្រើការងារនៅកម្ពុជាឆ្នាំណា?
ខ្ញុំមកស្រុកខ្មែរនៅឆ្នាំ ២០០១ គេទៅសម្ភាសខ្ញុំនៅអង់គ្លេស គឺអង្គការ Wild Aid បច្ចុប្បន្នប្តូរឈ្មោះ wildlife alliance ហើយមូលហេតុខ្ញុំនៅស្រុកខ្មែររហូតដល់ពេលនេះ មកពីខ្ញុំមានការងារដែលខ្ញុំស្រឡាញ់។ មានអង្គការ និងក្រុមហ៊ុនជាច្រើនបានហៅខ្ញុំទៅធ្វើការនៅបរទេស ដោយសារខ្ញុំមានបទពិសោធច្រើន។ ប៉ុន្តែគំនិតខ្ញុំ ការងារនៅស្រុកខ្មែរល្អជាង សម្រាប់ខ្ញុំ ពីព្រោះខ្ញុំអាចជួយអភិរក្សសត្វ សង្គ្រោះសត្វ ព្រោះខ្ញុំស្រឡាញ់សត្វ។ ឥឡូវខ្ញុំកំពុងសប្បាយរីករាយក្នុងការបំពេញការងារនៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ សហគមន៍ការពារព្រៃឈើនៅខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ កន្លែងថែរក្សាសត្វនៅខេត្តកោះកុង និងកិច្ចសហការរវាងអង្គការ និងអាជ្ញាធរជាតិអប្សរានៅព្រៃអង្គរទៀត ហើយខ្ញុំសប្បាយចិត្តដែលមានដៃគូរដ្ឋចូលរួម។
តើលោកមានការព្រួយបារម្ភអ្វីខ្លះចំពោះសត្វព្រៃនៅកម្ពុជា?
បើតាមខ្ញុំចាំ កាលពីឆ្នាំ ២០០៤ រដ្ឋបាលព្រៃឈើឱ្យខ្ញុំជួយការពារព្រៃឈើនៅភ្នំតាម៉ៅ ហើយពេលនោះខ្ញុំសប្បាយចិត្ត ពីព្រោះយើងគិតពីអភិរក្សទាំងសត្វព្រៃ និងព្រៃឈើ និងមានសត្វច្រើនប្រភេទ និង សត្វព្រៃកម្រកំពុងរស់នៅភ្នំតាម៉ៅ។ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំព្រួយបារម្ភការបាត់បង់សត្វព្រៃ ព្រោះមានគេដាក់អន្ទាក់សត្វព្រៃ លក់សត្វព្រៃ និងឈូសឆាយព្រៃ អ្នកអភិរក្សសត្វព្រៃជួបបញ្ហាច្រើន។
ពេលដំបូងខ្ញុំឃើញមានខ្លាដំបង ខ្លារខិន មានគោព្រៃ រមាំង ខ្ទីង ទន្សោង ប៉ុន្តែបាត់បង់បន្តិចម្តងៗជិតផុតពូជហើយ មូលហេតុជាប់អន្ទាក់ផង និងការកាប់ព្រៃ។ ការដាក់អន្ទាក់នេះអាក្រក់ណាស់ ព្រោះគេដាក់រាប់រយអន្ទាក់ សម្លាប់ សត្វព្រៃ ហើយពេលខ្លះគេអត់បានទៅមើលអន្ទាក់ សត្វងាប់ដោយសារជាប់អន្ទាក់ពេញព្រៃក៏មាន។ ព្រានព្រៃបើគេមានកាំភ្លើងគេបាញ់សត្វងាប់ម្តង ១ ប៉ុន្តែបើដាក់អន្ទាក់ងាប់ច្រើន អ៊ីចឹងអន្ទាក់អាក្រក់ណាស់។
តើលោកអាចរៀបរាប់ពីសក្តានុពលសួនសត្វនៅភ្នំតាម៉ៅទេ?
តាមពិតមានសត្វព្រៃច្រើននៅភ្នំតាម៉ៅ ខ្ញុំគិតថា ជាពិសេស សត្វប្រើស ប្រើសនៅលើពិភពលោក ចាប់ផ្តើម [ថយចុះ] ប៉ុន្តែនៅកម្ពុជាច្រើន។ តាមខ្ញុំដឹងគេមានផែនការអភិវឌ្ឍន៍នៅភ្នំតាម៉ៅ ប៉ុន្តែខ្ញុំមិនដឹងថា គេចង់ធ្វើអ្វីទេ។ សម្រាប់ខ្ញុំគិតថា អភិវឌ្ឍគឺល្អណាស់ ដូចជាទុកព្រៃនៅដដែល ប៉ុន្តែបង្កើតកម្មវិធីទេសចរណ៍ទៅទីនោះ កម្មវិធីដើរកម្សាន្ត និងអេកូទេសចរណ៍។ សម្រាប់ខ្ញុំភ្នំតាម៉ៅកន្លែងទី ១ ធ្វើតំបន់អេកូទេសចរណ៍ ព្រោះឥឡូវមានព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល អ៊ីចឹងភ្ញៀវទេសចរអាចចូលមើលសួនសត្វនៅភ្នំតាម៉ៅ ដើម្បីមានឱកាសទទួលបទពិសោធល្អហើយ ខ្ញុំគិតថា ភ្ញៀវទេសចរចូលស្រុកខ្មែរ គេនឹងសប្បាយ។ ប៉ុន្តែបើគេឈូសឆាយព្រៃធ្វើបុរី ខ្ញុំគិតថា វានឹងប៉ះពាល់ដល់សត្វព្រៃ ព្រោះវាអត់មានកន្លែងផ្សេងទៀតដែលនៅជិតភ្នំពេញ។
និយាយត្រង់ខ្ញុំស្អប់ [ការដាក់សត្វក្នុងទ្រុង] ដូចគេដាក់នៅក្នុងគុក ប៉ុន្តែភ្នំតាម៉ៅ មិនដូចសួនសត្វនៅស្រុកខ្ញុំ។ ភ្នំតាម៉ៅគឺជាកន្លែងអភិរក្ស យើងអាចដោះលែងសត្វនៅភ្នំតាម៉ៅឱ្យចូលព្រៃ តាមរយៈកម្មវិធីអភិរក្ស យើងធ្វើវា ២០ ឆ្នាំហើយជាមួយរដ្ឋបាលព្រៃឈើ គឺជាកម្មវិធីល្អ។ ឧទាហរណ៍ប្រៀបធៀបសួនសត្វនៅស្រុកខ្ញុំ ខុសគ្នាឆ្ងាយណាស់ ភ្ញៀវទេសចរបរទេសមកលេងសួនសត្វភ្នំតាម៉ៅ គេសរសើរថា នៅភ្នំតាម៉ៅពិតជាល្អណាស់ ប៉ុន្តែប្រទេសគេមិនមានឱកាសធ្វើដូចកម្ពុជា។ ប៉ុន្តែនៅភ្នំតាម៉ៅមានសត្វមួយចំនួនមិនអាចលែងចូលព្រៃបានទេ ខ្លាចសម្លាប់មនុស្សដូចជាខ្លា និងខ្លាឃ្មុំ អ៊ីចឹងយើងដាក់ក្នុង ទ្រុងប៉ុន្តែព័ទ្ធជុំវិញដោយធម្មជាតិ។
សួនសត្វភ្នំតាម៉ៅសហការជាមួយរដ្ឋបាលព្រៃឈើល្អជាងមុនឆ្ងាយក្នុងការអភិរក្សសត្វព្រៃ។ យើងបង្កាត់ពូជសត្វកម្រ និងដោះលែងសត្វព្រៃអត់មានកន្លែងផ្សេងទៀតធ្វើដូចយើងទេ។ ឧទាហរណ៍ កម្មវិធីដោះលែងសត្វព្រៃនៅខេត្តកោះកុង នៅព្រៃអង្គរ គេគោរពគម្រោងយើងណាស់។ ខ្ញុំអរគុណអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើ និងក្រសួងបរិស្ថានសហការជាមួយគ្នា ដែលព្យាយាមអភិរក្សសត្វព្រៃជាមួយគ្នា។
ភាពខុសប្លែកសួនសត្វភ្នំតាម៉ៅទៅនឹងបណ្តាប្រទេសផ្សេងៗ គឺទី ១ ធម្មជាតិ សត្វសប្បាយនៅភ្នំតាម៉ៅដោយសារមានព្រៃនៅជុំវិញ។ ខ្ញុំមានមិត្តភក្ដិគាត់និយាយថា គាត់ធ្លាប់ទៅសួនសត្វនៅអង់គ្លេស អូស្ត្រាលី អាមេរិក គាត់និយាយថា សួនសត្វគេ គេមានលុយច្រើនជាងយើង ប៉ុន្តែសត្វនៅភ្នំតាម៉ៅសប្បាយជាង ពីព្រោះយើងមានធម្មជាតិ អត់មានចាក់ស៊ីម៉ងត៍ច្រើនទេ និងអ្វីដែលសំខាន់យើងអាចដោះលែងសត្វនៅទីនោះ។
ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នានៅស្រុកខ្មែរ រដ្ឋ និងឯកជន សូមគោរព ភ្នំតាម៉ៅ ព្រោះនៅប្រទេសផ្សេងអត់មានសួនសត្វបែបធម្មជាតិដូចភ្នំតាម៉ៅទេ។ សួនសត្វនៅប្រទេសគេមានលុយច្រើន ប៉ុន្តែអត់ស្អាតបែបធម្មជាតិទេ យើងធ្វើល្អជាងគេ ហើយនៅគេបង្ហាត់សត្វ បែបលេងសៀក។ ប៉ុន្តែយើងបង្ហាត់បែបធម្មជាតិ មិនប្រើហិង្សាជាមួយសត្វ។ យើងបង្ហាត់ ប៉ុន្តែយើងអត់វាយ យើងឱ្យរង្វាន់។ ឧទាហរណ៍សត្វមិនស្តាប់បង្គាប់ យើងមិនឱ្យរង្វាន់ ឬចំណីទេ ប៉ុន្តែបើស្តាប់បង្គាប់ យើងឱ្យរង្វាន់ជាចំណី យ៉ាងណាក៏ដោយមិនប្រើហិង្សាទេ។ ភ្នំតាម៉ៅ អាចទុកជាសម្បត្តិធម្មជាតិសំខាន់ មូលហេតុបរទេសស្រឡាញ់ភ្នំតាម៉ៅ ដោយសារទីតាំងនេះមានធម្មជាតិជាផ្នែក ១ នៃវិស័យទេសចរណ៍ ទាក់ទាញភ្ញៀវអន្តរជាតិ។
អស់រយៈពេលជាង ២០ ឆ្នាំរស់នៅស្រុកខ្មែរ តើលោកទទួលបានសញ្ជាតិហើយឬនៅ?
ខ្ញុំអត់ទាន់បានទទួលសញ្ជាតិខ្មែរទេ (តើលោកចង់បានសញ្ជាតិខ្មែរឬទេ?) ចង់បានណាស់ ព្រោះ ខ្ញុំស្រឡាញ់សញ្ជាតិខ្មែរ ប៉ុន្តែមិនដឹងធ្វើម៉េច បើបានសប្បាយ។ ខ្ញុំគិតថា ដោយសារខ្ញុំអត់ចេះអក្សរខ្មែរ និងអត់ចេះអាន អត់មានលុយចូលសញ្ជាតិ ចេះតែនិយាយខ្មែរ ទើបអត់បានសញ្ជាតិខ្មែរ។ ខ្ញុំអត់ដែលទៅសាលារៀនភាសាខ្មែរទេ គឺរៀនតាមមិត្តភក្តិគាត់បង្រៀនម្តង ១ ពាក្យ ហើយខ្ញុំកត់ចំណាំនៅក្នុងសៀវភៅ ខ្ញុំនិយាយខ្មែរបាន ប៉ុន្តែអត់ចេះអានទេ។ ខ្ញុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ROYAL ORDER OF SAHAMETRIE ពីរាជរដ្ឋាភិបាលកម្ពុជាមួយដែរ កាលពីឆ្នាំ ២០១៤។
តើនៅថ្ងៃអនាគត លោកមានគម្រោងអ្វីទៀតនៅកម្ពុជា?
នៅស្រុកខ្មែរខ្ញុំមិនមានផែនការអីទេ ក្រៅតែពីការអភិរក្សសត្វព្រៃ ព្រោះខ្ញុំមិនដឹងពីអនាគតទេ។ អ្វីដែលសំខាន់ខ្ញុំរកលុយជួយគម្រោងអភិរក្សសត្វព្រៃនៅកម្ពុជា និងបើកប្រាក់ខែឱ្យបុគ្គលិករបស់ខ្ញុំទាំងនៅសួនសត្វភ្នំតាម៉ៅ និងនៅកន្លែងផ្សេងទៀត។ ខ្ញុំកៀរគរថវិកាជួយអភិរក្សសត្វព្រៃនៅកម្ពុជា ១ ឆ្នាំចំណាយប្រហែល ៧០ ម៉ឺនដុល្លារក្នុងនោះមានលុយខ្ញុំផ្ទាល់ខ្លះ និងខ្លះទៀតបានពីអាមេរិក អង់គ្លេស អូស្រា្តលី និងកន្លែងផ្សេងទៀត ពីព្រោះបើអត់មានលុយ យើងធ្វើការនេះអត់បានទេ៕