មន្ត្រី​ជាន់ខ្ពស់​នៃ​សាលា​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​ ១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​រួមគ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដោយសារ​កិច្ចការងារ​ការពារ​សន្តិសុខ សុវត្ថិភាព​ជា​កិច្ចការងារ​របស់​អាជ្ញាធរ និង​កងកម្លាំង​ចំណុះ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​នេះឯង​ត្រូវ​អនុវត្ត​ឱ្យបាន​ល្អ​។


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ដូចនេះ​ក្នុង​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃទី​ ១៤ ខែកក្កដា ដោយ​លោក​បាន​បញ្ជាក់ថា ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំងអស់​ និង​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ដាក់​ផែនការ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន​។

លោក​ថា៖ «​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង ​១៤​ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវដាក់​ផែនការ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ការដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅក្នុង​មូលដ្ឋាន និង​ការដាក់​កម្លាំង​ល្បាត​នៅក្នុង​តំបន់​ដែល​យើង​គិតថា​ស្មុគស្មាញ និង​ងាយ​រងគ្រោះ​»​។


លោក ឃួង ស្រេង បញ្ជាក់​ផងដែរ​ថា ក្នុង​នាម​អាជ្ញាធរ និង​កងកម្លាំង​ត្រូវ​គិតថា សន្តិសុខ សុវត្ថិភាព​ប្រជាពលរដ្ឋ គឺជា​រឿង​សំខាន់ ដោយ​ហេតុថា ទាំង​អ្នកមាន អ្នកក្រ ពួកគាត់​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ដូចគ្នា​។

នាឱកាស​នោះដែរ លោក​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ត្រូវ​ការពារ​ឱ្យបាន​នូវ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ផងដែរ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណាក្តី លោក​ក៏បាន​ថ្លែង​នូវ​ការកោត​សរសើរ​ផងដែរ​ចំពោះ​កងកម្លាំង​ទាំង​ ២ ​ភេទ ដែល​បាន​បង្ក្រាប​ក្មេង​ទំនើង​បានជា​ច្រើន​ករណី​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។


លោក ឃួង ស្រេង ថា ៖ «​ក្មេង​ទំនើង​ទាំងនេះ​ភាគច្រើន​ជា​សិស្ស​សាលា ដូច្នេះ​ស្នើឱ្យ​អភិបាលខណ្ឌ និង​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​ត្រូវ​សហការគ្នា​មើល​សិស្ស​ដែល​គេច​សាលារៀន​ឱ្យបាន​ម៉ឺងម៉ាត់ និង​រក​វិធី​ដើម្បី​បង្ការ​ទប់ស្កាត់​ក្មេង​ទំនើង​ទាំងនេះ​ឱ្យបាន​»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក ឃួង ស្រេង ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់គ្នា ព្រោះថា​ជំងឺ​កូវីដ​ ១៩ បាន​កម្រើក​ឡើងវិញ​ហើយ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ទាំងអស់​គ្នា​៕