នៅឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ UNOPs បាន​ផ្តល់​មុង​ជិត ២៥០០០ មុង​ទៅ​ដល់​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ខេត្ត​ចំនួន ៦ ដែល​នៅ​មាន​អត្រា​ឆ្លង​ជំងឺ​គ្រុនចាញ់​ច្រើន សម្រាប់​ចែក​ជូន​ដល់​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ។


យោងតាម​ក្រសួង​បរិស្ថាន បានឱ្យ​ដឹង​ថា មុង​ចំនួន ២៤៨០០ មុង (មុងគ្រែ) ត្រូវ​បាន​ចែក​ជូន​ដល់​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ចំនួន ៦ រួមមាន ខេត្ត​កំពង់ស្ពឺ, ខេត្ត​មណ្ឌលគិរី, ខេត្ត​រតនគិរី, ខេត្ត​ស្ទឹងត្រែង, ខេត្ត​ក្រចេះ និង​ខេត្ត​ព្រះវិហារ ដែល ១ គ្រួសារ ទទួល​បាន​មុង​ចំនួន ១។

ក្រសួងក៏បាន​បញ្ជាក់​ផងដែរ​ថា រយៈពេល ២ ឆ្នាំ​កន្លង​មក គឺ​ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ ក្រសួង​បរិស្ថាន​ទទួល​បាន​មុង​ចំនួន ៣០០០ មុង ក្នុង ១ ឆ្នាំ ដើម្បី​ចែក​ជូន​មន្ត្រី​ឧទ្យានុរក្ស និង​គណៈកម្មការ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស។


លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​បរិស្ថាន កាល​ពីថ្ងៃ​ទី ១៣ ខែ​កក្កដា បាន​ចុះ​សួរ​សុខទុក្ខ​និង​វាយ​តម្លៃការ​យល់ដឹង​ស្ដីពី​ការ​ការពារ​បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់ និង​ផ្ដល់​មុង​ជ្រលក់​ថ្នាំ​ជូន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រែព្រះ​និង​មន្ដ្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី។

លោកស្រីបានលើក​ឡើង​ថា ការ​ជួប​សំណេះ​សំណាល​នេះ​គឺ​ដើម្បី​បង្កើន​កិច្ច​សហការ រវាង​ក្រសួង​បរិស្ថាន និង​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់ ឆ្នាំ ២០១១-២០២៥ របស់​ក្រសួង​សុខាភិបាល។


លោកស្រី ម៉ុម ថានី បានបន្តថា ៖ «ជំរុញ និងលើក​ទឹកចិត្ត​ដល់​ប្រជា​សហគមន៍ មន្រ្តី​ឧទ្យានុរក្ស និង​អ្នក​ពាក់ព័ន្ធ អនុវត្តវិធានការ ការពារ បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់ និង​ការ​ថែទាំ​សុខភាព តាមរយៈ​ការ​សម្រាក​នៅ​ក្នុង​មុង និង​រស់​នៅស្អាត ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ក្នុង​ពេល​បំពេញ​ការងារ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ»។

គោលបំណង​សំខាន់​មួយ​ទៀត​គឺ ការ​បង្ហាញ​នូវ​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់ របស់​ថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្រសួង​សុខាភិបាល និង​អ្នក​ពាក់ព័ន្ធ ក្នុងការ​ថែទាំ​សុខុមាលភាព​របស់​សហគមន៍ និង​មន្រ្តី​ឧទ្យានុរក្ស ដែល​ជាតួ​អង្គជួរ​មុខ​ដ៏សំខាន់ ក្នុង​ការ​ចុះល្បាត​ព្រៃ​សហគមន៍ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ការពារ​ធម្មជាតិ៕