ភ្នំពេញៈ អង្គការ​អុក​ស្វា​ម រួមជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្ដីពី “​គាំពារ​សង្គម​សម្រាប់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​” ដើម្បី​ផ្សព្វផ្សាយ និង​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល និង​សំណូមពរ សម្រាប់​ស្នើ​ទៅ​រដ្ឋាភិបាល​ដាក់បញ្ចូល​ពួកគាត់​ឱ្យទទួល​បាន របប​សន្ដិសុខ​សង្គម ឬ​បណ្ណ ប​.​ស​.​ស ។​


វេទិកា​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា នៅ​រាជធានី​ភ្នំពេញ ដែលមាន​អ្នកចូលរួម​ប្រមាណ ​១៧០ ​នាក់ រួមមាន​តំណាង​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន​ថ្នាក់ដឹកនាំ​មូលដ្ឋាន ឬ​ប្រធាន​សហជីព តំណាងឱ្យ​កម្មករ​-​កម្ម​ការិ​នី មកពី​បណ្ដាញ​សង្គម​ស៊ីវិល និង​សហជីព​។​ វេទិកា​នេះ​នឹង​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​ស្វែងយល់​អំពី​និយមន័យ​នៃ​កម្មករ​ក្រៅ​ប្រព័ន្ធ ចែករំលែក និង​ពិភាក្សា​ទាក់ទិន​នឹង​នីតិ​វិធី​ផ្សេងៗ​ដូចជា​ការចុះឈ្មោះ​ក្នុង​ការទទួល​បានការ​គាំពារ​សង្គម ដែល​អាចធ្វើឱ្យ​ប្រសើរឡើង​នៃ​ការ​គ្របដណ្ដប់​លើក​ម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​កម្មករ​ជា​ស្ត្រី​។​

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុក​ស្វា​ម​ប្រចាំ​ប្រទេស​កម្ពុជាថ្លែងថា វេទិកា​នេះ​មាន​សារៈសំខាន់​ដែលមាន​ការចូល​ពី​ក្រុម​អ្នករកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ២០០ ​នាក់ ដើម្បី​ប្រមូល​ធាតុ​ចូលក្នុង​កិច្ចការងារ​នេះ​។


​លោកស្រី​ថា​៖ «​សំឡេង​របស់គាត់​គឺ​សំខាន់​ទី​១​ ចង់ដឹង​បញ្ហា​ប្រឈម​របស់គាត់​ក្នុងការ​ទទួលបាន ប​.​ស​.​ស ទី​២ តើ​ពួកគាត់​ស្ម័គ្រចិត្ត​បង់​វិភាគទាន​ទេ បើ​ករណី​ដែល​រដ្ឋាភិបាល​បើក​ឱ្យមាន​ការទទួលស្គាល់​ការចូលរួម​របស់គាត់​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ត្រឡប់មកវិញ ទី​៣​យើង​នឹង​ស្វែងយល់ថា ​ហេតុអ្វី​បានជា​កម្ម​វី​ធី​មួយចំនួន​បាន​បើក​ចំហ​ហើយ​ប៉ុន្តែ​អត់​ទាន់​មាន​អ្នក​ដឹងឮ​»​។​

លោកស្រី​គូសបញ្ជាក់ថា កិច្ច​គាំពារ​សង្គម​គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ទ្រទ្រង់ និង​គាំទ្រ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាពិសេស​សម្រាប់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​និង​សំខាន់​ក្នុងការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ចជាតិ ជាពិសេស​ជួយ​ដោះស្រាយ​ការប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​បន្ទាប់ពី​វិបត្តិ​កូ​វីដ​ ១៩ និង​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​និង​ការធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ​វិញ​។


លោកស្រី​ថា​៖ «​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​មិនទាន់បាន​គ្របដណ្តប់​ដល់​ពួកគាត់ ហើយ​ពួកគាត់​ងាយ​ប្រឈមមុខ​ខ្លាំង​ចំពោះ​ហានិភ័យ​ទាក់ទង​អសន្តិសុខ​ប្រាក់ចំណូល ហើយ​ក្រុម​គាត់​មិនទាន់​ទទួលបាន​គាំពារ​ផ្នែក​សុខភាព ឬ​គ្រោះថ្នាក់​ការងារ​នៅ​កន្លែង​ការងារ​នៅឡើយ​។ អ៊ីចឹ​ង​ហើយ​បានជា​អង្គការ​អុក​ស្វា​ម និង​អង្គការ​ដៃគូ ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ដើម្បី​នាំយក​បញ្ហា​ប្រឈម​របស់​បងប្អូន​ដែល​កំពុង​ប្រកប​របរ​រស់នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បីឱ្យ​រដ្ឋាភិបាល​បាន​ដឹងឮ​និង​ចូលរួម​ដោះស្រាយ​ទាំងអស់គ្នា​»​។​

លោកស្រី​បន្តថា កិច្ច​គាំពារ​សង្គម​ចំនួន​៣​សំខាន់​សម្រាប់​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​គឺ សន្តិសុខ​ការងារ គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ឬ​ពេល​មាន​ជំងឺ​និង​ចំណុច​សំខាន់​មួយទៀត​ គឺ​នៅពេល​គាត់​បាត់បង់​ការងារ​។

អ្នកស្រី រ៉​ម ទូច អាយុ ៥៨ ឆ្នាំ ប្រកបមុខរបរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នៅតាម​ផ្ទះ បាន​ថ្លែងថា អ្នកស្រី​ពិតជា​ចង់​ទទួលបាន​បណ្ណ ប​.​ស​.​ស​. ដូច​អ្នក​ប្រកបការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែរ ដោយ​ចាត់ទុកថា​នៅពេល​ទទួលបាន​ផ្នែក​គាំពារ​សង្គម​នេះ អាចជួយ​សម្រួល​ដល់​ការចំណាយ​។

​អ្នកស្រី​ថា​៖ «​អត់​បណ្ណ ប​.​ស​.​ស ពេល​ទៅ​មន្ទីរពេទ្យ​អស់​លុយ​ច្រើន អ៊ីចឹ​ង​ចង់បាន ប​.​ស​.​ស ពេល​ទៅ​មន្ទីរពេទ្យ​មិនសូវ​ចំណាយ​ច្រើន ហើយ​បើ​គេ​តម្រូវឱ្យ​បង់​វិភាគទាន​ខ្ញុំ​ស្ម័​គ្រចិត្ត​ចូល​ដែរ ប៉ុន្តែ​បង់​តាម​លទ្ធភាព ដោយសារ​ខ្ញុំ​ប្រកប​របរ​តាម​ផ្ទះ​អត់​ថេរ​ទេ​ជួនកាល​បាន​ចំណូល​ច្រើន ឬ​តិច ឧទាហរណ៍​ក្នុង​មួយខែ​គេ​តម្រូវឱ្យ​ ២​ ម៉ឺន​រៀល អ៊ីចឹ​ង​ចំពោះ​យើង​គួរតែ​អនុគ្រោះ​បង់​ត្រឹម ១ ​ម៉ឺន​រៀល​បាន​ហើយ​»​។​

អ្នកស្រី ស៊ីម អាត មានមុខ​របរ​លក់​ដំឡូង​-​ចេកស្ងោរ​តាម​ដងផ្លូវ បាន​លើកឡើងថា អ្នកស្រី​តែងមាន​ការស្ទាក់ស្ទើរ​ក្នុងការ​ទៅពិនិត្យ​ជំងឺ​នៅឯ​មន្ទីរពេទ្យ ហើយ​សម្រេច​ជ្រើស​យក​មធ្យោបាយ​ផ្សំ​ថ្នាំ ឬ​ការផឹក​ឱសថ​បុរាណ​ដែលមាន​តម្លៃថោកៗ រាល់​ពេលដែល​សមាជិក​ក្នុង​ក្រុមគ្រួសារ​ណា​ធ្លាក់ខ្លួន​ឈឺ​។

​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ធ្លាប់​ឈឺ​ដែរ តែ​មិន​ហ៊ាន​ថ្ងូរ​ទេ ព្រោះ​អត់លុយ រាល់ថ្ងៃនេះ ប្រសិនបើ​ឈឺ ហើយ​ត្រូវ​ចំណាយ​រហូតដល់​បួនដប់​ម្ភៃម៉ឺន (​រៀល​) ឡើង ឬក៏​ត្រូវ​ចូល​ពេទ្យ ប្រាកដ​ហើយ​ថា​ខ្ញុំ​គ្មាន​លុយ​ទេ​»​។​

អ្នកស្រី​បន្តថា អាជីព​លក់ដូរ​តាម​ដងផ្លូវ​នេះ អាចជួយ​ឱ្យ​អ្នកស្រី​រក​ចំណូល​ ១ ថ្ងៃ​បាន​ចន្លោះ​ពី ១៥ ០០០ រៀល ទៅ​ ២០ ០០០ ​រៀល ដែល​ចំណូល​នេះ​ជួយ​រ៉ាប់​រង​ថ្លៃ​ចំណាយ​ទឹក​ភ្លើង និង​ផ្ទះជួល ខណៈ​តម្រូវការ​ផ្សេងៗ​ទៀត ដូចជា​ចំណីអាហារ និង​ការ​ដោះ​សងបំណុល នៅតែមាន​កង្វះខាត​។​ ​ប៉ុន្តែ​អ្នកស្រី​ហាក់ដូចជា​ស្រពេចស្រពិល​នៅឡើយ​ពាក់ព័ន្ធ របប​សន្ដិសុខ​សង្គម ឬ​បណ្ណ ​ប​.​ស​.​ស​. ដោយសារ​ខ្វះ​ការទទួលបាន​ព័ត៌មាន​។​

​គួរបញ្ជាក់​ផងដែរ​ថា វេទិកា​កម្មករ​នេះ​ជា​សកម្មភាព​មួយ​នៃ​កម្មវិធី​ស្ដីពី​ការ​បន្ស៊ី​គ្នា​រវាង​ប្រព័ន្ធ​គាំពារ​សង្គម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ អនុវត្ត​ដោយ​អង្គការ​អុក​ស្វា​ម អង្គការ​អន្តរជាតិ​ផ្នែ​ការងារ ILO អង្គការ​យូ​នី​សេ​ហ្វ UNICEF និង​បណ្ដាញ​សកល​សម្រាប់​កិច្ច​គាំពារ​សង្គម ដែល​ទទួលបាន​ការគាំទ្រ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​។​ កម្មវិធី​នេះ ផ្តោតលើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ និង​ការគាំទ្រ​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម​ថ្នាក់ជាតិ​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​សកម្មភាព​ដ៏​មាន​ប្រសិទ្ធភាព មាន​ភ័ស្តុតាង​ជាក់លាក់ និង​ដំណើរ​រៀបចំ​ផែនការ​ថវិកា និង​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យាប័ន្ន។

លោក ចាយ​ សំណាង​ អនុ​ប្រធាន​នាយក​ដ្ឋាន​សេវា​អតិថិជន​ និង​ទំនាក់​ទំនង​សាធារណៈ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​ចូលរួម​កម្មវិធី​នោះបានថ្លែងថា រដ្ឋាភិបាល​កំពុង​គិតគូ​រចំពោះ​បុគ្គល​ស្វ័យ​និ​យោជន៍ ដែល​កំពុង​ប្រក​បរបរ ឬ​ធ្វើការ​ដោយ​ខ្លួនឯង​។

លោក​ថា​៖ «ជា​នីតិវិធី ប​.​ស​.​ស កំពុង​រៀបចំ​បទដ្ឋាន​គតិយុត្តពាក់ព័ន្ធ​បុគ្គល​ស្វ័យ​និ​យោជន៍ អាចមាន​សិទ្ធិ​ចុះបញ្ជី ក៏ប៉ុន្តែ​គាត់​ទទួលបាន​ការធានារ៉ាប់រង​ពី ប​.​ស​.​ស គឺ​ទទួលបាន​ ២ ទី​១​ ទទួលបាន​ផ្នែក​ថែទាំ សុខភាព និង​ផ្នែក​ប្រាក់​សោធន អ៊ីចឹ​ង​បុគ្គល​ដែល​រកស៊ី​ខ្លួនឯង​ក៏មាន​ឱកាស​ទទួលបាន​ការធានា ប​.​ស​.​ស បាន​ ២​ ផ្នែក​នេះ​»​។

លោក​បន្តថា ​ពាក់ព័ន្ធ​ការចុះបញ្ជី ប​.​ស​.​ស កំពុង​រៀបចំ​នីតិវិធី ដើម្បី​បើក​ច្រក​ពាក់ព័ន្ធ​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​រកស៊ី​ដោយ​ខ្លួនឯង​។​ បុគ្គល​ស្វ័យ​និ​យោជន៍ សំដៅ​ដល់​ជន​ដែល​ប្រកបការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ដែល​ផ្តល់​ដោយ​និ​យោ​ជ​ក ឬ​រដ្ឋ​តាម​កិច្ចសន្យាការងារ​៕​