សៀមរាបៈ ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផាទី ៣ នៅ​ខេត្ត​សៀមរាប បាន​វះកាត់​និង​ព្យាបាល​កុមារី​អាយុ ៤ ឆ្នាំ​ម្នាក់ ដែល​ទន់​ជើង​រយៈពេល ៤ សប្តាហ៍ ដោយសារ​មាន​បូស​នៅ​ក្នុង​ខួរ​ឆ្អឹងខ្នង​ដោយ​ជោគជ័យ។


ទំព័រហ្វេសប៊ុក Dr. Beat Richner បញ្ជាក់​នាថ្ងៃ​ទី ២១ ខែ​កក្កដា ថា៖ «កុមារី​អាយុ ៤ ឆ្នាំ ទន់ជើង​អស់​រយៈពេល ៤ សប្តាហ៍​ដោយសារ​បូស​នៅ​ក្នុង​ខួរ​ឆ្អឹងខ្នង ( intra spinal cord abscess with dermal sinus T6-T7) ត្រូវបាន​វះកាត់​និង​ព្យាបាល ប្រកប​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី ៧។ សូមអរគុណ​និង​កោត​សរសើរ ដល់​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់ នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣)»។

ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា រាល់ការ​ព្យាបាល​ទាំងអស់​គឺ​ឥតគិត​ថ្លៃ​សម្រាប់​គ្រប់ៗគ្នា ដោយ​គ្មានការ​រើសអើង។ រាល់ការ​បរិច្ចាគ​តូចឬធំ គឺ​ពិតជា​បាន​ជួយ​ព្យាបាល​សង្គ្រោះ និង​ការពារ​ជីវិត៕