វៀតណាមៈ រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម (VNAT) បាន​ឯកភា​ពបន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​អនុវត្ត​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា។ ការ​ឯកភាព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សារ​វាង​ឧត្តមមន្ត្រី នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា ជាមួយ ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម កាល​ពីថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២២ ដែល​ដឹកនាំ ដោយ ថុក សុខុម អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង លោក Ha Van Sieu) អនុប្រធាន​រដ្ឋបាល​ជាតិ​ទេសចរណ៍​វៀតណាម (VNAT) នៃ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​វៀតណាម។


យោងតាមលទ្ធផល នៃ​កិច្ច​ពិភាក្សា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២២ ខែ​កក្កដា​នេះ​បញ្ជាក់​ថា ភាគី​វៀតណាម នឹង​ចូលរួម​ពិធី​បុណ្យ​សមុទ្រ​នៅ​កម្ពុជា និង​ការ​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០២៣ (SEA Games 2023) អាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ ២០២៩ (Asian Youth Games 2029) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រួម​ជាមួយ​ការ​អបអរសាទរ​ខួប​លើក​ទី ៥៥ នៃ​ទំនាក់​ទំនង​ការទូត​កម្ពុជា-វៀតណាម ក៏ដូចជា​ចូលរួម​ផ្សព្វផ្សាយ​រួមគ្នា​នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ពិភពលោក នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ហើយ​វៀតណាម​ក៏បាន​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ពី​ក្រសួង​ទេសចរណ៍​កម្ពុជា​ក្នុងការ​រៀបចំ​កម្មវិធី Roadshow ក្នុង​ខែ​តុលា ឆ្នាំ ២០២២ នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ។

ភាគីទាំង ២ បន្ត អនុវត្ត​នូវស្មារតី​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Pham Minh Chinh, នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​សង្គមនិយ​មវៀតណាម កាល​ពីថ្ងៃ​ទី ១១ ខែ​ឧសភា ឆ្នាំ ២០២២ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជា​អនុវត្ត​សកម្មភាព​យោង​តាម​ស្មារតី​ជំនួប​ផ្លូវ​ការរវាង លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ជាមួយ​លោក NGUYEN Van Hung រដ្ឋមន្ត្រី​វប្បធម៌ កីឡា និ​ងទេសចរណ៍​វៀតណាម ក្នុង​អំឡុង​ពិធិ​បើក SEA Games លើកទី ៣១ នាថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។


ភាគីទាំង ២ បញ្ជាក់​អំពី​គោលបំណង​នៃការ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​បង្ហាញ​ផ្លូវ​ទេសចរណ៍​កម្ពុជា “Cambodian Tourism Roadshow” និង​ប្រកាស​ប្រាប់​ប្រជាជន​វៀតណាម​អំពី​ការ​បើក​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​កម្ពុជា​បាន​សម្រួលល​ក្ខខណ្ឌ​មួយ​ចំនួន​ប្រកបដោយ​ភាព​ងាយស្រួល សុវត្ថិភាព ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​ភ្ញៀវ​ទេសចរបរទេស ក្នុង​នោះ ចំពោះ​ភ្ញៀវ​ដែល​បាន​ចាក់វ៉ាក់​សាំង​ពេញលេញ វិធាន​សុវត្ថិភាព​តម្រូវ​ត្រឹមតែ​ការ​បង្ហាញ​កាត ឬវិញ្ញាបនប័ត្រ​ចាក់​វ៉ាក់សាំង ដោយឡែក​ចំពោះ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ឬបាន​ចាក់​វ៉ាក់សាំង​មិន​ពេញ​លេញ គ្រាន់តែ​តម្រូវ​ឱ្យធ្វើ​តេស្តរហ័ស​ប៉ុណ្ណោះ​នៅ​ពេល​មក​ដល់​កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំង ២ ពិភាក្សា​អំពី​ដំណើរការ​នៃការ​ធ្វើ​ដំណើរ​បើកបរ​ដោយ​ខ្លួនឯង (Self-driving tour) ​ពី​ច្រក​ព្រំដែន​អន្តរជាតិ ជាពិសេស​ប្រទេស​មិត្ត​ជិតខាង​ហើយ​សង្ឃឹមថា​ការ​បើក​ច្រក​នេះ​នឹង​បង្កើន​ឱ្យមាន​លំហូរ​ទេសចរ​មកទ​ស្សនា​ប្រទេស​ទាំង ២ ឱ្យបាន​ច្រើន​ថែម​ទៀត ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទេសចរណ៍​ទន់-រឹង​ជាច្រើន​នៅ​ទិសនិរតី ដើម្បី​តភ្ជាប់ សម្រួល​ការធ្វើ​ដំណើរ ជំរុញ​ចលនា​ភ្ញៀវទេសចរ​ពី​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប ទៅ​ខេត្ត​គៀង យ៉ាង និង​ទីក្រុង​កាន់ធើ​ជាដើម។


ភាគីទាំង ២ ក៏ឯកភាព​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ការ​តភ្ជាប់​តាម​ផ្លូវគោក ទឹក និង​អាកាស ជាពិសេស​ដើម្បី​តភា្ជប់​រវាង​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយគ្នា សម្រួល​ដល់ការ​ធ្វើដំណើរ​នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ និងការ​ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ រយៈពេល​វែង​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទេសចរណ៍​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម។

កម្ពុជា​នឹង​ចូលរួមការ​តាំង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ “International Travel Expo (ITE HCMC) 2022” ចាប់ពី​ថ្ងៃទី ០៦ ដល់​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ២០២២ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ព្រមទាំង​រៀបចំ​កម្មវិធី​រាត្រី​កម្ពុជា “Cambodia Night” នៅ​សណ្ឋាគាររិស (REX Hotel) នាថ្ងៃ​ទី ០៨ ខែ​កញ្ញា ឆ្នាំ ២០២២ ព្រមទាំង​ចូលរួម​ក្នុង​វេទិកា​ទេសចរណ៍​មេគង្គ ចាប់ពី​ថ្ងៃទី ១១-១៤ ខែ​តុលា ឆ្នាំ ២០២២ នៅ Hoi An ប្រទេស​វៀតណាម៕