ភ្នំពេញៈ មន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ប្រទេសកម្ពុជា​ត្រូវស្ថិតនៅក្នុង​ស្ថានភាព​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ក្រោយពេលដែល​អង្គការ​សុខ​ភាព​ពិភពលោក (WHO)​ បានប្រកាស​អាសន្ន​ជាស​កល​ពី​ការ​ផ្ទុះឡើង​នូវ​ជំងឺ​អុត​ស្វា​ ដែល​រហូតមក​ដល់ពេលនេះ​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន​ ៧៥ ​ក្នុង​ ៥ ​តំបន់​ហើយ។


រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន​បាន​បញ្ជាក់ថា៖ «​សម្រាប់​កម្ពុជា​គឺ​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​យើង​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា ដូច​ខ្ញុំ​ធ្លាប់បាន​លើកឡើង​ហើយ​ថា ជោគជ័យ​ឬ​បរាជ័យ​គឺ​អាស្រ័យ​លើ​ការចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ​ខ្លួន​របស់​បុគ្គល ក្រុមគ្រួសារ និង​សហគមន៍​។ ដូចនេះ​ការរួម​គ្នា​ការពារ​គឺជា​ការចាំបាច់​នាពេលនេះ​»​។​

កម្ពុជា​ត្រូវបាន​រកឃើញ​មាន​ករណី​ជំងឺ​អុត​ស្វា​១​ករណី​លើកដំបូង​ដែលជា​ករណី​នាំចូល​ដោយ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​បាន​រត់គេច​មកពី​ប្រទេស​ថៃ និង​ត្រូវបាន​មន្ត្រី​មាន​សមត្ថកិច្ច​ និង​មន្ត្រី​សុខាភិបាល​បាន​រកឃើញ​នា​យប់​ថ្ងៃទី​ ២៣ ខែកក្កដា និង​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​


ជាមួយគ្នានេះដែរ មនុស្ស​ចំនួន​៥​នាក់​ត្រូវបាន​រកឃើញ​ដែលមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ ហើយ​ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យនៅ​ដាច់ដោយឡែក​សម្រាប់​តាមដាន​សុខភាព​ពួកគេ​ផងដែរ​។

លោកស្រី ឱ វណ្ណឌី​ន បានឱ្យដឹងថា អ្នកជំងឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​មកដល់ពេលនេះ​មាន​ស្ថានភាព​ធម្មតា ​និង​ត្រូវបាន​យកចិត្តទុកដាក់​ថែទាំ ព្យាបាល​យ៉ាង​ហ្មត់ចត់​ពី​ក្រុមគ្រូពេទ្យ​ផងដែរ ខណៈដែល​មនុស្ស ៥​ នាក់​ដែល​ពាក់ព័ន្ធ​នោះ​ក៏​មិនទាន់​បង្ហាញ​សញ្ញា​ណាមួយ ដែល​បញ្ជាក់​ពី​ការឆ្លង​នៅឡើយ​ទេ​។​ ទោះ​យ៉ាងណា​ពួកគេ​ចាំបាច់​ត្រូវ​នៅ​ដាច់ដោយឡែក នៅផ្ទះ​របស់​ពួកគេ និង​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​មួយរយៈ​ផងដែរ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ឃ្លាំមើល​ពួកគេ​ជាប្រចាំ​។​


ទាក់ទង​នឹង​នីតិវិធី​ច្បាប់​ទៅលើ​អ្នកជំងឺ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា នៅពេលនេះ​អ្វីដែល​ក្រសួង​ផ្តោត​សំខាន់​គឺ​លើ​ការថែទាំ ព្យាបាល​អ្នកជំងឺ​រូបនេះ​ឱ្យ​ជាសះស្បើយ​សិន ហើយ​សម្រាប់​ចំណាត់ការ​ណាមួយ​មួយ​នោះ​គឺ​ធ្វើ​នៅពេល​បន្តបន្ទាប់​ទៀត​។​

លោកស្រី​ថ្លែងថា៖ «​នីតិវិធី​ថា​តើ​ត្រូវ​ធ្វើយ៉ាងណា​ទៀត​នោះ គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ ប៉ុន្តែ​ពេលនេះ​សម្រាប់​ក្រសួង​គឺ​បន្ត​ផ្តល់​ការព្យាបាល​រហូត​ជាសះស្បើយ ហើយ​នីតិវិធី​បន្ទាប់​គឺ​អាស្រ័យ​លើ​រដ្ឋបាល​ និង​ផ្លូវច្បាប់​នៃ​ប្រទេស​កម្ពុជា ពិសេស​ខាង​សមត្ថកិច្ច​ដែល​ត្រូវធ្វើ​ការចាត់ចែង​បន្តបន្ទាប់​ទៀត​»​។​

យោងតាម​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត​កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា លោក Anutin Charnvirakul​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ថៃ បញ្ជាក់ថា ប្រទេស​ថៃ​មិនមាន​ផែនការ​ក្នុង​ការយក​អ្នកជំងឺ​អុត​ស្វា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ពី​កម្ពុជា​ទៅ​ព្យាបាល​នៅ​ប្រទេស​លោក​វិញ​ទេ​។​

លោក Anutin​បាន​លើកឡើងថា៖ «​វា​ជា​ការល្អ​ដែល​អ្នកជំងឺ​នេះ​ព្យាបាល​នៅ​កម្ពុជា ហើយ​យើង​រំពឹងថា​ស្ថានភាព​របស់គាត់​នឹង​ប្រសើរ​ឡើងវិញ​»​។​

ជំងឺ​អុត​ស្វា​ ឬ ​Monkeypox គឺជា​ជំងឺ​មួយ​ដែលមាន​លក្ខណៈ​ឆ្លង​ដែរ ប៉ុន្តែ​ការចម្លង​មិន​ដូច​ជំងឺ​កូ​វីដ​ ១៩​ ឡើយ​។ ការឆ្លង​ជំងឺ​នេះ តាមរយៈ​ការប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ ដូចជាប៉ះ​លើ​សរីរាង្គកាយ​របស់​អ្នកជំងឺ ប៉ះ​លើ​មុខ​ដំបៅ ឬ​ពងទឹក ឬ​ប៉ះពាល់​វត្ថុ​រាវៗ ឬ​របស់​ប្រើប្រាស់​របស់​អ្នកជំងឺ​តែម្តង​។​

តាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក អ្វីដែល​គេ​សង្កេតឃើញថា ​ក្នុងចំណោម​អ្នក​ដែល​ឆ្លង​ចំនួន​ ១៤ ៥៣៣​ នាក់​រួចហើយ​នេះ ភាគច្រើន​នៃ​ការឆ្លង​ជំងឺ​អុត​ស្វា​គឺ​កើត​ច្រើន​លើ​បុរស​ហើយ​អ្វីដែល​គេ​សង្កេតឃើញ​ទៀត​គឺ​លើ​អ្នកមាន​ទំនាក់ទំនង​ផ្លូវ​ភេទបុរស​ស្រឡាញ់​បុរស និង​អ្នក​ដែល​រកស៊ី​ផ្លូវភេទ​ផងដែរ​។​

រយៈពេល​នៃ​ការព្យាបាល​ជំងឺ​អុត​ស្វា​នេះ ចាប់ពី​២​ទៅ​៣​សប្តាហ៍ គឺ​សម្រាប់​អ្នក​ដែលមាន​ការសង្ស័យ​និង​ពិនិត្យឃើញ​មាន​វីរុស​អុត​ស្វា​នេះ ត្រូវ​នៅ​ដាច់ដោយឡែក​រយៈពេល​២១​ថ្ងៃ និង​ត្រូវធ្វើ​ការពិនិត្យ​សំ​ណាក​ឡើងវិញ​រហូត​លទ្ធផល​អ​វិជ្ជមាន​ទើប​អាច​សន្និដ្ឋានថា ​ជាសះស្បើយ​។​

យោងតាម​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ជំងឺ​អុត​ស្វា​មាន​រោគសញ្ញា​ដូចជា​ ចេញ​កន្ទួល​រមាស់​បែប​ពងទឹក​នៅលើ​ដងខ្លួន បាតដៃ បាតជើង និង​ផ្ទៃមុខ អមដោយ​រោគសញ្ញា​ក្តៅខ្លួន​លើសពី ៣៨,៥ អង្សា​សេ និង​មាន​ឈឺក្បាល ហើម​កូនកណ្តុរ ឈឺ​សាច់ដុំ​ និង​ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំង​ខ្លាំង និង​រួម​ជាមួយនឹង​ប្រវត្តិ​ធ្វើដំណើរ​ទៅ​កន្លែង ដែលមាន​កើត​ជំងឺ​អុត​ស្វា​។​

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់បាន​ណែនាំ​ដល់​ប្រជាជន​ទូទៅ​ពី​ការការពារ​ការឆ្លង​ជំងឺ​នេះ ដោយ​ត្រូវអនុវត្ត​អនាម័យ​ខ្លួនប្រាណ និង​រស់នៅ​ស្អាត ដោយ​ធ្វើ​អនាម័យ​ដៃ​ស្អាត​ដោយ​សម្អាត​ជាមួយ​សាប៊ូ ឬ​ជែល ​អាល់កុល និង​អនុវត្ត​ការការពារ​ការចម្លង​តាមផ្លូវ​ដង្ហើម​។​

លោក​ថា៖ «​ត្រូវ​ចៀសវាង​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នក​ដែលមាន​ជំងឺ​នេះ ឬ​បុគ្គល​ដែល​សង្ស័យ រួមទាំង​ការរួម​ភេទ ជាពិសេស​ការប៉ះពាល់​ស្បែក​ឬ​កន្លែង​ដែលមាន​ចេញ​ពងទឹក​បែក​ជាដើម រហូតដល់​ជំងឺ​បានជា​សះស្បើយ និង​ចៀសវាង​ប៉ះពាល់​សម្ភារប្រើប្រាស់​រប​ស់​អ្នកជំងឺ ឬ​បុគ្គល​ដែល​សង្ស័យ ដូចជា​សម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវ​ទឹក ជាដើម ហើយ​ត្រូវ​បោកគក់ ឬ​លាង​សម្អាត​ឱ្យបាន​ត្រឹមត្រូវ​នូវ​សម្ភារប្រើប្រាស់ របស់​បុគ្គល​នេះ ដោយឡែក​»​។​

បុគ្គល​សង្ស័យ​ដែល​មិនមាន​រោគសញ្ញា មិនត្រូវ​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេ ហើយ​អាចធ្វើ​ការងារ​ជាធម្មតា គ្រាន់តែ​មានការ​ប្រុងប្រយ័ត្ន ដោយ​មិនត្រូវ​មានការ​ប៉ះពាល់​អ្ន​ក​ដទៃ​ក្នុងអំឡុងពេល​ធ្វើការ​តាមដាន​សុខភាព​រយៈពេល ២១ ​ថ្ងៃ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឈឺ​ជំងឺ​អុត​ស្វា​នេះ ​និង​ត្រូវ​បរិភោគ​ចំណីអាហារ​ដែល​ឆ្អិន​ល្អ និង​រក្សា​អនាម័យ​ចំណីអាហារ​ទាំង​ការ​ចម្អិន​អាហារ​ឱ្យបាន​ល្អ​៕