ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យប្រជាពលរដ្ឋ រស់នៅក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាទូរស័ព្ទ ត្រូវបញ្ឈប់ និងរុះរើចេញ បន្ទាប់ពីរកឃើញថា ការប្រើប្រាស់ឧបករណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។
វិធានការនេះ ធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងបុរី ក្នុងរាជធានីភ្នំពេញ រអ៊ូរទាំរឿងមិនមានសេវាទូរស័ព្ទគ្រប់ប្រព័ន្ធនៅតំបន់ពួកគេរស់នៅ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រាស្រ័យទំនាក់ទំនងសង្គម ជាពិសេសប៉ះពាល់ដល់ការធ្វើការងារជាដើម។
សេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ចុះថ្ងៃទី ២៦ ខែកក្កដា លើកឡើងថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរស័ព្ទចល័តក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តនៅតំបន់នោះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។
ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ពីនិយតករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ចៀសវាងការប្រឈមនឹងវិធានការច្បាប់។
ក.ប.ទ. បញ្ជាក់ដែរថា យោងតាមមាត្រា ៨៤ នៃច្បាប់ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ រៀល”។
ជាមួយគ្នានេះ ក.ប.ទ. បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរស័ព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារបរិក្ខារ និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាព នៃសេវាផងដែរ។ ពលរដ្ឋម្នាក់រស់នៅក្នុងបុរី ១ នៅសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ លោក ចាន់ គ្រឹស្នា សាទរចំពោះសេចក្តីជូនដំណឹងរបស់ក្រសួង ក្នុងគោលបំណងធានាការពារការរំខាននេះ ប៉ុន្តែលោកថា ក្រសួងគប្បីពង្រឹងគុណភាពក្រុមហ៊ុនសេវាទូរស័ព្ទចល័ត ដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ដោយសារតែសេវាទូរស័ព្ទចល័តមួយចំនួន មិនដំណើរការ និងដំណើរការខ្សោយ ម្ល៉ោះហើយទើបពលរដ្ឋខ្លះ គាត់ភ្ជាប់ឧបករណ៍បង្កើតកម្លាំងសេវា ដែលការធ្វើបែបនេះ នាំឱ្យទូរស័ព្ទអ្នកមិនបានភ្ជាប់នោះ កាន់តែខ្សោយ ឬមិនដំណើរការតែម្តង។ អ៊ីចឹងខ្ញុំមិនបន្ទោសភាគីខាងណានោះទេ តែសង្ឃឹមថា ក្រុមហ៊ុនទូរស័ព្ទចល័ត អាចពង្រឹងគុណភាពរបស់ខ្លួន ពិសេសក្នុងបរិបទកូវីដនេះ ការទំនាក់ទំនងតាមទូរស័ព្ទ និងតាមអនឡាញជារឿងសំខាន់ ដែលអាជ្ញាធរ គប្បីធានាដល់ប្រជាពលរដ្ឋទូទៅ»។
ពលរដ្ឋម្នាក់ទៀត លោក អ៊ុក សុភា រស់នៅបុរីកួស្រូវ ២ ខណ្ឌដង្កោ រាជធានីភ្នំពេញបានថ្លែងថា ព្រោះតែគ្មានសេវាហ្នឹងហើយបានជាខំចំណាយលុយទិញឧបករណ៍ចាប់សេវា ដើម្បីមានសេវាអាចទូរស័ព្ទចេញចូល និងប្រើអ៊ីនធឺណិតបាន។ ក្នុងករណីនេះ លោកស្នើទៅក្រសួង គួរមានវិធានការដោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីធានាដល់ការប្រើប្រាស់របស់ពលរដ្ឋប្រកបដោយនិរន្តរភាព។
លោកនិយាយថា៖ «តើក្រសួងបានសិក្សាច្បាស់លាស់ពាក់ព័ន្ធរឿងនេះទេ បើតម្រូវឱ្យដោះឧបករណ៍ចេញម៉ោងនេះពេលនេះ តើអាចតេចេញ តេចូលទំនាក់ទំនងក្នុងសង្គមបានដោយរបៀបណា? បើក្រសួងជំរុញក្រុមហ៊ុនឱ្យពង្រីកសេវាបានល្អក្នុងតំបន់ណា ខណ្ឌណា សង្កាត់ណា ចាំប្រកាសឱ្យដោះចេញទាំងអស់គ្នាតែម្ដងទៅ ហើយត្រូវសន្យាជាមួយប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផងថា នឹងមានសេវាគ្រប់គ្រាន់មិនឱ្យខកបំណង»។
ពាក់ព័ន្ធនឹងសេវាទូរស័ព្ទនេះដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ១៤ ខែកក្កដា ឱ្យដឹងថា ក្រសួង គ្រោងសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាពនិងតំបន់ទេសចរណ៍ដាច់ស្រយាល។
គម្រោងសាងសង់នេះធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ ថា រាល់កម្មវិធីនានា លោកតែងតែប្រើទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសឱ្យការប្រើប្រាស់ Wifi ដោយសារតែសេវាអ៊ីនធឺណិត Wifi យឺតពេក មិនអាចប្រើប្រាស់បាន និងស្នើឱ្យក្រុមហ៊ុននានាពង្រឹងសេវាអ៊ីនធឺណិតឡើងវិញ។
លោកថ្លែងថា៖ «សូមក្រុមហ៊ុននានា និងវិស័យពាក់ព័ន្ធ ត្រូវពង្រឹងសេវាទូរស័ព្ទ អ៊ីនធឺណិត។ សេវាត្រូវតែពង្រឹង តាមតំបន់ទេសចរណ៍ ក្នុងក្រុង និងតាមជនបទ ព្រោះគេត្រូវទាក់ទងធ្វើការងារ គេដើរលេងផងធ្វើការផង»៕
វីដេអូ៖