កំពង់ធំៈ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​សហការ​ជាមួយ​មហាវិទ្យាល័យ​ធនធាន​រ៉ែ និង​ភូគព្ភសាស្ត្រ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​គេ​ស្គាល់​ថា សាលា​តិចណូ (Techno) បាន​ធ្វើការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ (Petrography) ទៅលើ​សម្ភារ​ស្ថាបត្យកម្ម និង​បុរាណវត្ថុ​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃគុក​រយៈពេល​ ៤​ ថ្ងៃ ពីថ្ងៃ​ទី​ ២៦-២៩ ខែកក្កដា​។


អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យ​ដឹងថា​៖ «​ការសិក្សា​នេះ​អនុវត្ត​ផ្ទាល់​តាម​ប្រាសាទ និង​រុករក​ប្រភព​ទីតាំង​ថ្ម និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ឥដ្ឋ​នា​សម័យ​បុរាណ ដើម្បី​លើកកម្ពស់​ចំណេះដឹង និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​កិច្ចការ​អភិរក្ស​សំណង់​ស្ថាបត្យកម្ម​បុរាណ​»​។

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៩ ខែកក្កដា ថា ការសិក្សា​នេះ​បាន​វិភាគ​ទៅលើ​ឥដ្ឋ ថ្មភក់ ថ្មបាយក្រៀម ថ្មស៊ីស ថ្មកំបោរ និង​បំណែក​បាយអរ​នៃ​ក្រុម​ប្រាសាទ​យាយ​ព័ន្ធ ក្រុម​ប្រាសាទតោ ក្រុម​ប្រាសាទ​សំបូរ ក្រុម​ប្រាសាទ​របង​រមាស ប្រាសាទ​ខ្នាច​ទោល និង​ការដ្ឋាន​យក​ថ្មបាយក្រៀម​សម័យបុរាណ​។


ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ឧបករណ៍​វិភាគ​ ២ ​ប្រភេទ​គឺ Magnetic Suscebility KT-10 Meter ដែលជា​ឧបករណ៍​វិភាគ​ម៉ាញ៉េ​ទិច​របស់​ថ្ម និង​ Hand-held X-ray Fluorescence ដែលជា​ឧបករណ៍​វិភាគ​ប្រើ​កាំរស្មីអ៊ិច​រ៉េហ្លុយអរេសិន​ សម្រាប់​វិភាគ​ធាតុ​ផ្សំ​ផ្សេងៗ ដូចជា ភាគរយ​ស៊ីលីកា ដែក អាលុយមីញ៉ូម​ជាដើម​។

ប្រភព​ដដែល​បញ្ជាក់ថា បន្ទាប់មក​ក្រុម​អ្នកស្រាវជ្រាវ​បាន​ជ្រើសរើស​នូវ​គំរូ​សំណាក​ថ្ម និង​ឥដ្ឋ​ចាំបាច់​មួយ​ចំនួន​សម្រាប់​សិក្សា​បន្ត​នៅ​មន្ទីរពិសោធន៍​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​៕