មណ្ឌលគិរីៈ កត្តា​សុខសន្តិភាព​ពេញលេញ​ក្រោម​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ធ្វើឱ្យ​កម្ពុជា​មាន​ពេលវេលា និង​លទ្ធភាព​ពេញលេញ​ក្នុង​ការគិតគូរ​រៀបចំ​ពង្រឹង​ខ្លួន​ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​ខ្លួន​នៅសល់​។ នេះ​គឺជា​ការថ្លែង​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​បរិស្ថាន​នា​ថ្ងៃទី​ ២៨ ខែកក្កដា ក្នុងពេល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ស្វែងយល់​ពី​ការងារ​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី​។


លោក​បាន​គូស​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ននេះ ការអភិរក្ស​ធនធាន​ធម្មជាតិ​មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង កម្ពុជា​ទទួល​បាន​ជោគជ័យ​លក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​អន្តរជាតិ​ចាប់​តាំងពី​ឆ្នាំ ២០១៦ ​មក​ដោយ​ចាប់​ផ្តើមដំបូង​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី ហើយ​គម្រោង​ឥណទាន​កាបូន​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា​នេះ​បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​ការអនុវត្ត​គម្រោង​ឥណទាន​កាបូន​នៅ​តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត​នៅ​កម្ពុជា​»​។

ដែនជម្រក​សត្វព្រៃ​កែវសីមា​ដែលមាន​ផ្ទៃដី​សរុប​ទំហំ​ ២៩២ ៦៩០ ​ហិកតា​គឺ​ស្ថិតក្រោម​ការការពារ​ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​តាំងពី​ឆ្នាំ​ ២០១៦​ មក​។ ដែន​ជម្រក​នេះ​មិន​ត្រឹមតែ​ជា​ដែនជម្រក​សត្វព្រៃ​ដែលមាន​ព្រៃស្រោង ​និង​អាច​លក់​ឥណទាន​កាបូន​នោះទេ តែ​ជា​តំបន់​ការពារ​ធម្មជាតិ​ដែលមាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការអភិរក្ស​សត្វព្រៃ​ និង​ជីវៈចម្រុះ​ជាច្រើន​ទៀត​។


លោក​ នេត្រ ភក្ត្រា ​បាន​ថ្លែងថា ជាមួយ​ប្រភេទ​សត្វ រុក្ខជាតិ​ និង​ប្រភេទ​ផ្សិត (fungi species) ​ចំនួន​ ៩៥៩ ប្រភេទ​ដែល​ជា​របក​គំឃើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​ និង​បាន​កត់ត្រា​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​មន្ត្រី​គ្រប់គ្រង​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើឱ្យ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្លាយជា​តំបន់​ការពារ​ធម្មជាតិ​មួយ​ដែលមាន​ធនធាន​ជីវៈចម្រុះ​សម្បូណ៌​បែប​ជាងគេ​ក្នុង​ចំណោម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ​មាន​ប្រសាសន៍​បន្តថា ដែនជម្រក​សត្វព្រៃ​កែវសីមា​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុង​ការអភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយស កង្កែប​ដុះ​ស្នែង​អូររាំង ប្រភេទ​មាំសាសី និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ក្នុងនោះ​ប្រភេទ​សត្វ​ និង​រុក្ខជាតិ ៧៥ ប្រភេទ​ជា​ប្រភេទ​រង​ការគំរាម​កំហែង​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។


លោក​រដ្ឋលេខាធិការ​ក៏បាន​ឱ្យដឹងថា កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧,៣ លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១% ​នៃ​ប្រទេស​កម្ពុជា​។ ដោយសារ​កត្តា​សុខសន្តិភាព និង​ការការពារ​ និង​អភិរក្ស​មាន​ភាពប្រសើរ​ឡើង​ចំពោះ​តំបន់​ការពារ​ធម្មជាតិ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចាប់ពី​ឆ្នាំ​ ២០១៦ ​មកដល់​ឆ្នាំ​ ២០២០​ បាន​ទឹកប្រាក់​ចំនួន ​១១,៦ ​លាន​ដុល្លារ​អាមេរិក​។

រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​បាននិង​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​មាន ដើម្បី​យក​ថវិកា​មក​បង្កើន ​និង​ពង្រឹង​ការងារ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែលមាន និង​ការចូលរួម​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​។

លោក​បាន​ឡើង​ថា​៖ «​នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក​»​។ លោក​បាន​បន្ថែមថា ក្រៅពី​ដែនជម្រក​សត្វព្រៃ​កែវសីម៉ា កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅ​គម្រោង​រ៉េដ​បូក​ក្រវ៉ាញ​ខាងត្បូង​ (​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែនជម្រក​សត្វព្រៃ​តាតៃ​) ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​។ ជាមួយ​គ្នា​នេះ ដែនជម្រក​សត្វព្រៃ​មួយចំនួន​ទៀត​ដូចជា​ដែនជម្រក​សត្វព្រៃ​ឆែប ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែនជម្រក​សត្វព្រៃ​ព្រះរការ និង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ពក​ភ្នំ​ត្នោត ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស និង​ដែនជម្រក​សត្វព្រៃ​មួយចំនួន​ទៀត​បាននិង​កំពុង​ដាក់​លក់​នៅលើ​ទីផ្សារ​ឥណទាន​កាបូន​។

ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នេះ​ត្រូវ​បាន​ប្រើប្រាស់​ សម្រាប់​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ចូលរួម​អភិវឌ្ឍ​សហគមន៍​នៅ​មូលដ្ឋាន​ក្នុង​នោះ​រួមមាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែល​បាន​ចូលរួម​ក្នុង​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ផ្តល់​ជម្រើស​ថ្មី និង​កែប្រែ​ជីវភាព​សម្រាប់​ពួកគាត់ បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការចិញ្ចឹម​សត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

លោកស្រី ឆាយ គឹមហៀក ប្រធាន​ផ្នែក​សហគមន៍​រេដបូក​កែវសីមា​នៃ​អង្គការ WCS ដែល​អនុវត្ត​គម្រោង​រួមគ្នា​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បានឱ្យ​ដឹងថា សម្រាប់​ឆ្នាំ​ ២០២២ ​នេះ សហគមន៍​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា​ទទួលបាន​ថវិកា​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត ដែល​កើនឡើង​ ៣ ​ដង​។

លោកស្រី​បាន​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ ថវិកា​បាន​មកពី​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្ត​បាន​ចែករំលែក​ដល់​សហគមន៍​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​កើនឡើង​ពី ២០ ​ម៉ឺន​នៅ​ឆ្នាំ​ ២០២១ ដល់​ចំនួន​ ៦០ ​ម៉ឺន​ដុល្លារ​អាមេរិក ដែលមាន​ចំនួន​កើនឡើង​ ៣ ​ដង បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដោយមាន​ការបែងចែក​តាម​ភូមិ​ចំនួន​ ២០ ទៅតាម​ពិន្ទុ​របស់ខ្លួន​ក្នុង​ការចូលរួម​ការពារ​ធនធាន​ធម្មជាតិ​»​។

លោកស្រី បាន​បង្ហាញ​ក្តី​រំពឹងថា នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​នេះ ថវិកា​ដែល​បាន​មកពី​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម៏គ្រ​ចិត្ត​ដែល​នឹងធ្វើ​វិភាជ​ដល់​សហគមន៍​អាច​កើន​ដល់ ១ ​លាន​ដុល្លារ ប៉ុន្តែ​ទាល់តែ​មាន​ការខិតខំ​ចូលរួម​ពី​សហគមន៍​នៅក្នុង​ដែន​ជម្រក​ជាដើម​។

ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney និង​ក្រុមហ៊ុន Gucci ជាដើម​។ រហូត​មកដល់​ពេលនេះ មាន​តែ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា មុននឹង​ទិញ​ឥណទាន​កាបូន​នេះ មាន​ការវាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេងៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ ដើម្បី​ធានា​ការពារ​ និង​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​តំបន់​ការពារ​ធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​ និង​ជីវៈចម្រុះ​ផ្សេងទៀត​។ ការសម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា​គឺ​បាន​បង្ហាញថា​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​បាន​នូវ​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធាន​ធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​បាន​ល្អ​ប្រសើរ កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​នឹង​អាច​លក់​ឥណទាន​កាបូន​បាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​បរិស្ថាន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា​ដែល​បាន​មកពី​ការលក់​ឥណទាន​កាបូន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​តំបន់​នោះ​»៕