ភ្នំពេញៈ អាជ្ញាធរ​កម្ពុជា​ប្តេជា​បន្ត​ពង្រឹង​ការ​ចែករំលែក​ព័ត៌មាន​ពី​ស្ថានភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាមួយ​អាជ្ញាធរចិន ដើម្បី​រួមគ្នា​ប្រយុទ្ធ និង​ទប់ស្កាត់​បទឧក្រិដ្ឋកម្ម​ឆ្លងដែន។


កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ជួប​ជាមួយ​លោក Wu Jianmin អ្នក​ទទួល​បន្ទុក​ការិយាល័យ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន-កម្ពុជា។

ស្ថានទូតចិន​ប្រចាំកម្ពុជា​បញ្ជាក់​តាម​រយៈហ្វេសប៊ុក​នាថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ភាគី​ទាំង ២ បាន​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ស៊ី​ជម្រៅ​លើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋកម្ម​ឆ្លងដែន។


ស្ថានទូតចិន​បញ្ជាក់​ថា៖ «ឯកឧត្តម នាយឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្តច្បាប់​រវាង​ប្រទេស​ទាំង​២ និង​មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា​រីករាយ​បន្ត​ពង្រឹង​ការ​ចែករំលែក​ព័ត៌មាន​ស្ថានភាព​និង​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយភាគីចិន​ដោយ​តាម​រយៈការិយាល័យ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង ចិន-កម្ពុជា ដើម្បី​រួមគ្នា​ប្រយុទ្ធ​និង​ទប់ស្កាត់​បទឧក្រិដ្ឋកម្ម​ឆ្លងដែន»៕