ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្តើមសាងសង់ស្ថានីយអង់តែននៅតាមបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះអង់តែន១បង្គោលអាចបំពាក់បាន ៣ ប្រតិបត្តិករ និងស្នើការយោគយល់ពីប្រជាពលរដ្ឋចូលរួមរុះរើឧបករណ៍បង្កើនកម្លាំងសេវា ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់ស្ទង់គុណភាពសេវា។
ពាក់ព័ន្ធគុណភាពសេវាទូរស័ព្ទចល័តនេះ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយតករទូរគមនាគមន៍កម្ពុជា ចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣១ ខែកក្កដា កន្លងទៅនេះ។
ការចុះត្រួតពិនិត្យនេះ មានគោលបំណង ដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាទូរស័ព្ទបន្ទាប់ពីបានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៣ បង្គោល តំបន់នោះ។ ជាមួយគ្នានេះដែរ មន្ត្រីចំនួន ៩៥ រូប ក៏បានដើរសម្ភាសប្រជាពលរដ្ឋតាមផ្ទះនៅគ្រប់គម្រោង សំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែសីហានេះថា ក្រសួងបានកំពុងសិក្សាជាបន្តបន្ទាប់ និងបានចាត់ក្រុមការងារចុះពង្រឹងគុណភាពសេវានៅតាមបុរី ហើយក៏បានចាប់ផ្តើមសាងសង់បង្គោលអង់តែនមួយចំនួននៅតាមបុរីក្នុងរាជធានីភ្នំពេញផងដែរ។
លោកថា៖ «ជាក់ស្តែងបង្គោលអង់តែនដែលបានសាង់សង់រួចហើយមានចំនួន ១៣ បង្គោលនៅប៉េងហួតបឹងស្នោ ហើយ បុរីផ្សេងទៀតក៏ចាប់ផ្តើមសាង់សងអង់តែនបណ្តើរៗហើយ»។ លោកបន្តថា តាមរយៈរបាយការណ៍នៃការវាស់ស្ទង់គុណភាពសេវានៅក្នុងតំបន់បុរី បន្ទាប់មានការដំឡើងអង់តែនមួយចំនួនរួចហើយ ឃើញថា គុណភាពសេវាមានភាពប្រសើរឡើង។
លោកបន្ថែមថា ការសង់បង្គោលអង់តែននេះអាស្រ័យដង់ស៊ីប្រជាជនច្រើនឬតិច ដោយបុរីខ្លះសង់ ២ បង្គោល ខ្លះ ៥ និងខ្លះ ១០ បង្គោល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង។
លោកថា៖«ក្រសួងជំរុញឱ្យប្រតិបត្តិករចូលរួមសាងសង់អង់តែននេះ ហើយប្រើជាអង់តែនរួម ដែលពីមុន ១ បង្គោលអង់តែនសម្រាប់តែប្រតិបត្តិករ ១ ទេ ប៉ុន្តែឥឡូវនេះ ១ បង្គោលអង់តែនអាចដាក់បាន ៣ ប្រតិបត្តិករ»។
ជាមួយគ្នានេះដែរ លោកសុំសំណូមពរដល់ប្រជាពលរដ្ឋឱ្យរុះរើឧបករណ៍បង្កើនកម្លាំងសេវា ព្រោះបើសិនជាមិនចូលរួមទាំងអស់គ្នាទេ ក្រុមការងារជំនាញពិបាកក្នុងការវាស់គុណភាពសេវានៅក្នុងតំបន់នោះ ថាត្រូវបំពាក់អង់តែនប៉ុន្មាន ឬក៏ប្តូរឧបករណ៍ និងបរិក្ខារអ្វីខ្លះ?។
លោកថា៖ «ក្រសួងយល់ច្បាស់ណាស់ថា ប្រជាពលរដ្ឋចង់បានគុណភាពសេវាល្អ ប៉ុន្តែសូមឱ្យមានការសហការ យើងចង់ឆ្លុះបញ្ចាំងថាស្ថានភាពគុណភាពសេវានៅតំបន់នោះយ៉ាងម៉េច ចឹងអាចស្នើឱ្យប្រតិបត្តិករទៅបំពាក់ឧបករណ៍អង់តែនទៅតាមគោលដៅ ដើម្បីពង្រឹងគុណភាពសេវា។
មិនយូរមិនឆាប់គុណភាពនឹងប្រសើរឡើងប្រសិនជាយើងមានសហការល្អ ទាំងប្រតិបត្តិករ ជាពិសេសម្ចាស់បុរី និងពលរដ្ឋខ្លួនឯង»។
ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ លោក លីវ សុផាណារិទ្ធ បញ្ជាក់ថា គម្រោងសាងសង់ស្ថានីយអង់តែន ១០០ បង្គោល ដែលក្រសួងប្រកាសកន្លងមកគឺសម្រាប់សាងសង់នៅតំបន់ទេសចរណ៍អាទិភាព និងដាច់ច្រយាលទេ ដោយមិនរាប់បញ្ចូលការសង់នៅក្នុងបុរីឡើយ។
លោក ឈុន វិច្ឆ័យ រស់នៅក្នុងបុរីប៉េងហួតបឹងស្នោប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកសប្បាយចិត្តនៅពេលឃើញក្រសួងមានការយកចិត្តទុកដាក់ជាងលើកមុនៗ ដោយបានសាង់សង់អង់តែន និងចុះឈ្វេងយល់ផលវិបាករបស់ប្រជាពលរដ្ឋពាក់ព័ន្ធសេវាទូរស័ព្ទនេះ។
លោកបន្តថា សម្រាប់រូបលោកផ្ទាល់តាំងពីដើមមកមិនបានបំពាក់ឧបករណ៍បង្កើនសេវាទេ ប៉ុន្តែផ្ទះអ្នកផ្សេងមួយចំនួនបានដំឡើង និងបានរុះរើមួយចំនួនវិញ បន្ទាប់ពីមានការណែនាំពីក្រសួងថ្មីៗកន្លងទៅ។ លោកថា៖ «សង្ឃឹមថាពួកគាត់នឹងរុះរើឧបរករណ៍នោះនាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ក្រុមការងារជំនាញ ប៉ុន្តែខ្ញុំក៏ស្នើដល់ក្រសួងដែរ ត្រូវធានាថា អ្នករស់ក្នុងបុរី គឺមានសេវាប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពួកគាត់ចូលរួមសហការ អ៊ីចឹងខ្ញុំមិនបន្ទោសខាងណាទេ»។
លោក លីវ សុផាណារិទ្ធ ពន្យល់បន្ថែមថា នៅពេលដែលប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវាតែមួយ វាអាចជួយទាញយកសេវាតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែបើយើងប្រើប្រាស់ឧបករណ៍នេះចាប់ពី ២ឡើងទៅវានឹងបង្កឱ្យមានការឆ្លងគ្នា ហើយអ្នករស់នៅជិតខាងគ្នានឹងធ្វើឱ្យមានការឆ្លងរំខានគ្នាទៅវិញទៅមក ហើយឈានទៅរកការប្រើប្រាស់មិនបានទាំងអស់គ្នាតែម្តង៕
វីដេអូ៖