ភ្នំពេញៈ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ឆ្លង​ជំងឺ​អុត​ស្វា ដែលជា​ករណី​ដំបូង នៃ​ការនាំ​ចូលមក​ក្នុងប្រទេស​កម្ពុជា ​ហើយ​ត្រូវបាន​រកឃើញ កាលពី​ថ្ងៃទី ​២៣ ​ខែកក្កដា ​នៅតែ​បន្ត​សម្រាក​ព្យាបាល​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ​ដដែល​ដោយ​នៅមាន​វិជ្ជមាន​វីរុស​នេះ​នៅឡើយ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។​


លោកស្រី​ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ឱ្យដឹង​នៅ​យប់​ថ្ងៃទី​ ១ ​សីហា ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា​៖«ព័ត៌មាន​បច្ចុប្បន្នភាព នា​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ២២:១០ ​នាទី​យប់ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ ​កំពុង​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​នៅមាន​វិជ្ជមាន​វីរុស​អុត​ស្វា ​នៅឡើយ​។ ស្ថានភាព​សុខភាព​គាត់​មិន​អី​ទេ»។

លោកស្រី​បន្ថែមថា ​សម្រាប់​អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​បុរស​អ្នកជំងឺ​ជនជាតិ​នីហ្សេរីយ៉ា​រូបនេះ​ចំនួន​ទាំង​ ៥ ​នាក់​ ដែល​កំពុងតែ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក ​ដើម្បី​តាមដាន​សុខភាព​នោះ ក៏​មិនមាន​រោគសញ្ញា​អ្វី​ដែរ ​គឺ​ស្ថានភាព​ធម្មតា​ ប៉ុន្តែ​ត្រូវធ្វើ​ការតាមដាន​សុខភាព​នៅផ្ទះ​ដាច់​ដោយឡែក​បន្តទៀត​។


ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ចៀសវាង ​និង​ការពារ​បាន​ពី​ការចម្លង​មេរោគ​អុតស្វា​នេះ ​ដោយ​មិនត្រូវ​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ដែលមាន​ការសង្ស័យ​ថា ​មាន​ជំងឺ​អុត​ស្វា ឬ​បុគ្គល​ដែលមាន​ជំងឺ​អុត​ស្វា​តែម្តង​។​

តើ​ធ្វើយ៉ាងណា​ដើម្បី​ឱ្យដឹងថា​បុគ្គល​នោះ​សង្ស័យ​មាន​ជំងឺ​អុត​ស្វា​ឬ​មិនមាន​ជំងឺ​អុត​ស្វា​?


លោកស្រី​ ឱ វណ្ណឌីន ​ប្រាប់ថា​ សម្រាប់​បុគ្គល​អាច​សង្ស័យមាន​ជំងឺ​អុតស្វា ​ដោយ​សម្គាល់​ទៅលើ​អាការ​មួយចំនួន​ ដូចជា ​ការកើតចេញ​នូវ​រមាស់​ ដំបៅ​ពងទឹក​លើ​ដៃជើង ​ផ្ទៃមុខ ​ដែលជា​ចំណុច​ចាប់ផ្តើម​របស់​ជំងឺ​អុត​ស្វា​។

លោកស្រី​បន្តថា​៖«នៅ​ពេលនោះ​ក៏មាន​អម​នូវ​ការឡើង​កម្តៅ​ក្តៅ​ខ្លូន ដែល​កម្តៅ​នេះ​ដល់ ​៣៨,៥​ អង្សាសេ​ឡើង ​ដែល​​ពេលនោះ​ដំបៅ​ពងទឹក​ ក៏​ចាប់​ផ្តើមចេញ​នៅតាម​ដៃជើង​មុខ​ និង​មាន​នៅតាម​ប្រដាប់​បន្តពូជ​ផងដែរ។ ការដែល​ចេញ​នេះ វា​អម​ជាមួយនឹង​ការ​ហើម​កូនកណ្តុរ ​ឈឺខ្លួន​ប្រាណ ឈឺ​សាច់ដុំ និង​អស់កម្លាំង​ខ្លាំង​តែម្តង»។​

រយៈពេល​នៃ​ការព្យាបាល​ជំងឺ​អុត​ស្វា​នេះ​ ចាប់ពី​ ២ ​ទៅ ​៣ សប្តាហ៍ គឺ​សម្រាប់​អ្នក​ដែលមាន​ការសង្ស័យ​។ បើ​ពិនិត្យ​ឃើញ​មាន​វីរុស​អុត​ស្វា​នេះ ត្រូវ​នៅ​ដាច់ដោយឡែក​រយៈពេល ​២១ ​ថ្ងៃ និង​ត្រូវធ្វើ​ការពិនិត្យ​សំណាក​ឡើងវិញ រហូត​លទ្ធផល​អវិជ្ជមាន ​ទើប​អាច​សន្និដ្ឋានថា​ ជាសះ​ស្បើយ។​

បើតាម​លោកស្រី​ ឱ វណ្ណឌី​ន មកដល់ពេលនេះ ​កម្ពុជា​មិនទាន់មាន​ករណី​ជំងឺ​អុត​ស្វា​ក្នុង​សហគមន៍​នៅឡើយ​ទេ គឺ​មានតែ​ករណី​នាំចូល​ដោយ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ឈ្មោះ​អូស​ម៉ុង ស៊ី​ហា​ហ្ស៊ី​រី​ម ​(OSMOND CHIHAZIRIM) អាយុ​ ២៧ ​ឆ្នាំ ដែល​បានគេច​ចេញពី​ប្រទេស​ថៃ​ ចូលមក​ប្រទេស​កម្ពុជា។​

ការរីក​រាលដាល​នៃ​ជំងឺ​អុតស្វា​នេះ​ដែរ ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ក៏បាន​ប្រកាស​អាសន្ន​ពី​ករណី​ផ្ទុះ​ការ​រាលដាល​នៃ​ជំងឺ​អុតស្វា​នៅ​ពាសពេញ​សកលលោក​ផងដែរ​។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​(WHO) លោក Tedros Adhanom Ghebreyesus ​លើកឡើង​កាលពី​ថ្ងៃ​ទី ២៣​ ខែកក្កដា​ថា​ ការ​រាតត្បាត​នៃ​ជំងឺ​អុត ស្វា​បាន​រីក​រាលដាល​ជុំវិញ​ពិភពលោក​យ៉ាង​ឆាប់​រហ័ស​៕