ភ្នំ​ពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU បាន​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​របស់​យុវជន​ម្នាក់ដែល​បាន​លើក​ឡើង​ថា ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះ​ដូរ​ដី​តំបន់​ភ្នំ​តាម៉ៅស្ថិត​ក្នុងឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ​ ហើយ​ក្រោយ​ស្រាវ​ជ្រាវ​ករណី​នេះ ACU រកឃើញថា មិន​មាន​ភាព​មិន​ប្រក្រ​តី ឬ​មាន​តម្រុយ​នៃ​អំពើពុក​រលួយ​នោះ​​ទេ។


តាម​លិខិត​របស់​លោក ឱម យ៉ិន​ទៀង ប្រធាន ACU ចេញ​កាលពី​ខែ​កក្កដា​ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​ ២ ខែ​សីហា បាន​ឱ្យ​ដឹង​ថា ACU ទទួល​បាន​ពាក្យ​បណ្តឹង​របស់​លោក តាន់ គឹមសួរ ​​ដែល​បាន​លើក​ឡើងពី​ភាព​មិន​ប្រក្រតី​ក្នុងការ​ដោះដូ​រដី​តំបន់​ភ្នំ​តាម៉ៅ នៅថ្ងៃទី​ ១៣ ខែ មិថុនា ឆ្នាំ ២០២២ និង​បាន​ប្រជុំ​ពិនិត្យ​ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២។

តាម​រយៈលិខិត​ដដែល​នេះ​ លោក ឱម យ៉ិន​ទៀង បាន​ឱ្យ​ដឹង​ថា ក្រោយ​ពិនិត្យ​លើក​រណីនេះ​ ACU រក​មិន​ឃើញ​តម្រុយ​នៃ​ការពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​ឡើយ។ លោក​បញ្ជា​ក់ថា៖« ACU យល់​ឃើញ​ថា ករណី​ខាង​លើ​នេះ មិន​បាន​បង្ហាញ​​ពីភាពមិន​ប្រក្រតី ឬ តម្រុយ​នៃ​អំពើ​ពុក​រលួយ ដែល​ជា​សមត្ថ​កិច្ច​របស់​ ACU ទេ ហើយ​ប្រសិន​បើ​ថ្ងៃខាង​មុខ លោក​រក​ឃើញ ឬប្រទះ​ថា ក្នុង​រឿង​នេះ មាន​តម្រុយ​នៃ​អំពើ​ពុក​រលួយ សូម​លោក កុំស្ទាក់​ស្ទើរ នឹង​វិល​ត្រឡប់​ដាក់​ពាក្យ​ប្តឹង​មក ACU សាជា​ថ្មី​»។


​ជាមួយ​គ្នា​នេះ លោក ឱម យិន​ទៀង បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​រាយការណ៍ និង​ការ​លើក​សំណូម​ពរ​ដែល​បង្ហាញ​ពីការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះដូរ​ទីតាំង​ខាង​លើនេះ។ ​លោកបន្ត​ថា ការដោះ​ដូរ​ទីតាំង​ដី​​នោះ​គឺ​ជាកិច្ច​ការ​រដ្ឋបាល លើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​សាធា​រណៈ និង​ទ្រព្យ​សម្បត្តិឯក​ជន​របស់​រដ្ឋ តាម​ច្បាប់ស្តី ពីការ​គ្រប់​គ្រង ការ​ប្រើ​ប្រាស់ និង​ការ​ចាត់​ចែង​លើទ្រ​ព្យ​សម្បត្តិ​រដ្ឋ។

លោកលើក​ឡើង​ថា ក្នុង​ការ​ដោះដូរ​ដីនេះ ឃើញថា​ មាន​ការ​ផ្តល់​ជូន​ស្ថាប័ន​រដ្ឋ នូវលក្ខខណ្ឌ​អំណោយផ​លជាច្រើន​រួម​ទាំង​ទីតាំង​ដីថ្មី ដែល​មាន​អគារ ហេដ្ឋា​រចនា​សម្ព័ន្ធ និ​ង​មាន​បំពាក់​សម្ភារ​បច្ចេក​ទេស ជាច្រើន ដែល​បង្ហាញ​ថា ការ​ដោះដូរ​នេះ​មាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ច្បាស់​លាស់​។


លោក​ប្រធាន​ ACU លើក​ឡើង​ទៀត​ថា លើស​ពីនេះ ក៏មាន​ការ បង្កើត​ទីតាំង​ថ្មី​ចំនួន ៣ នៅក្នុង​ខេត្តកំពង់​ឆ្នាំង ខេត្ត​សៀ​មរា​ប និង​ខេត្ត​មណ្ឌល​គិរី ដែល​ទីតាំង​ថ្មី​នេះ​មាន​ការ​ពង្រីក​ឱ្យ​បាន​កាន់​​តែ​ធំឡើង​ដែល​នេះ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​មាន​ការ​គិត​គូរ​ជ្រៅ​ជ្រះ​ទៅ​លើការ​ពង្រឹង​សមត្ថ​ភាព និង​ចីរភាព​ក្នុងការ​អភិ​រក្ស សត្វ​ព្រៃ​។

លោក​បញ្ជាក់​ទៀត​ថា​៖«តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ប្រមូល​ឯក​សារ ការ​ពិនិត្យ​លើលិខិត​បទដ្ឋាន​គតិយុត្ត​នានា ជាពិសេស​ច្បាប់​ស្តីពី​ការ គ្រប់​គ្រង​ការ​ប្រើ​ប្រាស់ និង​ការ​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ ACU រក​ឃើញ​ថា មិន​មាន​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​ដោះដូ​រ​ខាង​លើទេ ហើយ​លិខិត​លេខ ៣២ ស.ជ.ណ.ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី មាន​លក្ខណៈ​ គ្រប់​គ្រាន់​តាម​គោល​ការណ៍​ច្បាប់​» ។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទំនាក់​ទំនង​សុំការ​បំភ្លឺ​បន្ថែម​ពីលោក តាន់ គឹម​សួរ បាន​ទេ នៅ​ថ្ងៃទី ២ ខែសីហា ​ប៉ុន្តែ ក្រោយទ​ទួល​បាន​លិខិត​ពី ACU ​ លោក តាន់ គឹមសួរ បាន​សរសេរ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី ២៨ ខែ​កក្កដា​ថា​៖ «នេះ​គឺជា​លិខិត​ឆ្លើយ​តប របស់ ACU មកកា​ន់ខ្ញុំ ខ្ញុំ​មិន​មាន​ការ​ជំទាស់​ទៅលើ​ការ​លើ​កឡើង​របស់​ ACU ទេ។​ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​មួយ​ទេ ខាង​អគ្គនាយក​ក្រុម​ហ៊ុន Khmer Fresh Milk បា​នឆ្លើយ​បំភ្លឺ​មក​កាន់​ខ្ញុំ​ថា មិន​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការស្នើ​សុំផ្ទេរ​សិទ្ធ​កាន់​កាប់ដីភ្នំ​តាម៉ៅទេ តែបែ​រ​ជា​ធ្វើលិខិត​ផ្លូវ​ការ​មួយ​ទៅ ACU ថា បាន​ធ្វើការ​ស្នើសុំ​ទៅ​វិញ»​​។

​ភ្នំពេញ​ប៉ុស្តិ៍មិន​អាច​ស្វែង​រក​ សុំការ​បំភ្លឺ​ពីនាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខ្មែរ​ហ្វ្រេស​មិល លោក ឈរ រិទ្ធី បាន​ទេនៅថ្ងៃ​ទី ២ ខែសី​ហា។​

ចំណែក​ លោក លី សាវេ​ត អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​តាកែវ បាន​ឱ្យដឹង​ថា មក​ដល់​ពេល​នេះ រដ្ឋបាល​ខេត្ត​នៅតែ​មិន​ទា​ន់​បាន​ទទួល​បាន​ព័ត៌មាន​យ៉ាង​ណាមួយ ជុំវិញ​ការ​ដោះដូរ​ដី​នោះនៅ​ឡើយទេ។

លោក​បញ្ជាក់​ថា៖ «ក្រសួង​កសិកម្ម​គាត់​ជា​សាមី​អង្គភាព​ហើយ​បើសិន​ជា​គាត់​បាន​គោល​ការណ៍​ពីរាជ​រដ្ឋាភិបាល​យ៉ាង​ណាមួយ គាត់​អនុវត្តនីតិវិធី​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទៅ ពេល​ចប់​សព្វ​គ្រប់​ដល់​ដំណាក់​កាល​ចុះបញ្ជីទើប​មក​ដល់​អាជ្ញាធរ​ខេត្ត»​ ។

តាមរយៈ​លិខិត​​​របស់​លោកវេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទដែល​ ភ្នំ​ពេញ ប៉ុស្តិ៍​ ទទួល​បាន​កាល​ពីថ្ងៃទី ១៧ ខែ​ឧសភា បាន​ឱ្យ​ដឹងថា ​ការ​ដោះដូរ​ទីតាំង​ដី​ នៅតំបន់​ភ្នំតាម៉ៅ មិន​ប៉ះ​ជាន់​លើ​ផ្ទៃដី​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដែលមាន​ទំហំ​ជាង ៤០០ ហិកតា និង​មាន​របង​ព័ទ្ធជុំវិញ​ជាង​ ៨ ៣៩៤​ ម៉ែត្រ មាន​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​បាន​អភិវឌ្ឍ​កន្លងមក​នោះឡើយ​។ ជាមួយគ្នា​នោះ​ ការអភិវឌ្ឍ​តំបន់​នោះ ក៏​មិន​ប៉ះពាល់​ទៅដល់​ការ​សហការ​ជួយ​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) ឬ​ការអនុវត្ត​អនុស្សរ​ណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អង្គការ Wildlife Alliance នោះ​ផងដែរ​៕