ភ្នំពេញៈ ប្រទេស​កម្ពុជា ​និង​ប្រទេស​កាតា បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ក៏ដូចជា​ក្នុង​ការជំរុញឱ្យ​ចាប់ផ្តើម មាន​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​ផងដែរ​។​


​ការឯកភាព​គ្នា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​កាតា កាលពី​ថ្ងៃទី​ ០៣ ខែសីហា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួប​នេះ ភាគី​ទាំង​២​បាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ក៏ដូចជា​ក្នុង​ការជំរុញឱ្យ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​ផងដែរ​។


​នាឱកាស​នោះ លោក ប្រាក់ សុខុន បាន​ស្នើឱ្យ​ប្រទេស​កាតា បញ្ជូន​គណៈប្រតិភូ​ធុរកិច្ច មក​ចូលរួម ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ​នាំចេញ​-​នាំចូល​កម្ពុជា លើក​ទី​១៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៥-១៨ ខែ ធ្នូ ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ស្វែងរក​ឱកាស​អាជីវកម្ម និង​ពាណិជ្ជកម្ម​។

​លោក​ក៏បាន​ស្នើឱ្យ​មានការ​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ទេសចរណ៍​ផងដែរ​។​


​រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ការពិភាក្សា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន ដែលមាន​ផលប្រយោជន៍​រួម និង​បាន​យល់ស្រប​គ្នា​លើ​ការការពារ​ពហុភាគី​និយម និង​គោលការណ៍​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។

​ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិផងដែរ​។​

​ក្នុងជំនួប​នោះ លោក Sheikh Mohammed bin Abdulrahman Al-Thani បាន​អញ្ជើញ លោក ប្រាក់ សុខុន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា​ក្នុងពេល​ឆាប់ៗ​ខាងមុខ សំដៅ​ស្វែងរក​កាលានុវត្តភាព​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក Sheikh Mohamed bin Abdulrahman Al-Thani នឹង​អញ្ជើញ​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​៕​