កំពង់ស្ពឺៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​បានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ ​របស់ខ្លួន (​មិថុនា ១៩៩២- មិថុនា ២០២២) និង​ពិធី​បំពាក់​ឋានន្ដរស័ក្ដិ​កងយោធពល​ខេមរភូមិន្ទ​ជូន​មន្ត្រី​CMAC ​ចូលនិវត្តន៍​កាលពី​ថ្ងៃទី​ ៤ ខែសីហា នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន ខេត្តកំពង់ឆ្នាំង​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​នោះ​។

​លោក​បាន​កោតសរសើរ​ចំពោះ​វីរភាព​អង្គ​អាច​ក្លាហាន​របស់​មន្ត្រី​អង្គភាព ​CMAC ដែល​បាន​លះបង់​ពេលវេលា សេចក្តីសុខ​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួម​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បាន​បន្សល់ទុក​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​។


​លោក​បាន​លើកឡើងថា​៖ «​គ្រាប់មីន​កប់​ក្នុង​ដី​ដ៏​ច្រើន ស្លាកស្នាម​នៃ​ពិការភាព ការបាត់បង់​អាយុជីវិត និង​ទុក្ខសោក​របស់​កុមារកំព្រា​រាប់ពាន់នាក់ ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​នាពេល​កន្លងមក គឺជា​តឹកតាង និង​មេរៀន​ដ៏​ឈឺចាប់ ដែល​យើងទាំងអស់គ្នា​ត្រូវ​ចងចាំ​ជានិច្ច និង​មិនត្រូវ​បំភ្លេច​ឡើយ​»​។

​លោក​មេបញ្ជាការ​កងទ័ព​ជើងគោក ក៏បាន​ចូលរួម​រំលែក​នូវ​ការសោកស្តាយ​ចំពោះ​អ្នកដោះមីន ដែល​បានទទួល​រងរបួស​និង​ពលី ក្នុងអំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​ពួកគេ និង​សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​អស់លោក លោកស្រី​ទាំងអស់នោះ​ផងដែរ​។​


​យោងតាម ​CMAC ​បានឱ្យដឹងថា ក្រោយ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ​ ១៩៩១ កម្លាំង​នាំមុខ​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNAMIC) បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ វិច្ឆិកា ឆ្នាំ​ ១៩៩១​។ អ្វីដែល​សំខាន់​របស់​បេសកកម្ម​ UNAMIC គឺ​ត្រូវ​សម្របសម្រួល​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ (UNHCR) ដើម្បី​ធ្វើការ​សម្រប​សម្រួលការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​រៀបចំ​ទីលំនៅ​ថ្មី​សម្រាប់​ជនភៀសខ្លួន​កម្ពុជា​ពី​ជំរំ​ជនភៀសខ្លួន​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ជាដើម​។

​ពេលនោះ​ UNAMIC ​ក៏បាន​បង្កើត​កងអនុសេនាតូច​ដោះមីន​ចំនួន​៣​កង​មាន​កម្លាំង​ចំនួន​ ១០០ ​នាក់ ដើម្បី​បង្កើត​អង្គភាព​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​ធ្វើការ​បោសសម្អាត​មីន​។ ការ​បោសសម្អាត​មីន​ពេលនោះ​សំដៅ​គ្រាន់តែ​បើកផ្លូវ​សុវត្ថិភាព​បន្ទាន់ៗ​បំផុត​តែប៉ុណ្ណោះ ដើម្បី​ធានា​សុវត្ថិភាព​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​។​

​ក្រោម​ការគ្រប់គ្រង​រប​ស់ UNTAC និង​ដោយមាន​ការគាំទ្រ​ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ជាន់ខ្ពស់ (SNC) កងអនុសេនាតូច​ដោះមីន​ទាំងបី​កង​របស់​UNAMIC បាន​ក្លាយជា​អង្គភាព​ហ្វឹកហ្វឺន​បោសសម្អាត​មីន (MCTU) នៅ​ខែមេសា ឆ្នាំ​១៩៩២ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ព្រមទាំង​បាន​ពង្រីក​កម្លាំង​ដោះមីន​រហូតដល់​ ៤៦ ​កងអនុសេនាតូច មាន​អ្នកដោះមីន​សរុប​ប្រមាណ​ ១ ៥០០ នាក់​។​

​រហូតមកដល់​ថ្ងៃទី​ ១០ ខែ មិថុនា ឆ្នាំ​ ១៩៩២ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ក៏បាន​អនុម័ត​សំណើសុំ​បង្កើត​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ក្នុង​គោលដៅ​អនុវត្ត​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​ការអប់រំ​ពី​មីន​។​

​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាភិបាល​ CMAC ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ១៩៩២​។ ក្រុមប្រឹក្សាភិបាល​អង្គភាព​ CMAC នាពេលនោះ​ដឹកនាំ​ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែលមាន​សមាសភាព​តំណាង​មកពី​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ និង​ការិយាល័យ​តំណាង​ពិសេស នៃ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​ផងដែរ​។ ក្រោយមក​នៅ​ខែសីហា ឆ្នាំ​ ១៩៩៣ UNTAC បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​នៅ​កម្ពុជា អ្នកដោះមីន​របស់ MCTU ត្រូវបានធ្វើ​សមាហរណកម្ម​មក​ក្នុង​អង្គភាព​ CMAC ដែល​ធ្វើឱ្យ​អង្គភាព​CMAC​មាន​បុគ្គលិក​សរុប​ចំនួន​ប្រមាណ​ ២ ០០០ ​នាក់​។​

​មន្ត្រី​បុគ្គលិក​នៃ​អង្គភាព ​CMAC ​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​ហ៊ុន ម៉ា​ណែ​ត ដែល​បានអនុញ្ញាត​ឱ្យកម្លាំង​ស៊ីម៉ាក់​បាន​ចូល​ក្រប​ខ៏​ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ប្រយោជន៍​ដើម្បី​ទទួលបាន​របប​សោធន​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ កម្លាំង​ស៊ីម៉ាក់​ចំនួន​ ២៥០​ នាក់ ​ដែល​បាន​បញ្ចូល​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​រួចរាល់​ហើយ​នោះ​ទទួលបាន​កិត្តិយស​ការបំពាក់​ឋានន្ដរស័ក្ដិ​ពី​សំណាក់​លោក​ហ៊ុន ម៉ា​ណែ​ត​ផងដែរ​៕​