កំពង់ធំៈ ក្រុម​អ្នកជំនាញ​ការខ្មែរ​នៃ​នាយកដ្ឋាន បុរាណវិទ្យា​ និង​អភិរក្ស​នៃ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក (​អ.ជ.ស.ព.) បាន​បញ្ចប់​ការជួសជុល​កំណាយ​ស្រាវជ្រាវ​ក្រុម​ប្រាសាទ​ខ្នាច​ទោល (M.103) បន្ទាប់ពី​ចាប់​អនុវត្ត​គម្រោង​កាលពី​ខែមីនា ឆ្នាំ​ ២០២២ ​កន្លងមក ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ឆ្នាំ​ ២០២២​។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​នៅ​ថ្ងៃទី ​៥ ​ខែ​សីហា​នេះ​។


ក្រុម​ប្រាង្គ​ប្រាសាទ​នេះ ស្ថាបនា​ជាប់​ពី​ខាងត្បូង​បឹង​ខ្នាច​ទោល​ជា​ប្រាសាទ​មួយ​ដែល​មាន​ទំនាក់ទំនង​សំខាន់​ជាមួយ​នឹង​ស្លាក​ស្លាម​ផ្លូវ​ខាងជើង​ប្រ៉ប​មាត់បឹង​ខ្នាច​ទោល​របស់​រាជធានី​។

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក​បាន​បញ្ជាក់ថា កិច្ចការ​នេះ​ផ្តោត​សំខាន់​ចំនួន ​២ ​គឺ​៖ ទី​ ១. ការសិក្សា​ស្រាវជ្រាវ​ផ្តោត​លើ​រូបរាង​នៃ​ប្រាង្គ​ទី​ ១ ប្រាង្គ​ទី​ ២ និង​ទំហំ​រូបរាង​នៃ​ក្រុម​ប្រាសាទ​ព្រមទាំង​ការកំណត់​ដំណាក់កាល​សាងសង់ តាមរយៈ​ការធ្វើ​កំណាយ និង​ទី​ ២. ការលើក​តម្លៃ​ផ្តោត​លើក​ការរក្សា​នូវ​តុល្យភាព​នៃ​ស្ថានភាព​អភិរក្ស​របស់​ប្រាង្គ​ប្រាសាទ​ ដែល​ជា​លទ្ធផល​ពី​កំណាយ និង​បង្ហាញ​រូបរាង​ដើម​របស់​ប្រាសាទ ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការយល់ដឹង​អំពី​ស្ថាបត្យកម្ម នគរោបនីយកម្ម និង​ទេសភាព​បុរាណ​ក្នុង​បរិវេណ​កំពែង​រាជធានី​ឦសានបុរៈ​ជាមួយ​ការពង្រីក​ និង​កែលម្អ​ខ្សែ​ទស្សនាចរណ៍​ថ្មី​ស្របតាម​ផែនការមេ​នៃ​កិច្ចអភិរក្ស​ និង​អភិវឌ្ឍន៍ របស់​ អ.ជ.ស.ព.។


ជា​លទ្ធផល​ពី​កំណាយ​បាន​បង្ហាញ​រូបរាង​ដើម​របស់​ប្រាសាទ ដែល​បាន​កប់​ក្នុង​ដី ដើម្បី​ជា​គុណប្រយោជន៍​ដល់​ការយល់ដឹង​អំពី​ស្ថាបត្យកម្ម នគរោបនីយកម្ម និង​ទេសភាព​បុរាណ​ក្នុង​បរិវេណ កំពែង​រាជធានី​ឦសាន​បុរៈ​ជាមួយ​ការពង្រីក​ និង​កែលម្អ​ខ្សែ​ទស្សនាចរណ៍​ថ្មី​ស្រប​តាម​ផែនការមេ​នៃ​កិច្ច​អភិរក្ស​ និង​អភិវឌ្ឍន៍ របស់​ អ.ជ.ស.ព.៕