ភ្នំពេញៈ ក្រសួង​សុខាភិបាល​រំឭក​ជា​ថ្មី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​បន្ត​អនុវត្ត​វិធាន​ការការពារ នូវ​ការ​ចម្លងជំងឺ​អុតស្វា​នេះ ខណៈ​ជំងឺ​នេះ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​កើនឡើង​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​សកល​លោក នៅ​ប្រទេស​ក្នុង​តំបន់ និង​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​សម្រាប់​ការ​ព្រួយ​បារម្ភ​អន្តរជាតិចំពោះ​ជំងឺ​នេះ។


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ចេញ​លិខិត​ក្រើន​រំឭក​ជា​ថ្មី​ម្តង​ទៀត ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ការ​ចម្លង​ជំងឺ​អុតស្វា ដែល​កំពុង​មាន​ការ​កើនឡើង​នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភពលោក។ ក្នុង​លិខិត​ក្រើន​រំឭក​ចេញ​ថ្ងៃ​ទី​៥ ខែ​សីហា លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​សម្រាប់​ការ​ព្រួយ​បារម្ភ​អន្តរជាតិ ដែល​បណ្តា​ប្រទេស​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​តាមដាន​ស្ថានភាព​នៃ​ការ​ចម្លង ដោយពង្រឹង​ប្រព័ន្ធ​តាម​ដាន​ជំងឺ​នៅ​ក្នុង​ប្រទេស​នីមួយៗ រួម​ជាមួយ​នឹង​ការ​អនុវត្ត​វិធានការ​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ។

រហូតមក​ដល់​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០២២ ករណី​ជំងឺ​អុតស្វា សរុប​នៅ​លើ​សកល​លោក​មាន​ចំនួន ២៥០៥៤នាក់ (កើនឡើង ៦២,៨០% ធៀប​ជាមួយ​តួលេខ (១៥៧៣៤ករណី) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២២) និង​ស្លាប់​សរុប​ចំនួន ១១​នាក់ (កើន ១០០% ធៀប​ជាមួយតួលេខ​ស្លាប់ (៥នាក់) នៅថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០២២) ដែល​បាន​រាយការណ៍​ជូន​ទៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ពី​បណ្តាប្រទេស​ចំនួន ៨៥ (កើន​ឡើង​ចំនួន ១០​ប្រទេស​ថែម​ទៀត បើ​ធៀប​ទៅ​នឹង​តួលេខ​នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ ២០២២ មាន ៧៥ប្រទេស)។


លោក ម៉ម ប៊ុនហេង បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក ការ​ស៊ើបអង្កេត​អេពីដេមីសាស្រ្ត​អំពី​ការ​រាតត្បាតកំពុង​បន្ត ហើយ​ករណី​ជំងឺ​អុតស្វា​ដែល​បាន​រាយការណ៍​ភាគច្រើន គឺ​ឆ្លង​តាម​រយៈការ​រួមភេទ ដែល​ភាគច្រើន​ឃើញ​កើតមាន​លើ​បុគ្គល​ដែលរួមភេទ​ដូចគ្នា (បុរសនិងបុរស) ឬ​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​គ្នា ជាពិសេស ជាមួយ​ដៃគូ​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៃ​តំបន់អាហ្វ្រិក អឺរ៉ុប និង​អាមេរិក​ខាង​ជើង ឬ ប្រទេស​ផ្សេង​ទៀត​ដែល​មាន​លេចឡើង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺនេះ។

ទន្ទឹម​នឹង​នោះ នាថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០២២ ក៏​មាន​ការ​រាយការណ៍​ពី​ការ​រកឃើញ​អ្នក​ជំងឺ​អុតស្វា​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ជា​ករណីទី៤ នៃ​ការ​ឆ្លង​វីរុស​អុតស្វា​លើ​ស្រ្តី អាយុ ២២ ឆ្នាំ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បុរស​ជា​ជនបរទេស​នៅ​កន្លែង​កម្សាន្ត​សប្បាយ។


ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​សកម្ម​ចូលរួម​បន្ត​អនុវត្ត​វិធាន​ការការពារ នូវការ​ចម្លង​ជំងឺ​អុតស្វា​នេះ ហើយ​បុគ្គល គ្រួសារ និង​សហគមន៍ ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​ខ្ពស់​អនុវត្ត​វិធានការ បង្ការ​ការ​ចម្លង​ជំងឺ​ផ្ទាល់​ខ្លួន និងទៅ​អ្នក​ដទៃ ដែល​មាន​ដូច​ខាង​ក្រោម​នេះ ៖

ត្រូវ​អនុវត្ត​អនាម័យ​ខ្លួន​ប្រាណ និង​រស់​នៅស្អាត ដោយ​ធ្វើ​អនាម័យ​ដៃ​ស្អាត​ដោយ​សម្អាត​ជាមួយ​សាប៊ូ ឬ​ជែល​អាល់កុល និង​អនុវត្ត​ការការពារ​ការ​ចម្លង​តាម​ផ្លូវ​ដង្ហើម។ ចៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​ជំងឺ​នេះ ឬ​បុគ្គល​ដែល​សង្ស័យ រួមទាំង​ការ​រួមភេទ ជាពិសេស ការ​ប៉ះពាល់​ស្បែក ឬ​កន្លែង​ដែល​មាន​ចេញ​ពងទឹក​បែក​ជាដើម រហូត​ដល់​ជំងឺ​បាន​ជា​សះស្បើយ។

ចៀសវាង​ប៉ះពាល់​សម្ភារ​ប្រើប្រាស់​របស់​អ្នក​ជំងឺ ឬ​បុគ្គល​ដែល​សង្ស័យ ដូចជា សម្លៀក​បំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយ​ត្រូវ​បោកគក់ ឬ​លាង​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​សម្ភារ​ប្រើប្រាស់ របស់​បុគ្គល​នេះ ដោយ​ឡែក។ បុគ្គល​សង្ស័យ​ដែល​មិន​មាន​រោគ​សញ្ញា មិន​ត្រូវ​ដាក់​ធ្វើ​ចត្តាឡីស័ក​ទេ ហើយ​អាច​ធ្វើ​ការងារ​ជាធម្មតា គ្រាន់តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​មិន​ត្រូវ​មាន​ការ​ប៉ះពាល់​អ្នក​ដទៃ​ក្នុង​អំឡុងពេល​ធ្វើ​ការ​តាម​ដានសុខ ភាព​រយៈពេល ២១​ថ្ងៃ​បន្ទាប់​ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឈឺ​ជំងឺ​អុតស្វានេះ។

ត្រូវ​បរិភោគ​ចំណី​អាហារ​ដែល​ឆ្អិនល្អ និង​រក្សា​អនាម័យ​ចំណី​អាហារ​ទាំង​ការ​ចម្អិន​អាហារ​ឱ្យ​បាន​ល្អ។ ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វ (រស់ ឬ​ស្លាប់) និង​រក្សា​អនាម័យ​ដៃ​ជានិច្ច។ ប្រសិន​បើ​បាន​ជា​ជ្រុល​ប៉ះពាល់ សូម​កុំ​យក​ដៃ​ទៅ​ប៉ះពាល់​សរីរាង្គ​ណា​មួយ​លើ​ដង​ខ្លួន​ឱ្យ​សោះ និងត្រូវ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ ឬ​អាល់កុល​ភ្លាមៗ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «បុគ្គល​ដែល​មាន​ចេញ​កន្ទួល​រមាស់​អម​ដោយ​គ្រុន​ក្តៅ និង​មាន​រោគ​សញ្ញា​ដូចខាង​លើនេះ ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ភ្លាមៗ​ឱ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្រូពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក និង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ភ្លាមៗ​រហូត​ដល់​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បានច្បាស់​លាស់ ជាមួយ​នឹង​ការ​ធ្វើ​វិភាគ​មន្ទីរ​ពិសោធន៍​ផងដែរ»។

អាជ្ញាធរមូលដ្ឋាន ត្រូវ​បន្ត​អប់រំ​សុខភាព​ប្រជាជន និង​លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពី​ការ​ការពារ​ការ​ចម្លងរោគ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។ ៣. សម្រាប់​គ្រូពេទ្យ បម្រើការ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល (ទាំងរដ្ឋ និង​ឯកជន) ៖ការ​លើក​កម្ពស់​ការ​យល់ដឹង និង​ការ​អប់រំ​អ្នក​កំដរ​ជំងឺ ព្រមទាំង​បុគ្គលិក​សុខាភិបាល ត្រូវ​ធ្វើ​ជា​ចាំបាច់ ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ការ​ចម្លង​បាន​ទាន់​ពេល​វេលា ជាពិសេស បុគ្គលិក​សុខាភិបាល ត្រូវតែ​អនុវត្ត​វិធានការ​ការពារ​ផ្ទាល់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​មាន​ការ​គ្រប់គ្រង​ការ​ចម្លង​រោគឆ្លង​នៅ​ក្នុង​មន្ទីរពេទ្យ​ឱ្យ​បានត្រឹមត្រូវ។

អនុវត្ត​ការពារ​ការ​ចម្លង​រោគ​នៅ​ក្នុង​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព​ស្រប​តាម​លក្ខណៈ​បច្ចេក​ទេសពេទ្យ​ដែល​ធ្លាប់​បាន​បណ្តុះបណ្តាល និងណែនាំ​កន្លងមក​ហើយ​នៅ​ក្នុង​បរិបទ​ការពារ​ជំងឺ​កូវីដ១៩។ ពេល​ជួប​ករណី​សង្ស័យ ឬ​អ្នក​ឈឺ​ជំងឺ​នេះ ត្រូវ​ពាក់​ឧបករណ៍​ការពារ​ខ្លួន (PPE) មុន​នឹង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បុគ្គល​ដែល​សង្ស័យ។ គ្រប់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ត្រូវ​បន្ត​ពង្រឹង​ការ​តាម​ដាន​ជំងឺ និង​រាយការណ៍ករណី​សង្ស័យ ណាមួយ​ដែល​កើតមាន​ឡើង​ដើម្បី​បន្ត​ការ​ស៊ើបអង្កេត។ ត្រូវ​តាមដាន និង​កំណត់​អត្តសញ្ញាណ​ករណី​ដំបូង ចង្កោម​នៃ​ការ​ឆ្លងមេរោគ ប្រភព​នៃ​ការ​ឆ្លង​ដើម្បី​ការពារ​ការ​ឆ្លងបន្ត ឱ្យ​បាន​ឆាប់បំផុត។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា៖ «ក្នុង​ករណី​សង្ស័យ​ដោយ​បុគ្គល​មាន​រោគ​សញ្ញា៖ ចេញ​កន្ទួល​រមាស់​បែបពង​ទឹក​នៅ​លើ​ដង​ខ្លួន បាត ដៃ បាតជើង និង​ផ្ទៃមុខ អម​ដោយ​រោគសញ្ញា​ក្តៅ​ខ្លួន​លើស​ពី ៣៨,៥ អង្សាសេ និង​មាន​ឈឺ​ក្បាល ហើម កូនកណ្តុរ ឈឺ​សាច់ដុំ​និង​ខ្លួន​ប្រាណ ឈឺចង្កេះ អស់​កម្លាំង​ខ្លាំង រួម​ជាមួយ​នឹង​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កន្លែង ដែល​មាន​កើត​ជំងឺ​អុតស្វា ត្រូវ​ដាក់​បុគ្គល​នោះ​ឱ្យ​នៅ​ដាច់​ដោយឡែក ដើម្បីធ្វើ​ការ​ពិនិត្យ​សុខភាព​ដោយ​ក្រុម​គ្រូពេទ្យ​ជា​ចាំបាច់​ភ្លាមៗ ឬ​អាច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត»។

សម្រាប់​បុគ្គល​ខាងលើ​នេះ ត្រូវ​ធ្វើ​តេស្ត​វិភាគ​នៅ​មន្ទីរពិសោធន៍ ដោយ​យក​វត្ថុ​សំណាក​ដំបៅ​នៅ​លើ​ដងខ្លួន​អ្នក​សង្ស័យ ឬ​អ្នក​ឈឺ​តាម​លក្ខណៈបច្ចេកទេស​ត្រឹមត្រូវ ហើយ​បញ្ជូន​ទៅ​ធ្វើ​វិភាគ​នៅ​មន្ទីពិសោធន៍​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ឬ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ខាង​លើ​នេះ ត្រូវ​ធ្វើ​រហូត​ដល់​អ្នក​ជំងឺ​បាន​ព្យាបាល​ជា​សះស្បើយ ឬ មាន​ការ​បញ្ជាក់​ពី​មន្ទីរពិសោធន៍​នូវ​លទ្ធផល​អវិជ្ជមាន​វីរុស​អុតស្វា​នេះ។ ត្រូវ​សាកសួរ​ដល់​អ្នក​នៅ​ជុំវិញ​ ជាពិសេស ក្រុម​គ្រួសារ ឬ​សាច់​ញាតិ ឬ​អ្នក​ប៉ះពាល់​ផ្សេងៗ ដើម្បី​តាមដានរក​អ្នក​ឆ្លង​បន្តគ្នា។ បង្កើន​ការ​តាមដាន និង​រាយការណ៍​ករណី​ជំងឺ​នេះ នៅ​ក្រោម​ច្បាប់​និយ័តកម្ម​អន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញ​រាយការណ៍​ដែល​មានស្រាប់៕