ភ្នំពេញៈ មន្ត្រី​បាន​បញ្ជាក់ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​ហើយ នា​ថ្ងៃទី​៦ ខែសីហា បន្ទាប់ពី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​នេះ​។​


​កាលពី​ប្រមាណ ​២ ​សប្តាហ៍​មុន បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​កើត​ជំងឺ​អុត​ស្វា​នេះ​បាន​រត់គេច​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រកឃើញ និង​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៣ ខែកក្កដា នៅ​ម្ដុំ​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ភ្លាមៗ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រា​មនា​ថ្ងៃទី​៦ ខែសីហា ថា​៖ «​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​សម្រាក​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នាពេល​កន្លងមក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ ដោយមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​អុត​ស្វា បញ្ជាក់​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​កម្ពុ​ជានា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២»​។


​លោកស្រី​បន្តថា បច្ចុប្បន្ន បុរស​រូបនេះ​ត្រូវបាន​ប្រគល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួចហើយ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​ទៅតាម​ការចាត់ចែង​រប​ស់​សមត្ថកិច្ច​។

​លោកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការ​ចម្លងជំងឺ​អុត​ស្វា​តាម​ការណែនាំ និង​ការ​ក្រើនរំឭក​បន្ថែមទៀត​រប​ស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ ខែសីហា​៕​