វិទ្យាល័យឃ្លាំងលើតម្រូវឱ្យសិស្សប្រុសកាត់សក់គំរូដូចគ្នា ដើម្បីពង្រឹងវិន័យ
ព្រះសីហនុៈ ស្ថិតក្នុងឥរិយាបថឈរតម្រៀបជួរនាពេលព្រឹកព្រលឹម គឺសិស្សទាំងប្រុស ទាំងស្រីម្នាក់ៗស្លៀកពាក់ឯកសណ្ឋានអាវពណ៌ស ស៊កចូលក្នុងខោពណ៌ខ្មៅ ខណៈភ្នែកពួកគេសម្លឹងមើលក្រណាត់ ១ ផ្ទាំងពណ៌ខៀវ លាយក្រហម និងមានរូបប្រាសាទអង្គរវត្តពណ៌សចំកណ្ដាលកំពុងបង្ហូតឡើងលើយ៉ាងយឺតៗដែលនេះគឺជាដំណើរការគោរពទង់ជាតិនៅក្នុងបរិវេណនៃវិទ្យាល័យឃ្លាំងលើក្រុងព្រះសីហនុ។
ទាំងនេះបង្ហាញពីទិដ្ឋភាពមួយដែលមើលទៅមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ប៉ុន្តែបើក្រឡេកមើលទៅក្បាលរបស់សិស្ស-ប្រុសម្នាក់ៗវិញ គឺសក់ពួកគេត្រូវបានកាត់ខ្លីតាមគំរូ ឬម៉ូដតែមួយ ខណៈសក់ក្បាលសិស្សស្រីវិញ ត្រូវបានចង ឬក្រងយ៉ាងមានរបៀបរៀបរយ។
យុវសិស្ស លី ឈុងអាន ភេទប្រុស អាយុ ១៤ ឆ្នាំ ដែលសក់ក្បាលត្រូវបានកាត់ខ្លីតាមទម្រង់មុខបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទក្នុងសំឡេងរួសរាយថា រូបគេរៀននៅថ្នាក់ទី ៩ (ក) នៃវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើក្នុងភូមិ ២ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ។
យុវសិស្សរូបនេះបានបង្ហាញចិត្តត្រេកអរដែលសាលាតម្រូវរូបគេក៏ដូចជាសិស្សប្រុសចាប់ពីទី ៧ ដល់ថ្នាក់ទី ១២ កាត់សក់ខ្លីម៉ូដដូចៗគ្នា។ ការកាត់សក់ខ្លីនេះ ឈុងអាន គិតថា មិនមែនជាការដាក់ទណ្ឌកម្មនោះទេ តែលោកនាយកសាលាចង់ឱ្យសិស្សម្នាក់ៗគោរពវិន័យ និងមានសណ្តាប់ធ្នាប់ល្អ។
យុវសិស្សរូបនេះបានបន្តថា៖ «ពីមុនៗមកនៅសាលារបស់ខ្ញុំមិនដែលមានការកាត់សក់ខ្លីម៉ូដតែមួយដូចៗគ្នាបែបនេះទេ។
ប៉ុន្តែក្នុងខែកក្កដា ឆ្នាំ ២០២២ នេះសិស្សប្រុសត្រូវបានលោកនាយកសាលាតម្រូវឱ្យកាត់សក់ខ្លីទាំងអស់គ្នា។ ការកាត់សក់ខ្លីនេះក៏ជាការរួមចំណែកជំរុញទឹកចិត្តខ្ញុំឱ្យស្រឡាញ់ការសិក្សាដែរ។ ប៉ុន្តែថ្លៃកាត់សក់ត្រូវចេញខ្លួនឯងដោយ ១ ក្បាល ៨ ពាន់រៀល តែបើសិស្សណាគ្មានលទ្ធភាពគឺសាលាចេញថ្លៃឱ្យ»។
ស្រដៀងគ្នានេះដែរ យុវសិស្សឈ្មោះ ហាក់ វិចិត្រមង្គល មានវ័យ ១៤ ឆ្នាំដែលរៀនថ្នាក់ទី ៩ (ក) នៃវិទ្យាល័យឃ្លាំងលើ ១ រូបដែរនោះ ក៏បានថ្លែងដែរថា ការដែលសាលាតម្រូវឱ្យរូបគេក៏ដូចជាសិស្សប្រុសដទៃទៀតកាត់សក់ខ្លីបែបនេះប្អូនមិនខឹងទេ ព្រោះថា រូបគេកំពុងស្ថិតក្នុងវ័យសិក្សា ហើយបើទុកសក់វែងចូលសាលារៀនក៏មិនល្អដែរ។
វិចិត្រមង្គល បានបញ្ជាក់ថា៖ «ធ្វើអ៊ីចឹងវាល្អម្យ៉ាងដែរ ព្រោះយើងស្ថិតក្នុងវ័យសិក្សាមិនត្រូវគិតពីរឿងលេងម៉ូដសក់ទេ។
ម៉ាក់ប៉ា ខ្ញុំក៏ពេញចិត្តនឹងសាលាធ្វើដូចនេះ គាត់ថាល្អតើ»។
លោក ស៊ី វុទ្ធី ជាគ្រូបង្រៀននៅថ្នាក់ទី ៩ នៃវិទ្យាល័យនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលការណ៍កាត់សក់សិស្សប្រុសនេះ លោកនាយកសាលាបានប្រជុំសួរយោបល់លោកគ្រូ អ្នកគ្រូ គ្រប់គ្នាអស់ហើយ។ ការឱ្យកាត់សក់ខ្លីនេះគឺបំណងឱ្យសិស្សសង្រួមចិត្តគោរពវិន័យរបស់សាលា។ ម្យ៉ាងបើគេឃើញសក់ក្បាលរបស់គាត់គឺគេស្គាល់ថាជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ។ ប៉ុន្តែលោកសង្កេតឃើញថា ការកាត់សក់បែបនេះមានសិស្សខ្លះសប្បាយចិត្ត និងសិស្សខ្លះក៏មិនសប្បាយចិត្តដែរ ព្រោះសិស្សខ្លះមិនស្រឡាញ់ម៉ូដសក់ដូចចិត្តគាត់ចង់បាន តែអ្នកមិនពេញចិត្តមានតិចតួចទេ។ ទោះជាយ៉ាងណា លោកក៏ដូចជាលោកគ្រូ អ្នកគ្រូផ្សេងទៀតនៅតែព្យាយាមពន្យល់ពួកគេពីម៉ូដបែបនេះថា វាសមរម្យហើយ ព្រោះអីយើងជាសិស្សនៅកំពុងសិក្សា។
លោកបានបន្តថា៖ «កន្លងមកសាលាបានអនុវត្តជាប្រចាំហើយដែរ ដែលនៅពេលគ្រូឃើញសិស្សណាទុកសក់វែង ក៏ណែនាំឱ្យកាត់ខ្លី។ តែក្រោយៗមកសិស្សខ្លះនៅតែទុកសក់វែងទៀតទើបសាលាប្រជុំឯកភាពគ្នាយកជាងមកកាត់ឱ្យពួកគេជាម៉ូដដូចៗគ្នា តែកាត់ទៅតាមទម្រង់មុខរបស់សិស្សម្នាក់ៗ។ ម្យ៉ាងនៅពេលសិស្សចេញទៅខាងក្រៅបើគេឃើញសក់ម៉ូដនេះគេនឹងស្គាល់ថា ជាសិស្សរបស់វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ។ បើគាត់ជួបគ្រោះថ្នាក់អ្វីមួយក៏សាលាទទួលព័ត៌មានបានលឿនដែរ។ ព្រោះទាំងនគរបាលទាំងកងរាជអាវុធហត្ថក្នុងខេត្តព្រះសីហនុបានទទួលព័ត៌មានពីសាលាអស់ហើយ។ ក្រោយពីជំងឺកូវីដចប់ សិស្សទាំងអស់បានចូលរៀនវិញ តែធ្លាក់ចុះសីលធម៌ និងវិន័យច្រើន»។
អ្នកស្រី សុខ លីនដា ដែលមានកូនស្រីម្នាក់រៀននៅវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើថ្នាក់ទី ៩ (ក) បានចាប់អារម្មណ៍នឹងការកាត់សក់ខ្លីនេះ ដោយអ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទថា អ្នកស្រីមិនមានកូនប្រុសដែលត្រូវកាត់សក់ខ្លីទេ ប៉ុន្តែអ្នកស្រីពេញចិត្ត ១០០% ដែលសាលាបានអនុវត្ត ឬមានគោលការណ៍បែបនេះ។
អ្នកស្រីបានបន្តថា អ្នកស្រីមិនឆ្លើយបដិសេធទេ ផ្ទុយទៅវិញអ្នកស្រីត្រេកអរពេញទំហឹង។ អ្នកស្រីសំណូមពរទៅនាយកសាលាឱ្យសិស្សស្រីៗចងសក់ជ្រោងឱ្យបានខ្ពស់ និងត្រូវពាក់បូក្រហម ឬបូខៀវ តែសូមប្រើថវិការបស់សាលារៀន។
អ្នកស្រីនិយាយថា៖ «ចំពោះកូនខ្ញុំវិញបើគាត់មិនព្រមធ្វើតាមសាលាសូមឱ្យគ្រូប្រាប់ខ្ញុំគឺខ្ញុំយកគាត់ទៅកាត់ខ្លួនឯង។ តែខ្ញុំបានប្រាប់កូនស្រីខ្ញុំដែរថា បើខាងសាលាគេត្រូវឱ្យកាត់សក់ ដើម្បីជាសោភណភាពខ្លួនឯង ជាការអប់រំឱ្យមានវិន័យល្អគឺកូនត្រូវតែធ្វើតាមសាលាទៅ»។
យ៉ាងណាក្ដី បើតាមអ្នកស្រី សុខ លីនដា នៅវិទ្យាល័យ ហ៊ុន សែនឃ្លាំងលើពេលដែលអ្នកស្រីទៅទទួលកូនមកផ្ទះគឺអ្នកស្រីសង្កេតឃើញមានសិស្សស្រីខ្លះទម្លាក់សក់វែង និងបបូរមាត់លាបក្រេមក្រហម ឬសាក់ដៃសាក់ជើង មិនសមជាសិស្សឡើយ។ ចំពោះសិស្សប្រុសមួយចំនួនតូចមានពាក់ក្រវិល ហើយបើចេញពីសាលានៅតាមផ្លូវបើកម៉ូតូបញ្ច្រាសជ្រែគេទៀត។
អ្នកស្រី លីនដា ថា៖ «ខាងសាលារៀនគេមានបង្កើតជាគ្រុបតេឡេក្រាម ដើម្បីទំនាក់ទំនងជាមួយមាតាបិតាសិស្សតែខ្ញុំឮសំឡេងម្តាយសិស្សម្នាក់បានវ៉យសំឡេងប្រាប់គ្រូឱ្យជួយអប់រំប្រដៅកូនគាត់ផង ព្រោះគាត់ជាប់រកស៊ីគ្មានពេលទេ។ ខ្ញុំឮបែបនេះខ្ញុំហួសចិត្ត ព្រោះគ្រូមិនអាចអប់រំសិស្សរាប់រយនាក់បានទេ បើគាត់អប់រំកូនខ្លួនឯងមិនបានផង ធ្វើម៉េចឱ្យគ្រូអប់រំបាន។ ម្តាយខំរកស៊ីដើម្បីកូនតែបើមិនលៃពេលដើម្បីមើលកូនអ៊ីចឹងបានប្រយោជន៍អី? ខ្ញុំមិនព្យាយាមចំណាយជីវិតខ្ញុំរកស៊ីដើម្បីទុកលុយឱ្យកូនចាយទេ តែខ្ញុំរកលុយដើម្បីឱ្យកូនទៅរៀនវិជ្ជា ដើម្បីឱ្យគាត់មានចំណេះចិញ្ចឹមជីវិតគាត់ទៅអនាគត»។
លោក សៀង រឹម នាយកវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការដែលសាលាតម្រូវឱ្យសិស្សប្រុសៗកាត់សក់ទម្រង់តែ ១ បែបនេះគឺទើបតែចាប់ផ្តើមក្នុងខែកក្កដា ឆ្នាំ ២០២២ ទេគឺពីថ្នាក់ទី ៧ ដល់ទី ១២។ ប៉ុន្តែលោកក៏បានជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលសិស្ស ២-៣ ខែមុនមកដែរ។ ទន្ទឹមនឹងនេះលោកបានប្រជុំជាមួយលោកគ្រូ អ្នកគ្រូ ហើយសម្រេចឯកភាពគ្នាទៀតផង។
លោកថ្លែងថា៖ «តាំងពីជំងឺកូវីដផ្ទុះខ្លាំង សិស្សយើងរៀនតាមអនឡាញពីផ្ទះ ដល់ពេលចូលរៀនវិញ ឃើញថា សិស្សមួយចំនួនមានការធ្លាក់ចុះក្រមសីលធម៌ និងវិន័យខ្លាំង។ ដូចនេះខ្ញុំគិតថា ត្រូវពង្រឹងវិន័យឡើងវិញបើគាត់ចេះគោរពខ្លួនឯងក៏គាត់ចេះគោរពអ្នកដទៃដែរ។ ជាដំបូងគឺឱ្យសិស្សគោរពវិន័យផ្ទៃក្នុងរបស់សាលាសិន ហើយបើសិស្សគោរពវិន័យបាននោះគឺការរៀនសូត្ររបស់គាត់ក៏ប្រឹងប្រែងដែរ។ ការអនុវត្តកាត់សក់របៀបម៉ូដតែមួយបែបនេះហាក់ពិបាកបន្តិចពីដំបូងហើយក៏មានការរិះគន់ពីអាណាព្យាបាលសិស្សមួយចំនួនផងដែរ។
តែដោយសារខ្ញុំចង់ឱ្យសិស្សមានវិន័យល្អ ទាល់តែខិតខំពុះពារ ទោះជួបការលំបាកក៏ដោយ តែបន្តិចទៀតពួកគេនឹងស៊ាំនឹងសក់របស់គេហើយ»។
លោកបន្តថា ការធ្វើបែបនេះតែងតែប៉ះពាល់ខ្លះដល់អារម្មណ៍សិស្ស តែលោកគិតថាក្នុងបំណងពង្រឹងវិន័យសិស្សទេ មិនមែនមានន័យថា កាត់សក់ខ្លីរៀនពូកែយ៉ាងណានោះគឺមិនសំដៅដូច្នោះទេ តែធ្វើយ៉ាងណាឱ្យសិស្សមានវិន័យល្អតែប៉ុណ្ណោះ។
យ៉ាងណាក្ដី លោកថា នៅខែទី ១ គឺធ្វើមិនទាន់បានល្អទេ តែសម្រាប់ខែខាងមុខៗគឺលោកនឹងអនុវត្តឱ្យបានល្អហើយ។ ចាប់ពីខែសីហា ឆ្នាំ ២០២២ ទៅសាលានឹងមានជាងកាត់សក់ប្រចាំសាលាផ្ទាល់ខ្លួនឯង តែពីដំបូងសាលាបានជួលជាងពីខាងក្រៅក្នុងសក់ ១ ក្បាលថ្លៃ ៨ ពាន់រៀល តែជាងប្រចាំសាលាយកតែ ៦ ពាន់រៀលទេ។ រីឯសិស្សក្រីក្រសាលាចេញថ្លៃឈ្នួលជូន។
ជុំវិញករណីនេះលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាធម្មតា សិស្សត្រូវមានភារកិច្ចគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងសាលា។ ការកាត់សក់ខ្លីជាកាតព្វកិច្ចមួយរបស់សិស្ស តែបើពេញចិត្តសក់ដូចសាលាបង្ហាញគំរូគឺជាការល្អបំផុត។ អាចថានេះជាការដាក់វិន័យចំពោះសិស្សទំនើងដែលទុកសក់វែង ឬលាបពណ៌ជាដើម។
លោកស្រីថ្លែងថា៖ «សូមកូនៗដែលខិតខំរៀនសូត្រ និងគោរពវិន័យកុំបារម្ភពីបញ្ហាសក់សំខាន់កូនៗរៀបចំខ្លួនប្រាណ និងកាត់សក់ខ្លីតាមទម្រង់មុខរៀងៗខ្លួនមានឯកសណ្ឋានសិស្សដែលគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ការមានវិន័យគឺទទួលបានទាំងចំណេះដឹង និងឥរិយាបថល្អ ដើម្បីត្រៀមខ្លួនជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិក្រុមគ្រួសារ និងខ្លួនឯង»។
ជុំវិញបញ្ហានេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា គុណភាពគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគុណភាពគ្រូបង្រៀនអាចជះផលវិជ្ជមានលើគុណភាពអប់រំ។
បើតាមលោកអ្នកនាំពាក្យរូបនេះ ច្បាប់ស្តីពីការអប់រំបានចែងដល់ការរក្សាសីលធម៌ និងការគោរពបទបញ្ជាផ្ទៃក្នុងដោយអ្នកសិក្សាមានករណីយកិច្ចគោរពបទបញ្ជាផ្ទៃក្នុងគ្រឹះស្ថានសិក្សា។
លោក សុវាចា បានបញ្ជាក់ថា៖ «លោកគ្រូ អ្នកគ្រូបាននិងកំពុងបន្តដើរតួនាទីសំខាន់មួយក្នុងការចូលរួមលើកកម្ពស់សីលធម៌ និងការគោរពបទបញ្ជាផ្ទៃក្នុងតាមគ្រប់មធ្យោបាយដូចជាការបង្រៀន និងយន្តការលើកទឹកចិត្តសិស្សឱ្យបន្តរៀនសូត្រក្នុងន័យពង្រឹងសមត្ថភាពសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»៕