ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីធ្វើទំនើបកម្ម និងសមាហរណកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈលើកកម្ពស់អភិបាលកិច្ចល្អ បម្រើសេវាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោក ជា វ៉ាន់ដេត ថ្លែងកាលពីថ្ងៃទី ៤ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ដនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីកសាងរដ្ឋាភិបាលឆ្លាតវៃដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់ប្រកបដោយតម្លាភាព និងភាពជឿទុកចិត្ដ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។
លោកថ្លែងថា៖ «ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេសកំពុងសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធពីបណ្តាប្រទេសនានា ដើម្បីប្រមូលធាតុចូលលើការរៀបចំសេចក្តីព្រាងច្បាប់នេះ។ ការៀបចំច្បាប់នីមួយៗត្រូវប្រើប្រាស់ពេលយ៉ាងតិច ១ ឆ្នាំកន្លះ ទើបរៀបចំរួចរាល់»។
លោកថ្លែងថា មហិច្ឆតារបស់ក្រសួងប្រៃសនីយ៍ក៏ដូចជារដ្ឋាភិបាលគឺធ្វើយ៉ាងណាឆ្នាំ ២០៣៥ ប្រទេសកម្ពុជានឹងប្រែក្លាយសេដ្ឋកិច្ច និងសង្គមជាឌីជីថល ដោយប្រជាពលរដ្ឋទាំងអស់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា។ ខណៈ បច្ចុប្បន្ន បច្ចេកវិទ្យាខ្លះប្រជាពលរដ្ឋបានប្រើប្រាស់រួចហើយ ដូចជាបច្ចេកវិទ្យា សម្រាប់ការបង់ប្រាក់ និងទិញសម្ភារផ្សេងៗតាមប្រព័ន្ធអនឡាញជាដើម ដែលទាំងនេះសុទ្ធតែជាបច្ចេកវិទ្យាឌីជីថល។
លោកបានថ្លែងថា ដើម្បីឱ្យក្លាយទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថលបាន លុះត្រាតែប្រជាពលរដ្ឋស្ថាប័នរដ្ឋទាំងអស់និងវិស័យទាំងអស់ ចេះប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការងាររបស់ខ្លួនរៀងៗខ្លួន។ ស្ថាប័នរដ្ឋប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាជន និងវិស័យឯកជន។
លោកថ្លែងថា៖ «យើងកំពុងតែស្ថិតនៅក្នុងដំណើរការនេះហើយ។ ចំណែកក្រុមហ៊ុនឯកជនក៏ដូច្នេះដែរ គឺត្រូវប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងក្រុមហ៊ុនរបស់ខ្លួន និងផ្ដល់សេវាដល់អតិថិជន ដូច្នេះសង្គម និងសេដ្ឋកិច្ចប្រទេសយើងនឹងក្លាយជាសង្គម និងសេដ្ឋកិច្ចឌីជីថល ហើយគោលដៅរបស់យើងគឺនៅត្រឹមឆ្នាំ ២០៣៥»។
លោក វ៉ាន់ដេត បញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាសង្គម និងសេដ្ឋកិច្ចឌីជីថល ក្រសួងប្រៃសណីយ៍ ទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាលឱ្យរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជាឆ្នាំ ២០២២-២០៣៥ ដែលក្នុងគោលនយោបាយនេះ មានយុទ្ធសាស្រ្ដ និងសកម្មភាពអាទិភាព សរុបចំនួន ១០ យុទ្ធសាស្រ្ដ និងសកម្មភាពចំនួន ៨៦ សកម្មភាព។ នៅក្នុងសកម្មភាពចំនួន ៨៦ មានគម្រោងតូចៗជាច្រើនពាន់គម្រោងថែមទៀត។
លោកបានឱ្យដឹងថា រដ្ឋាភិបាលឌីជីថល គឺមានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើជាប្រធាន និងរដ្ឋលេខាធិការនៅក្រសួងស្ថាប័នរដ្ឋទាំងអស់ធ្វើជាអនុប្រធាន និងសមាជិក។ ក្នុងនោះរដ្ឋលេខាធិការតាមបណ្ដាក្រសួងទាំងអស់ជាអ្នកអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅតាមក្រសួងសាមី និងជាអ្នកធ្វើបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន។ នៅក្រោមរដ្ឋលេខាធិការនីមួយៗ ក៏មានអង្គភាពបរិវត្តកម្មឌីជីថលដើម្បីធ្វើឱ្យក្រសួងនោះក្លាយទៅជាក្រសួងឌីជីថល និងធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួងនោះឱ្យបានជោគជ័យផងដែរ។
លោកថ្លែងថា៖«ឥឡូវនេះគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល កំពុងតែរៀបចំហើយនឹងត្រូវដាក់គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗខាងមុខ»។
លោក វ៉ាន់ដេត បានឱ្យដឹងថា បន្ទាប់ពីរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រសួងនឹងបណ្ដុះបណ្ដាលរដ្ឋលេខាធិការទាំងអស់ជាង ៣០ រូប ដើម្បីឱ្យបានយល់ដឹង និងអាចធ្វើការងារលើបរិវត្តកម្មឌីជីថលទាំងមូលនៅតាមក្រសួង ស្ថាប័នរបស់ខ្លួនពីព្រោះរដ្ឋលេខាធិការទាំងអស់ ជាមនុស្សបង្គោលនៅតាមក្រសួងនីមួយៗ។
ក្រៅពីនេះ ដើម្បីអនុវត្ដសកម្មភាពគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួង ស្ថាប័ននីមួយៗ ក៏មានបង្កើតអង្គភាពបរិវត្ដកម្មឌីជីថលដោយស្ថិតនៅក្រោមរដ្ឋលេខាធិការដែលជាអនុប្រធាន និងសមាជិកដែលមានជំនាញបច្ចេកវិទ្យាឌីជីថលត្រឹមត្រូវ ដើម្បីធ្វើម៉េចររៀបចំការងារនៅក្នុងក្រសួង ស្ថាប័ន និងប្រែក្លាយឱ្យទៅជាក្រសួង ស្ថាប័ន ឌីជីថល ចាប់ពីពេលអនុវត្ដរហូតដល់ឆ្នាំ២០៣៥ ឱ្យបានជោគជ័យ។
លោកថ្លែងថា គណៈកម្មាធិការបរិវត្ដកម្មឌីជីថលនេះ គឺដើរតួនាទីសំខាន់ណាស់ក្នុងការប្រែក្លាយគ្រប់ ក្រសួងស្ថាប័ន អង្គភាពទាំងអស់ឱ្យទៅកាន់បរិវត្ដកម្មឌីជីថលនៅក្នុងស្ថាប័នរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖«កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ ២០២២ បានបានដាក់ឱ្យប្រើប្រាស់គោលនយោបាយឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ដែលមានគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន។
លោកថ្លែងតាមរយៈគោលនយោបាយនេះថា រដ្ឋាភិបាលឌីជីថលជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋនិងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងរំហូរការងាររដ្ឋបាល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតម្រូវឱ្យរៀបចំរំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែក ដំណើរការ និងការតាមដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌។
លោកថ្លែងថា៖ «ជោគជ័យនៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ដំណើរការនៃបរិវត្តកម្មឌីជីថលត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្ដម្ភសម្រាប់ជំរុញធុរជននិងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត»។
លោកនាយកដ្ឋមន្រ្ដីបញ្ជាក់ថា អនុលោមតាមក្របខណ្ឌគោលនយោបាយខាងលើនេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្ដោតលើ ចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការ បម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ» ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមាន ការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ននិងរដ្ឋបាល៕