កំពង់ធំៈ ក្រសួង​ប​រិស្ថាន និង​ដៃគូពាក់​ព័ន្ធ​ ប្រកាស​បើក​យុទ្ធនាការ​ “អន្ទាក់​សូន្យ”​ នៅក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ បន្ទាប់ពី​យុទ្ធនាការ​នេះ​បាន​ធ្វើឡើង​​នៅខេត្ត​ចំនួន​ ៤ ផ្សេងទៀ​តរួច​ហើយ ក្នុង​គោល​បំណង​កាត់​បន្ថយ​ការដាក់​អន្ទាក់​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ ដើម្បីផ្តល់​ជម្រក​សុវត្ថិ​ភាពសម្រាប់​សត្វព្រៃ​។


អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ​ភក្រា្ត មាន​ប្រសាសន៍​ថា យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​​ការ​ពារ​ធម្មជាតិ​នឹង​ប្រារព្ធ​ឡើង​នៅថ្ងៃទី​ ១២ ខែ ​សីហា ឆ្នាំ ២០២២ នៅទីរួម​ខេត្ត​កំពង់​ធំ។

លោក​ថា​៖ «ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រសួង​បរិស្ថាន​និង​មាន​ការចូល​រួមពី​អង្គការ​អន្តរជាតិ​នានា រួម​គ្នាធ្វើ​យុទ្ធ​នាការ​អន្ទាក់​សូន្យ​នេះ មាន​គោល​បំណង​ដើម្បី​កាត់​បន្ថយ​អន្ទាក់​ពីតំបន់​ការពារ​ធម្មជាតិ ​ផ្តល់​ជម្រក​សុវត្ថិ​ភាព​សម្រាប់​សត្វ​ព្រៃ និង​ជីវចម្រុះ​ផ្សេង​ទៀត​»។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ធំ​លោក​ តុប កក្កដា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា​ ការរៀបចំ​យុទ្ធនាការ​​អន្ទាក់​សូន្យ​ក្នុង​ខេត្ត​នេះ​ពិតជា​មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​បន្តការ​ផ្សព្វផ្សាយ​ជាសាធា​រណៈ​ឱ្យ​បញ្ឈប់​បរិភោគ​សាច់​សត្វ​ព្រៃ ហើយ​រួម​គ្នា កាត់​បន្ថយ​ការជួញ​ដូរ​សត្វព្រៃ​ ខណៈ​សត្វព្រៃ​នៅ​តំបន់​ការពារ​កំពុ​ងរង​ការ​គំរាម​កំហែង​ ទោះបី​មន្រ្តី​ឧទ្យានុ​រក្ស ខិតខំ​ការពារ​ក៏ដោយ​។

លោក​ថា៖ «អ៊ីចឹង​យើង​ត្រូវ​ធ្វើយុទ្ធនាការ​នេះ​ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ ធ្វើម៉េច​ឱ្យ​សាធារ​ណ​ជន​ទូទៅ​បាន​យល់​ដឹង ជាពិ​សេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ការពារ​ និង​ក្បែរ​តំបន់​ការពារ​ ឱ្យ​គាត់​យល់​ដឹ​ង​ថា ការ​បរិភោគ​សាច់​សត្វ​វាប៉ះពាល់​ដល់​សុខុមា​ល​ភាព​នៃការ​រស់​នៅប្រចាំ​ថ្ងៃ»​។


លោក​ កក្កដា ​ចង់ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​កាត់​បន្ថយ​ការ​បរបាញ់​សត្វ ការ​ដាក់​អន្ទាក់​ ដោយ​មកប្រ​កប​មុខ​របរ​ផ្សេង​ និង​ចូល​រួមការ​ពារ​អភិរក្ស​សត្វ​ព្រៃ​នៅតាម​តំបន់​ការពារ​ ដើម្បី​ទាក់​ទាញ​ទេស​ចរ ។

លោក​បន្ត​ថា តាម​រយៈ​ការ​ចុះផ្សព្វ​ផ្សាយ​អប់រំ​នាពេល​កន្លង​មក​ ក្នុង​ឆ្នាំ​ ២០២០ ការ​ដាក់​អន្ទាក់​មានការ​កើន​ឡើង ប៉ុន្តែ​នៅឆ្នាំ​ ២០២១ មាន​ការ​ថយ​ចុះរ​ហូតដល់​បច្ចុប្បន្ន​ ដោយ​សារ​មន្រ្តីឧ​ទ្យា​នុរក្ស​ចុះ​ល្បាត​ញឹក​ញាប់ និង​បាន​ដក​ហូត​អន្ទាក់​ក្នុង​ព្រៃ។​

លោក​ថា៖ «វិធាន​ការ​ដាក់​ទោស​ទណ្ឌ​ក៏យើងបាន​ធ្វើ​ពីដំបូង​មក​ហើយ​ ប៉ុ​ន្តែ​ទន្ទឹម​នោះ​ប្រឹងធ្វើម៉េច​អប់រំ​ផ្សព្វ​ផ្សាយ​ឱ្យពលរដ្ឋ​យល់​ដឹង ព្រោះការ​យល់​ដឹង​គាត់​នៅមាន​កម្រិត​ទាប​ គួប​ផ្សំជាមួយ​កត្តាជី​វភាព​ក្រីក្រ​របស់​គាត់ ធ្វើឱ្យ​គាត់​នឹក​ឃើញ​១​មុខ​គឺចាប់​សត្វ​លក់ ប៉ុន្តែ​យើង​ព្យាយាម​អប់រំ​ ផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ ក៏ជា​ចំណែក​មួយ​ជំរុញ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ដាក់​អន្ទាក់»។

លោក​បន្ត​ថា ខេត្ត​កំពង់ធំ​មិន​សូវ​មាន​សត្វក​ម្រៗ​រស់​នៅដូច​ជា ខ្លា ប្រើស ដំរី​ ខ្ទីង និង​ឈ្លូស​ នោះ​​ទេ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ពពួក​សត្វ​ស្លាប​។

ខេត្ត​កំពង់​ធំ មាន​តំបន់​ការ​ពារ​ទាំង​អស់​ចំនួន​ ៦ ទីតាំង​ ដោយ​នៅក្នុង​នោះ​ក៏មាន​តំបន់ការពា​រ​រ៉ាមសារ​ផង​ដែរ ដែល​ជាតំបន់​ដីសើម​ នៅ​បឹង​ទន្លេឆ្មា និង​ស្ទឹង​សែន​ ដែលសម្បូរ​ទៅ​ដោយ​ពពួក​សត្វ​ស្លាប​។

លោក​ សេង​ ទៀក នាយក​អង្គការ​ WWF យល់​ឃើញ​ថា វិធាន​ការ​សម្រាប់​ពង្រឹង​ការអនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង និង​ការនាំ​ខ្លួន​អ្នក​ដាក់​អន្ទាក់ អ្នកប្រមាញ់ និង​អ្នកជួញដូរ​សត្វព្រៃ​ទៅ​តុលាការ​មាន​ភាពចាំបាច់ ដើម្បី​បញ្ចប់​ការសម្លាប់​សត្វព្រៃ​កុំឱ្យ​មាន​តទៅ​ទៀត​។

លោក​ថា​៖ «​លើសពីនេះ​ទៀត​គេ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​បិទ​រាល់​ទីផ្សារ​សត្វព្រៃ​ទាំង​អស់​នៅក្នុង​មូល​ដ្ឋាន និង​ត្រូវ​អនុវត្ត​ការចុះ​ត្រួតពិនិត្យ​តាមដាន​ជាប្រចាំ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​ចល័ត​»​។

លោក​បញ្ជាក់ថា​ ចំណាត់​ការ​នេះវា​នៅមិន​​ទាន់យឺត​ពេល​ទេក្នុង​ការរួមគ្នាដើម្បី​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ជា​វិជ្ជមាន សម្រាប់​ការ​អភិរក្ស និង​ស្តារ​ចំនួន​សត្វ​ព្រៃ និង​ធន​ធាន​ធម្ម​ជាតិ​ឡើង​វិញ​។

លោកថា៖ «ប៉ុន្តែ​យើង​ត្រូវតែ​ចាប់ផ្តើម​កិច្ចការ​នេះ​ចាប់ពី​ពេល​ឥឡូវនេះ​តទៅ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ ដើម្បី​រៀបចំ​វិធានការ​អភិរក្ស​រួមគ្នា​បន្ទាន់​ក្នុង​ការអភិរក្ស​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ស្តារ​ធនធាន​ធម្មជាតិ​​ឱ្យ​ប្រសើរ​ឡើង​»​។ លោក សេង ទៀក សម្តែង​ការព្រួយ​បារម្ភថា ប្រសិនបើ​គ្មាន​វិធានការ​បន្ទាន់​ទេ​នោះ​កម្ពុជា​នឹង​ប្រឈម​នឹង​ការបាត់បង់​ធនធាន​សត្វព្រៃ​របស់ខ្លួន​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បានជា​សកល​ក្នុង​ពេល​អនាគត​។

យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ​នេះ គឺជា​ខេត្ត​ទី​៥ បន្ទាប់ពី​ក្រសួង​បរិស្ថាន​ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​យុទ្ធនាការ​នេះ នៅ​ខេត្ត​មណ្ឌល​គិរី ស្ទឹង​ត្រែង ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ។​ ក្នុង​ឆ្នាំ​ ២០២១ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​អង្គការ​ដៃគូ បាន​ដក​អន្ទាក់​ជាង ៦ ​ម៉ឺន ចេញ​ពីតំបន់​ការ​ពារ​ធម្មជាតិ​ចំនួន ​៧២ និង​ច្រករ​បៀង​ជីវ​ចម្រុះ​ផ្សេងៗ​ទៀត៕