អង្គការសង្គមស៊ីវិល រួមគ្នាប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ

ភ្នំពេញៈ អង្គការសង្គមស៊ីវិល ដែលធ្វើការផ្តោតលើអាហារូបត្ថម្ភ រួមគ្នាប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយ ទឹកដោះម្តាយឆ្នាំ ២០២២ ដើម្បីជំរុញការបំបៅកូនដោយទឹកដោះម្តាយ តាមរយ:ការអប់រំផ្សព្វផ្សាយ និងអំពាវនាវឱ្យមានការគាំទ្រឱ្យបានផុសផុលថែមទៀត ទៅនឹងអត្ថប្រយោជន៍នៃទឹកដោះម្តាយដែលមិនអាចកាត់ថ្លៃបាន។
«ម្តាយគ្រប់រូបមានសិទ្ធិបំបៅកូនដោយទឹកដោះម្តាយគ្រប់ពេលវេលានិងគ្រប់ទីកន្លែង» ឬ «បុរសគាំទ្រ និងលើកទឹកចិត្ត ស្ត្រីបំបៅកូនដោយទឹកដោះម្តាយ» ឃ្លាទាំងនេះ គឺជាពាក្យស្លោកមួយចំនួនក្នុងចំណោមពាក្យស្លោកចំនួន៧ ដែលអង្គការទាំងនោះ បានរួមគ្នាផ្សព្វផ្សាយ ក្នុងយុទ្ធនាការនៃការប្រារព្ធសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះ ម្តាយឆ្នាំ ២០២២។
សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយមានប្រទេសជាង ១២០ នៅជុំវិញពិភពលោកបានចូលរួម ហើយវាតែងតែត្រូវបានធ្វើឡើងនៅសប្តាហ៍ទី ១ នៃខែសីហា។ នេះបើតាមការអះអាងរបស់លោក ជុំ សែនវាសនា ប្រធានគម្រោង ARCH និងគម្រោងផ្តល់អាហារូបត្ថម្ភដល់ទារក និងកុមារតូចនៅកន្លែងធ្វើការនៃអង្គការ Helen Keller ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ សីហាថា ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ ២០២២ គឺដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈប្រយោជន៍ក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយ។ ការបំបៅដោះកូនដោយទឹកដោះម្តាយ គឺជួយដល់សុខភាពរបស់កុមារ និងស្ត្រី ដែលមិនអាចប្រៀបធៀប និងកាត់ថ្លៃបានទេ ព្រោះថា ទឹកដោះម្តាយមានសារៈប្រយោជន៍ច្រើន។
ក្រៅពីនេះ លោកថា ការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំ ២០២២ នេះ ក៏ដើម្បីបំផុសឱ្យអាណាព្យាបាលជាពិសេសម្តាយ មានការយល់ដឹងឱ្យបានច្បាស់ថា ម្សៅទឹកដោះគោដែលបណ្តាក្រុមហ៊ុននានា កំពុងផ្សព្វផ្សាយ គឺមិនមានអត្ថប្រយោជន៍ដូចទឹកដោះម្តាយនោះទេ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រុមហ៊ុនខ្លះហ៊ានផ្សព្វផ្សាយថា ម្សៅទឹកដោះគោ មានអត្ថប្រយោជន៍ជាងទឹកដោះម្តាយ ដែលការផ្សព្វផ្សាយនេះ គឺខុសទាំងស្រុង ហើយនាំឱ្យអាណាព្យាបាលជាច្រើន មានការយល់ច្រឡំ ខណៈការយល់ខុសនេះ បានធ្វើឱ្យទារករងគ្រោះជាច្រើន»។
លោក ជុំ សែនវាសនា រំពឹងថា យុទ្ធនាការមួយនេះ នឹងត្រូវបានផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យមានការយល់ដឹងពីអត្ថប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះ និងងាកមកលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះជំនួសឱ្យការប្រើប្រាស់ម្សៅទឹកដោះគោ ដែលមិនអាចប្រៀបធៀបនឹងទឹកដោះម្តាយបាន។
លោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភ នៃអង្គការទស្សនៈពិភពលោកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការបំបៅកូនដោយទឹកដោះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះយោងតាមអង្គការសុខភាពពិភពលោក ទឹកដោះម្តាយគឺជាអាហារដ៏ល្អសម្រាប់ទារក ហើយវាថែមទាំងមានសុវត្ថិភាព ស្អាត និងមានអង្គបដិប្រាណដែលជួយការពារប្រឆាំងនឹងជំងឺកុមារទូទៅជាច្រើន។
លោកស្រី បានបន្តថា ទឹកដោះម្តាយផ្តល់ថាមពល និងសារធាតុចិញ្ចឹមគ្រប់បែបយ៉ាង ដែលទារកត្រូវការសម្រាប់ខែ ដំបូងនៃជីវិតរបស់ទារក ហើយវាបន្តផ្តល់រហូតដល់ពាក់កណ្តាល ឬច្រើនជាងពាក់បណ្តាល នៃតម្រូវការអាហារូបត្ថម្ភរបស់កុមារក្នុងអំឡុងពេលពាក់កណ្តាលនៃឆ្នាំទី ១ និងបន្តទៅដល់ ១ ភាគ ៣ ក្នុងអំឡុងពេលឆ្នាំទី២ នៃអាយុរបស់ទារក។
លោកស្រី បានបញ្ជាក់ថា៖«កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយ គឺមានភាពវៃឆ្លាត ហើយទម្ងន់របស់ពួកគេមិនសូវធាត់ ឬធាត់ និងមិនសូវងាយកើតជំងឺទឹកនោមផ្អែមនៅថ្ងៃក្រោយ។ ស្ត្រីដែលបំបៅដោះកូន ក៏មានការថយចុះហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកស្បូនផងដែរ។ ដោយគិតពីអត្ថប្រយោជន៍ទាំងម្តាយ និងកូន វាជារឿងសំខាន់ណាស់ក្នុងការគាំទ្រម្តាយក្នុងការបំបៅកូនដោយទឹកដោះ»។
អត្រានៃការបំបៅដោះកូនតែ១មុខគត់ ក្នុងចំណោមកុមារអាយុពីសូនដល់ ៦ ខែ គឺធ្លាក់ចុះពី ៦៥% នៅឆ្នាំ ២០១៤ មកត្រឹមតែ ៥១ ភាគរយ នៅឆ្នាំ ២០២១។ នេះបើយោងតាមសូចនាករស្នូលនៃអត្រាអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២២ របស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីខែមិថុនា។
ការអង្កេតនេះ បានបញ្ជាក់ថា៖ «ការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខក្នុងចំណោមកុមារអាយុ ០-៥ ខែ បានកើនឡើងពី ១១ ភាគរយនៅឆ្នាំ ២០០០ កើនដល់កម្រិតខ្ពស់បំផុត ៧៤ ភាគរយនៅឆ្នាំ ២០១០ ហើយបានធ្លាក់ចុះជាបន្ត បន្ទាប់ ពី ៦៥ ភាគរយ នៅឆ្នាំ ២០១៤ ដល់ ៥១ ភាគរយ ក្នុងឆ្នាំ ២០២១-២២»។ កម្ពុជាបានប្តេជ្ញាចិត្តបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់ ៦ ខែឱ្យបានដល់ ៨៥ ភាគរយនៅឆ្នាំ ២០៣០។ នេះបើតាមការប្តេជ្ញារបស់កម្ពុជា នៅក្នុងរបាយការណ៍អង្កេត៕