សៀមរាបៈ អាជ្ញាធរ​ខេត្ត​សៀមរាប​នា​ថ្ងៃទី​ ១២ ខែសីហា បាន​ប្រកាស​ថា គណៈកម្មាធិការ​ជិះកង់​ ដើម្បី​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះកង់​ ដើម្បី​បរិស្ថាន និង​សុខភាព​កុមារ ឆ្នាំ​ទី​ ៨ នា​ថ្ងៃទី​ ១៤ ខែសីហា ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។


មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១២ ខែ​សីហា ថា ព្រឹត្តិការណ៍​នេះ «​ជា​ការរួមចំណែក​ក្នុង​ការ​ជួយសង្គ្រោះ និង​លើកកម្ពស់​សុខុមាលភាព​កុមារ​កម្ពុជា ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​ប្រទេស​ជាតិ​នាពេល​អនាគត​»​។

ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការជួប​ជុំគ្នា​នៅ​ផ្លូវ ៦០ ​ម៉ែត្រ ហើយ​អាជ្ញាធរ​ខេត្តសៀមរាប​ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឱ្យបាន​ច្រើន​កុះករ​។


ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន ខេមបូឌាសាយភ្លើង ក្រុមហ៊ុន ចាយ៉ាខេតធើរីង ក្រុមហ៊ុន​ត្រាវែលលូប និង ហាង​លក់​ ឬ​ជួល​កង់ អាំង គឹមសាន្ដ​៕