ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ឬ​ហៅថា ស៊ីម៉ាក់ (CMAC) និង​អង្គការ​បោសសម្អាត​មីន និង​អភិវឌ្ឍន៍​សហគមន៍​អន្តរជាតិ (IMCCD) នា​ថ្ងៃទី​ ១១ ខែសីហា បាន​ចុះហត្ថលេខា​លើ​គម្រោង​រំដោះ​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ ដោយសារ​គ្រាប់មីន​ជាង ៣០ ​ម៉ឺន​ម៉ែត្រការ៉េ ដែលមាន​ទឹកប្រាក់​ជាង​ ៤ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​រយៈពេល​ ១​ ឆ្នាំ​។ នេះ​បើ​យោងតាម CMAC​។


CMAC បាន​ឱ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១១ ខែ​សីហា ថា ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការ​កណ្តាល CMAC រាជធានី​ភ្នំពេញ​រវាង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក CMAC និង​លោក Takayama Ryoji នាយក​អង្គការ IMCCD របស់​ជប៉ុន ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ១៥ ខែ​សីហា ឆ្នាំ​ ២០២៣​។

គម្រោង IMCCD នេះ​ផ្ដោត​សំខាន់​លើ​ការបោសសម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជាពិសេស​ការបោសសម្អាត​គ្រាប់មីន​ប្រឆាំង​រថក្រោះ​។


CMAC បញ្ជាក់​ថា​៖ «​តាមរយៈ​គម្រោង IMCCD នេះ ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​ដី​ធ្វើ​កសិកម្ម សង់​លំនៅឋាន សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋាចរនាសម្ព័ន្ធ​ក្នុង​សហគមន៍​ក៏ដូចជា​សង្គម​ទាំងមូល​»៕