ព្រះសីហនុៈ ក្រសួង​អប់រំ និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​បើក​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​ក្រោម​ប្រធានបទ «​ការបង្ការ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បារី​អេឡិចត្រូនិក គ្រឿងញៀន​ខុសច្បាប់ មេរោគ​អេដស៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​» ដល់​គ្រូបង្រៀន ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​សិស្សានុសិស្ស ដែល​ធ្វើឡើង​នៅ​គ្រឹះស្ថានសិក្សា​វិក្រឹត​ការខេត្ត​ព្រះសីហនុ​។


ក្នុង​សិក្ខាសាលា​នេះ លោក ម៉ាង ស៊ីណេត អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ចូលរួម​ត្រូវ​យកចិត្ត​ទុកដាក់​ស្ដាប់ និង​រៀនសូត្រ​នូវ​ប្រធានបទ​នេះ​នៅ​តាម​គ្រឹះស្ថានសិក្សា ដែល​បង្ហាញ​ដោយ​អាជ្ញាធរ​ជំនាញ​។

លោក​ថ្លែងថា​៖ «​ទន្ទឹម​នោះ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​យុវជន​របស់​យើង​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ល្អ និង​បន្ត​ផ្សព្វផ្សាយ​ដល់​យុវជន សិស្ស និស្សិត​ដទៃ​កុំ​ប្រព្រឹត្ត​នូវ​អំពើ​ទាំងនេះ​ ដែល​នាំឱ្យ​អន្តរាយ​ដល់​ខ្លួន អាយុជីវិត​ខ្លួនឯង ជីវិត​អ្នកដទៃ​នឹង​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ថែម​ទៀតផង​»​។


កាលពី​ខែមីនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជ្រើស​យក​ទីតាំង​ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​ចំនួន ២០ ​ហិកតា ស្ថិតនៅ​ភូមិ​ឫទ្ធី​ ២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​។

បើតាម​លោក ម៉ាង ស៊ីណេត បច្ចុប្បន្ន មជ្ឈមណ្ឌល​នេះ​បាន​ទទួល​ជនរងគ្រោះ​មក​ព្យាបាល​បន្សាប និង​ស្ដារនីតិសម្បទា​ចំនួន ៣០៧ ​នាក់​បាន​ធ្វើ​សមាហរណកម្ម​ចំនួន ៧៦ ​នាក់​។ ជនរងគ្រោះ​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​នេះ​មាន​ចំនួន ២៣១ ​នាក់ ក្នុងនោះ​ជនរងគ្រោះ​មកពី​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៥១ ​នាក់​។


លោក​បន្តថា ក្នុង​អំឡុងពេល​ដំណើរការ​កន្លងមក មជ្ឈមណ្ឌល​នេះ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដូចជា ខ្វះ​ទឹក​ប្រើប្រាស់ ខ្វះ​សម្ភារ​ប្រើប្រាស់​ផ្នែក​ការងាររដ្ឋបាល ការបណ្ដុះ​បណ្ដាល និង​សម្ភារ​កីឡា ព្រមទាំង​ពុំ​អាច​ភ្ជាប់​នូវ​ប្រព័ន្ធ​អ៊ីនធឺណិត និង​សេវា​ទូរស័ព្ទ​ជាដើម​។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ក៏ដូចជា​មន្ទីរអប់រំ ដែល​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ពី​ប្រធានបទ​នេះ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​៕