មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ឆ្នាំ​ ២០២៥ គ្មាន​គ្រាប់មីន​របស់​កម្ពុជា គឺជា​ការងារ​ដែល​អាច​សម្រេច​បាន ប្រសិនបើ​ពលរដ្ឋ​ទាំងអស់​គ្នា​បន្ត​ចូលរួម និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា​។


នេះ​ជា​ការលើកឡើង​របស់​លោក លី ធុជ ទេសរដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ទី ​១ អាជ្ញាធរ​មីន​កម្ពុជា​ថ្លែង​ឱ្យដឹង​នា​រសៀល​ថ្ងៃទី​ ១២ ខែសីហា​នេះ ក្នុង​ពេល​លោក​ទទួល​វិភាគទាន​នូវ​ថវិកា​ចំនួន ១០ ០០០ ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន SOMA Group ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា​ក្នុង​គម្រោង​សម្តេច​តេជោ​ សម្រាប់​សកម្មភាព​មីន «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​»​។

លោក​មានប្រសាសន៍​ថា៖ «​គោលដៅ​នៅ​ឆ្នាំ​ ២០២៥ កម្ពុជា​គ្មាន​គ្រាប់មីន គឺជា​ការងារ​ដែល​អាច​សម្រេច​បាន ប្រសិនបើ​យើង​ទាំងអស់​បន្ត​ចូលរួម និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ដោះស្រាយ​បញ្ហា​គ្រាប់​នៅ​កម្ពុជា​»​។


នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន SOMA Group ដែល​បាន​ចូលរួម​ដល់​ការងារ​មនុស្សធម៌​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​ ដោយសារ​គ្រាប់មីន តាមរយៈ​កម្មវិធី​សំខាន់​ចំនួន​ ៣ ដើម្បី​រួមចំណែក​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ការអប់រំ បរិស្ថាន និង​សុខភាព​អនាម័យ ព្រមទាំង​បាន​ចាត់ទុក​ទឹកចិត្ត​នេះ គឺ​គ្មាន​ទំហំ និង​គ្មាន​ចំនួន​ទេ​។

លោកស្រី ចម ក្រស្នា អគ្គនាយិកា ក្រុមហ៊ុន SOMA Group បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា ៖ «​ការរួម​ចំណែក​នេះ គឺ​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​សម្តេចតេជោ ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ខាង​មុខ​នេះ​»​។


លោកស្រី​អគ្គនាយិកា​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​អាច​សម្រេច​បាន​តាម​គោលដៅ​កំណត់ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផងដែរ​៕