ភ្នំពេញៈ អង្គការ​ជីវិត​ធម្មជាតិ​បាន​ឱ្យ​ដឹង​ថា មន្ត្រី​ឧទ្យានុរក្ស​តំបន់ រ៉ាមសារ មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សត្វ​ស្លាប​តូចៗ និង​ផ្ដោត​សំខាន់​តែទៅ​លើ​ប្រភេទ​សំខាន់ៗ​ប៉ុណ្ណោះ ហើយ​ការ​កំណត់​ឈ្មោះនៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​ក្រោយ​ទទួល​វគ្គ​បណ្តុះ​បណ្តាល​បន្ថែម មន្រ្ដី​ឧទ្យានុរក្ស​បាន​ស្គាល់​ពី​ប្រភេទ​សត្វស្លាប​តូចៗ​បន្ថែម ដែល​មិន​ធ្លាប់​បាន​កត់ត្រា​កន្លងមក និង​កត់ត្រា​បន្ថែម​នៅ​ពេល​ល្បាត។


អង្គការ​ជីវិត​ធម្មជាតិ (BirdLife in Cambodia) បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី ១៣ ខែ​សីហា​ថា ក្រុម​ការងារ​បាន​វាយ​តម្លៃ​លើចំណេះដឹង និង​ការ​អនុវត្ដ​កន្លងមក​របស់​មន្ត្រី​ឧទ្យានុក្ស ហើយ​សង្កេត​ឃើញ​ថា សមត្ថភាព​របស់​មន្ដ្រី​ឧទ្យានុរក្ស​ប្រចាំ​តំបន់​រ៉ាមសារ​ទាំង​ពីរពិតជា​នៅ​មាន​កម្រិត​នៅឡើយ។ ពួកគាត់​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សត្វស្លាប​តូចៗ និង​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ប្រភេទ​សំខាន់ៗ​ប៉ុណ្ណោះ ហើយ​ការ​កំណត់​ឈ្មោះ​នៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ ដែល​ពួកគាត់​ប្រើប្រាស់​ឈ្មោះ​តាម​តំបន់។

ប៉ុន្តែ ក្រោយ​ទទួល​វគ្គ​បណ្ដុះបណ្ដាល មន្រ្ដី​ឧទ្យានុរក្ស​ទាំងពីរ​តំបន់​មាន​ការ​យល់ដឹង​បន្ថែម​ពី​វិធីសាស្រ្ដ​កំណត់​អត្ដសញ្ញាណ​សត្វស្លាប ជាពិសេស​លក្ខណៈ​សម្គាល់​បែប​វិទ្យាសាស្រ្ដ (ទំហំ​ដងខ្លួន ពណ៌ រូបរាងចំពុះ និង​សំឡេង) ឈ្មោះ​វិទ្យាសាស្រ្ដ និង​បច្ចេកទេស​តាម​ផ្ដិត​យករូបភាព​សត្វស្លាប​នៅ​ក្នុង​តំបន់​រ៉ាមសារ​ទាំងពីរ។


អង្គការ​នេះ​បញ្ជាក់​ថា៖ «មន្រ្ដី​ឧទ្យានុរក្ស​ក៏​បាន​ស្គាល់​ពី​ប្រភេទ​សត្វស្លាប​តូចៗ​បន្ថែម ដែល​មិន​ធ្លាប់​បាន​កត់ត្រា​កន្លង​មក ហើយ​ពួកគាត់​នឹងព្យាយាម​ស្វែងយល់ និង​កត់ត្រា​បន្ថែម​នៅ​ពេល​ល្បាត​ខែ​បន្ទាប់​ទៀត»។

សូមបញ្ជាក់ថា កាល​ពី​នៅ​ថ្ងៃទី ៣០ ខែកក្កដា រហូត​ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ក្រុម​ការងារ​នៃ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ចែក​រំលែក​បទពិសោធ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​សត្វ​ស្លាប និង​បច្ចេកទេសថត​រូបដល់​មន្ដ្រី​ឧទ្យានុរក្សនៃ​តំបន់​រ៉ាមសារ បឹង​ទន្លេឆ្មារ និង​តំបន់​រ៉ាមសារ​ស្ទឹងសែន ចំនួន ១៧ រូប ដោយ​មាន​ការ​ចូលរួម​ចែក​រំលែក​បទពិសោធ​ពី​មន្រ្ដី​ឧទ្យានុរក្សតំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ នៃ​ខេត្ដតាកែវ ចំនួន ០២ រូប។


វគ្គ​បណ្ដុះ​បណ្ដាល​នេះ មាន​គោលបំណង​ចែក​រំលែក​នូវ​ចំណេះដឹង និង​វិធីសាស្រ្ដ​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​សត្វស្លាប គួបផ្សំ​ជាមួយ​បច្ចេកទេសអនុវត្ដ​ផ្ទាល់​លើ​ការ​ផ្ដិត​យក​រូបភាព​សត្វស្លាប​នៅ​តំបន់​ដីសើម និង​ជួយ​បង្កើន​សមត្ថភាព​ដល់​មន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​រ៉ាមសារ​ទាំងពីរ​ក្នុង​ការកំណត់​អត្តសញ្ញាណ​សត្វ​ស្លាប និង​ការ​កត់ត្រា​ទិន្នន័យ​ពី​របាយ​សត្វស្លាប​ដែល​មាន​នៅ​ក្នុង​តំបន់​រ៉ាមសារ​ទាំងពីរ​ឱ្យ​ស្របតាម​បច្ចេកទេស និងមាន​ប្រសិទ្ធភាព​ជាងមុន៕