កំពង់ធំៈ ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​សម្បូរព្រៃគុក​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ក្នុង​ខេត្ត​កំពង់ធំ​មាន​កំណើន​ឡើង​វិញ​ ខណៈ​ប្រជា​សហ​គមន៍​ក្នុង​មូល​ដ្ឋាន​មានការ​យល់​ដឹង​ច្រើន​ជាង​មុន​ដោយ​ឈប់​ទន្ទ្រាន​ព្រៃ​ និង​បរបាញ់​សត្វ​ហើយ​ងាក​មក​ប្រកបមុខ​​របរ​ផ្សេង​ជំនួស​វិញ​។​


​លោក​ ចេង​ ចិន្តា មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍​នៅ​ប្រាសាទ​សម្បូរ​ព្រៃគុក​និង​ជា​អ្នក​កត់ត្រា​ទិន្ន​ន័យ​ចំនួន​ភ្ញៀវ​ទេសច​រ ១ ​រូប​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​ បាន​ចាប់​ផ្តើម​ងើប​ឡើង​វិញ​​ក្នុង​រយៈ​ពេល​ប្រមាណ៤​ខែ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​ខ្សត់​ភ្ញៀវ​ប្រមាណ​ ២​ ឆ្នាំ​ ក្នុង​អំឡុង​កូ​វីដ ​១៩​។

លោក​ថា​៖ «​ក្នុង​នោះ​ភ្ញៀវ​បែង​ចែក​ទៅ​តាម​ថ្ងៃ​ផង​ដែរ​ បើ​ថ្ងៃ​សៅរ៍​-​អាទិត្យ ​សម្បូរ​ភ្ញៀវ​ខ្មែរ ជួន​កាល​សិស្ស និង​និស្សិត​មកពី​ភ្នំពេញ​ក្នុង​ ១ ថ្ងៃ​ខ្ទង់​ពាន់​នាក់​ ជួន​កាល ​៣០០ ​ទៅ ​៥០០​ នាក់​។ ប៉ុន្តែ​បើ​និយាយ​ពី​ភ្ញៀវ​បរទេស​វិញ​មាន​ការ​កើន​ឡើង​ដែរ ​ក្នុង​ ១ ​ថ្ងៃជា​មធ្យម​ភាគ ​២០​ នាក់ ខ្លះ​ ៤០​ នាក់ ​ខ្លះ​អត់​ ព្រោះ​ខ្ញុំ​ជា​អ្នក​បូក​ចំនួន​ភ្ញៀវ​ប្រចាំ​ខែ ប្រចាំ​ថ្ងៃ ប្រចាំ​សប្តាហ៍ ប្រគល់​ឱ្យ​មន្ទីរ​ទេស​ចរណ៍​ខេត្ត​»​។


​លោក​បន្តថា​ កំណើន​ភ្ញៀវ​ទេសចរ​នេះ​ គឺជា​ក្តីសង្ឃឹម​របស់​ប្រជា​សហគ​មន៍​ដែល​ប្រកប​របរ​លក់​ដូរនិ​ង​ផលិត​ផល​អនុស្សា​វរីយ៍​និង​បង្កើន​ចំណូល​ជូន​រដ្ឋ​ផងដែរ​។លោក​ថា​៖«​ភ្ញៀវ​បរទេស​មក​គាត់​ត្រូវ​ការ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​ ១០​ ដុល្លារ​ ហើយ​ពេលខ្លះ​គាត់​ត្រូវ​ការ​ប្រើ​ប្រាស់​សេវា​សហ​គមន៍​ដូចជាអ្ន​ក​នាំ​ផ្លូវ ផ្ទះសំណាក់​ ជួល​កង់ រ​ទះ​គោ ជា​ពិសេស​គា​ត់​ត្រូវការ​អ្នក​បក​ប្រែ​មុនគេ​ ព្រោះ​គាត់​ជា​អ្នក​ពន្យ​ល់ពី​ប្រវ​ត្តិសាស្ត្រ​»​។


លោក​ឱ្យ​ដឹង​ថា ជន​បរ​ទេ​សដែល​ទៅ​ទស្សនា​ និង​ស្វែង​យល់​នៅ​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ភាគ​ច្រើន​មកពី​បារាំង ជប៉ុន​ ដោយ​សារ​តំបន់​នេះ​ បា​រាំង​ជា​អ្នក​សរ​សេរ​ប្រវត្តិ​សាស្ត្រ ​។​

​លោក​ ចេង ចិន្តា ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប្រមាណ​៤​ខែ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ប្រមាណ ៧០០ ​ទៅ​ ៨០០ ​នាក់​ ចំណែក​ភ្ញៀវ​ជាតិ​ប្រមាណ ៧​​ ពាន់​ទៅ ៨​ ពាន់​នាក់​។

​អ្នក​ស្រី ញ៉ូ​វ ឈឿន ​អាយុ​ ៤៨​ ឆ្នាំ ដែលប្រកប​របរ​លក់​ផលិត​ផលក្នុង​ស្រុក​បាន​ថ្លែង​ថា​ អ្នក​ស្រី​ពិត​ជា​រំភើប​នៅពេល​ភ្ញៀវ​មក​លេង​ម្តងៗ​ដែល​អាច​ជួយ​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ​។

​អ្នក​ស្រី​ថា​៖ «​លក់​ដូរ​អាស្រ័យ​លើ​ភ្ញៀវ​ ថ្ងៃ​ខ្លះ​រក​បាន​ ៥​ ម៉ឺន​រៀល​ ខ្លះ​ ២ ​ម៉ឺន បើ​អត់​ភ្ញៀវ​រក​មិន​បាន​ទេ ប៉ុ​ន្តែ​អ្នក​ផ្សេង​គេ​ពូកែ​លក់​ខ្លះ​រក​បាន​ ១០ ​ម៉ឺន​រៀល »​។​

​អ្នក​ស្រី​បន្ត​ថា ​ពីមុនក្នុង​គ្រួសារ​អ្នក​ស្រី​ប្រកប​មុខរ​បរ​បរ​បាញ់​សត្វ ​ប៉ុន្តែ​ក្រោយ​ពី​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ចូល​ជា​សម​ត្តិ​បេតិក​ភណ្ឌក៏កែប្រែ​មុខរបរ​មក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​ ធ្វើស្រែនិ​ង​លក់​នំ​ជូន​ភ្ញៀវ​ទេសច​រវិញ។ អ្នក​ស្រី​ថា​៖ «​បច្ចុប្បន្ន​យើង​ចិញ្ចឹម​គោ និង​ធ្វើ​ស្រែ ហើយ​ឆ្លៀត​ពេល​ទំនេរ​លក់​គ្រាប់​ស្វាយ​ចន្ទី សម្បុក​អង្ក្រង ប៉ុ​ន្តែ​បើ​ប្រៀប​ធៀប​ពីមុន ជីវ​ភាព​ពេល​នេះ​ធូរ​ធារ​គ្រាន់​បើ​​»​។

​រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា គោលន​យោបា​យ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា គឺ​ការ​បង្កើត​សេដ្ឋកិ​ច្ច​នៅ​មូល​ដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​នៃ​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​ទៅ​លើ​ការ​ងារ​ការ​ពារ​និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​។

លោក​បន្ត​ថា ជាក់​ស្តែង​កម្ពុជា​មាន​សក្តានុ​ពល​ទេស​ចរណ៍​ស្រាប់​ហើយ ប៉ុន្តែ​កត្តា​សំខាន់​មួយ​ទៀត​គឺ​ធន​ធាន​មនុស្ស​និង​កត្តា​ខ្វះ​ចំណេះ​ដឹង​ ខណៈ​បច្ចុប្បន្ន​ក្រសួង​កំពុង​គាំទ្រ​ផ្នែក​បច្ចេក​ទេស​បន្ថែម​ដល់​សហ​គមន៍​។

លោក​ថា​៖ «យើង​ចុះ​ជួប​សហ​គមន៍ គាត់​បាន​បង្ហាញ​សុ​ដ្ឋិ​និយម​ដោយ​សារ​តែមាន​សក្តានុ​ពល​ទេសច​រណ៍​រៀងៗ​ខ្លួន អ៊ីចឹ​​ង​យើង​បាន​ផ្តល់​នូវ​ការ​ជួយ​គាំទ្រ​បន្ថែម​លើ​ផ្នែក​បច្ចេក​ទេស​ដើម្បី​ឱ្យ​គាត់​អាច​អភិវឌ្ឍ​កាន់តែ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត ​ហើយ​ទាញ​សក្តានុ​ពល​បន្ថែម​ទៀត​ ដើម្បី​ទាក់​ទាញ​នូវ​ចំណូល »​។

​លោក​បាន​បញ្ជាក់​ថា ​ការ​បង្កើត​នូវ​ជម្រើស​ដល់​ប្រជា​សហ​គមន៍​ផ្នែក​ទេស​ចរណ៍​ពីផែន​កា​រអភិវឌ្ឍន៍​សេដ្ឋ​កិច្ច ការ​ចិញ្ចឹម​សត្វ ​និង​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សេដ្ឋ​កិច្ច​គ្រួសារ​ឈាន​ដល់​ការ​លុប​បំបាត់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​។​

​លោក​ ឈិ​ត សំអាត ប្រ​ធាន​គម្រោង ​USAID ព្រៃ​ឡង់​បៃតង បាន​ថ្លែង​ថា កន្លង​មក​គម្រោង​ព្រៃ​ឡង់​បៃតង​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សហ​គមន៍​ជា​ច្រើន​តាម​រយៈ​ជំនួយ​ថវិកា​ខ្នាត​តូច​ជា​កញ្ចប់​ពី៥​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​១​សហ​គមន៍​ដើម្បី​ឱ្យ​ពួក​គាត់​ប្រើ​ប្រាស់​ក្នុងការ​ចុះ​ល្បាត​និង​ពង្រឹង​មុខរបរ​ដូច​ជា​ជួយ​លើ​អេកូទេស​ចរណ៍​។​

​លោក​ថា​៖ «​យើង​ធ្វើ​ម៉េច​ឱ្យ​ប្រែ​ក្លាយ​តំបន់​គាត់​ទៅជា​តំបន់​ទេសច​រណ៍​ដែល​អាច​មាន​ចំណូល​ ឧទាហ​រណ៍​នៅ​សម្បូរ​ព្រៃ​គុក​នេះយើង​បាន​ជួយ​គាត់​ផ្តល់​ជា​ ទា​ទឹក ​កង់ អ៊ីចឹ​ង​ភ្ញៀវ​មក​គាត់​អាច​ជួល​ពី​សហ​គមន៍ហើយ​គាត់​អាច​រក​ប្រាក់​ចំណូល ​មួយ​ទៀត​គឺ​យើង​បាន​ជួយ​សមត្ថ​ភាព​បណ្តុះ​បណ្តាល​គាត់​ផ្នែក​ចម្អិន​ម្ហូប អនាម័​យនិង​ការ​ទទួល​ភ្ញៀវ​ អ៊ីចឹ​ង​ជម្រើស​ជីវភាព​នេះ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​កាត់​បន្ថយ​ស​ម្ពាធទៅ​លើ​សត្វ​ព្រៃ​ និង​ព្រៃ​ឈើ​»​។​

​ប្រធាន​សហគ​មន៍​ទេសច​រណ៍​រស្មី​ភូមិ​ពីរគិរី​បឹង​ក្រ​ញាក​ នៅ​ស្រុក​សណ្តាន់ លោក សរ យាំ បាន​ថ្លែងថា នៅ​មុន​ឆ្នាំ​២០០០​ប្រជា​ហគ​មន៍​មានការ​កាប់​ព្រៃ​វិលជុំ​និង​ចូល​ព្រៃ​បរបាញ់​សត្វ​ដែលជា​​មុខរបរ​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ​បន្ទាប់​ពី​មាន​អង្គការ​និង​ស្ថាប័ន​រដ្ឋាភិបា​ល​ចុះ​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​ធនធាន​ធម្មជាតិ ​ប្រជា​សហគ​មន៍​បាន​ងាក​មក​បម្រើ​វិស័យ​ទេស​ចរណ៍​វិញនិង​ធ្វើ​ស្រែ​ចម្ការ​។

លោក​ថា​៖«បច្ចុ​ប្បន្ន​សហគ​មន៍​មាន​បម្រើសេវា​​វិស័យ​ទេសច​រណ៍​ដូចជា ​ការ​ស្នាក់​នៅ ការ​ជិះ​ទូក ជិះ​កង់ តូប​លម្ហែកា​យ កា​រដើរ​ព្រៃ​គយ​គន់​បក្សា​បក្សី គយ​គន់​ទេសភា​ព​ថ្ងៃ​រៀប​លិច​ និង​មើល​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ជា​ដើម​។ពីមុន​មាន​ការ​ដាក់​អន្ទាក់​និង​ប្រើ​អាវុធ​ចាប់​សត្វ​ព​ង្រូ ឈ្លូស ​ជ្រូក​ព្រៃ និង​ចាប់​សត្វ​ស្វា ប៉ុន្តែ​ឥឡូវ​ឈប់​ចូល​បរបាញ់​សត្វ​យូរ​ហើយ​...បើ​មាន​មែន ​ភាគ​ច្រើន​ជា​អ្នក​ភូមិ​ផ្សេង​ដែល​គាត់​មិន​ទាន់​បាន​យល់​»៕