ក្រុមការងាររបស់ក្រសួងយុត្តិធម៌ កំពុងពិនិត្យតាមនីតិវិធីលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ចំនួន ៣ លើជំពូកទោសប្បញ្ញត្តិ

ភ្នំពេញៈ ក្រុមការងាររបស់ក្រសួងយុត្តិធម៌កំពុងពិនិត្យតាមនីតិវិធីលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ចំនួន ៣ គឺច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់ជំពូកទោសប្បញ្ញត្តិ ក្រោយពីអន្តរក្រសួងបានបញ្ជូនច្បាប់ទាំងនេះទៅកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន ថ្លែងកាលពីថ្ងៃទី១៤ ខែសីហាថា ជាធម្មតាក្រសួងយុត្តិធម៌ មានក្រុមការងារដើម្បីធ្វើការងារលើការពិនិត្យនីតិវិធីផ្នែកទោសប្បញ្ញត្តិ រាល់សេចក្ដីព្រាងច្បាប់ដែលក្រសួងផ្សេងរៀបចំ។
លោកថ្លែងថា៖«ក្រោយពីបានទទួលសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ក្រុមការងារក្រសួងនឹងធ្វើការពិនិត្យ និងផ្តល់យោបល់លើផ្នែកដែលពាក់ព័ន្ធនឹងទោសប្បញ្ញត្តិនេះ។ ចំពោះរយៈពេលប៉ុន្មានដែលត្រូវបញ្ចប់ហើយបញ្ជូនទៅគណៈរដ្ឋមន្ដ្រីពិនិត្យនិងសម្រេច គឺយើងមិនទាន់អាចកំណត់បានទេ»។
លោក ម៉ាលីន បញ្ជាក់ថា ជាទូទៅបើកិច្ចប្រជុំបានបញ្ជូនសេចក្ដីព្រាងច្បាប់មកក្រសួងយុត្តិធម៌រួចហើយ គឺនៅសល់តែនីតិវិធីនៅក្នុងការបំពេញការងាររបស់ក្រុមការងារក្រសួងយុត្តិធម៌ប៉ុណ្ណោះ។
លោក ប៉ែន បុណ្ណារ៍ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ថ្លែងថា ទោះបីជាមានច្បាប់ថ្មី ឬក៏ធ្វើវិសោធនកម្មច្បាប់ទាំង៣នេះហើយក៏អ្នកដែលប្រព្រឹត្តបទល្មើសពីអតីតកាល មិនត្រូវរួចខ្លួនពីការផ្ដន្ទាទោសដែរ។ លោក ថ្លែងដោយ សង្ឃឹមថា ការធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ នឹងមានចែងច្បាស់អំពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ មន្ដ្រីនគរបាល និងអ្នករាជការសាធារណៈ ចំពោះកាតព្វកិច្ចក្នុងការចូលរួមការពារថែរក្សាធនធានធម្មជាតិ ព្រៃឈើតាមរយៈការដាក់ជាកាតព្វកិច្ច គឺបណ្ដឹងបរិហារតែម្ដង។
លោកថ្លែងថា៖«យើងតែងតែគិតថា ច្បាប់ទាំង៣នេះ បើសិនជាមានការអនុវត្ដមានប្រសិទ្ធភាព ត្រូវបានមន្ដ្រីនគរបាលយុត្តិធម៌គ្រប់ទីកន្លែង តំណាងអយ្យការអមសាលាដំបូងគ្រប់ខេត្ត អនុវត្តបានតាមច្បាប់ចាស់ គឺអាចទប់ស្កាត់បាននូវបទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត»។
លោកថ្លែងដោយសង្កេតឃើញថា កន្លងមកនេះមិនមែនមានតែច្បាប់ ៣ នេះទេ សូម្បីតែប្រមុខរាជរដ្ឋាភិបាល គឺតែងតែចេញបទបញ្ជាព្រមាន និងប្ដេចជ្ញាចិត្ត ដើម្បីធ្វើឱ្យការអនុវត្ដសកម្មភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិនេះរក្សាបាននូវនិរន្តរភាព។ ប៉ុន្ដែទោះបីជាមានការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមានច្បាប់ចាស់ទាំង ៣ រួចហើយក៏ដោយ ប៉ុន្ដែអំពើអនាធិបតេយ្យចូលទៅកាប់ឈើក្នុងព្រៃឈើអភិរក្សតំបន់គម្របព្រៃឈើនៅតាមតំបន់ដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ឆ្នេរសមុទ្រជាដើម គឺនៅតែកើតមានឡើង។
លោកបញ្ជាក់ថា៖«យើងឃើញថា និទណ្ឌភាពគឺធ្ងន់ធ្ងរដោយមិនមានការចាត់វិធានការច្បាប់ភ្លាមៗ ចំពោះជនសង្ស័យឬក៏ជនល្មើសដែលប្រព្រឹត្តបទល្មើសជាក់ស្ដែង»។
លោក បុណ្ណារ៍ ថ្លែងថា ទោះបីជាមានការធ្វើវិសោធនកម្មលើច្បាប់ទាំង ៣ នេះក៏ដោយ ក៏ប៉ុន្ដែបទល្មើសពីអតីតកាល ត្រូវជាប់នូវអាជ្ញាយុកាលនៃបទល្មើសនោះតាមក្រមព្រហ្មទណ្ឌទៅទោសដែលបានកំណត់ក្នុងច្បាប់ទាំង ៣ នេះ ដែលក្នុងនោះបទឧក្រិដ្ឋមានអាជ្ញាយុកាលរហូតដល់១៥ឆ្នាំ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៨ ខែសីហា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីព្រៃឈើច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីជាន់ខ្ពស់អន្តរក្រសួងមួយចំនួនទៀត។
លោក ស ខេង ថ្លែងថា៖«ការរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកបានបន្តថា ការរៀបចំសេចក្ដីព្រាងច្បាប់ទាំង៣នេះ ក៏មានគោលដៅធ្វើឱ្យស្របតាមបន្ទាត់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅកម្ពុជាផងដែរ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃទី៨ ខែសីហា ផងដែរថា សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិអន្តរក្រសួងបានពិនិត្យ និងបញ្ចប់ ក្រោយពីកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៨ ខែសីហានេះដែរ នៅទីស្ដីការក្រសួងមហាផ្ទៃ។ លោកថ្លែងថា៖«បានចប់សព្វគ្រប់ហើយ ហើយបានប្រគល់ជូនក្រសួងយុត្តិធម៌ដើម្បីពិនិត្យលើជំពូកទោសប្បញ្ញត្តិ»៕