មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះចំពោះជំងឺកូវីដ ១៩

ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះចំពោះជំងឺកូវីដ ១៩ ដោយត្រូវបន្តអនុវត្តវិធានការ ៣ ការពារនិង ៣ កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញពីព្រោះកូវីដ ១៩ កំពុងតែនៅមានការឆ្លងនៅក្នុងប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ ១៩ បំប្លែងថ្មី។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) ឆ្លើយតបសំណួរភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃទី១៤ ខែសីហា ថា សូមប្រជាពលរដ្ឋកុំធ្វេសប្រហែសឱ្យសោះដោយត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញឱ្យបានទាន់ពេលនៅពេលដល់វេន នឹងជួយលោកអ្នកដល់ការការពារពីភាពធ្ងន់ធ្ងរបង្កឡើងដោយជំងឺនេះ កាត់បន្ថយអត្រាចូលសម្រាកពេទ្យ និងកាត់បន្ថយជាអតិបរិមានូវការស្លាប់បាតបង់ជីវិត។
លោកស្រីថ្លែងថា៖«ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ ដែលបង្ហាញថាកូវីដ១៩កំពុងតែនៅមានការឆ្លងនៅក្នុងប្រទេសនៅឡើយទេ ជាពិសេសពួកអូមីក្រុងដែលជាវីរុសកូវីដ១៩បំប្លែងថ្មី ហើយនៅតាមបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសកលលោក ក៏នៅតែមានការឆ្លងបន្ត និងមានករណីស្លាប់បន្ថែមទៀតផងដែរ»។
លោកស្រីបន្តថា៖«អ្វីដែលយើងចង់បាននៅពេលនេះ គឺការរស់នៅប្រកបដោយអាយុវែង និងការថែទាំយកចិត្តទុកដាក់ក្រុមគ្រួសារឱ្យមានសុខសុភមង្គល និងសុខភាពល្អ»។
លោកស្រី បញ្ជាក់ថា ដើម្បីធ្វើដូច្នេះបាន គឺអាស្រ័យទៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គល និងគ្រួសារ ដោយត្រូវនាំគ្នាទៅ«ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តទៀតរួមនឹងការអនុវត្ត វិធានការ ៣ការពារ និង៣កុំ» ព្រមទាំងកុំភ្លេចអនុវត្តការបរិភោគអាហារ ឆ្អិនល្អ ហើយ «កុំឱ្យប្រៃពេក កុំផ្អែមពេក កុំខ្លាញ់ពេក និងធ្វើលំហាត់ប្រាណទៀងទាត់» ផងដែរ។
លោកស្រីថ្លែងថា៖«សុខភាពរបស់លោកអ្នក គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកអ្នកផ្ទាល់ ដើម្បីឈានទៅរកការរស់នៅប្រកបដោយផាសុកភាព និងអាយុយឺនយូរ»។
ការវាយតម្លៃរបស់ Neikki Asia សម្រាប់ COVID-19 Recovery Index គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាឈរនៅលើចំណាត់ថ្នាក់លេខ ២ នៅក្នុងចំណោមប្រទេសប្រមាណ១២១។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ប្រភេទអូមីក្រុងចំនួន ២៩ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៣១ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ១៣ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ២៩ នាក់ ដែលក្នុងនោះ ១០ នាក់ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ មានអ្នកជាសះស្បើយចំនួន ៣១ នាក់ ប៉ុន្តែមិនមានករណីស្លាប់ឡើយ ហើយបើគិតត្រឹមព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ កម្ពុជា មានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៧ ២៣៦ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៩២១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
ដោយឡែកកាលពីថ្ងៃទី១៤ ខែសីហានេះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានជូនដំណឹងថា ប្រទេសចិនបានរកឃើញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន ៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន។ ជំងឺឡានយ៉ានេះបង្កឡើងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្រៃ និងប្រភេទសត្វកកេរ។ រោគសញ្ញាជំងឺនេះមានដូចជា គ្រុនក្តៅ ក្អក អស់កម្លាំង មិនឃ្លានអាហារ ឈឺក្បាលឈឺសាច់ដុំ ក្អួតចង្អោរ គ្រាប់ឈាមស និងប្លាកែតថយចុះ ។ មិនមានភ័ស្តុតាងឆ្លងពីមនុស្សទៅមនុស្សទេនិងមិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ។ អត្រាស្លាប់បង្កឡើងដោយជំងឺ ឡានយ៉ានេះ ខ្ពស់ជាងជំងឺ កូវីដ១៩ ដោយសារធ្វើឱ្យខូចមុខងារថ្លើម និងតម្រងនោម៕