
លោក សៅ សុខា ដែលបានចេញបញ្ជាឱ្យធ្វើការស៊ើបអង្កេតលើការស្លាប់របស់ជនរងគ្រោះ។ រូបថត សហការី
កំពង់ធំៈក្រុមអធិការកិច្ច នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងធ្វើការស៊ើបអង្កេតរកការពិតពាក់ព័ន្ធ ការស្លាប់របស់បុរសម្នាក់ក្នុងប្រតិបត្តិការបង្ក្រាបល្បែង ឡូតូ និងល្បែងជល់មាន់ តាមអនឡាញ កាលពីថ្ងៃទី ៧ សីហា ស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុក បារាយណ៍។
លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១៤ សីហាថា ចំពោះមន្ត្រីកងរាជអាវុធហត្ថចំនួន ១២ រូប ដែលជាអ្នកចុះប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ ល្បែងឡូតូតាមអនឡាញនោះក្រុមការងារចំពោះកិច្ចកំពុងតែសាកសួរ និងស្តាប់ចម្លើយរបស់ពួកគាត់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ដូច្នេះជាលទ្ធផលមិនទាន់អាចសន្និដ្ឋានបានថាយ៉ាងម៉េចនៅឡើយទេ ដោយសារការងារស៊ើបអង្កេតកំពុងធ្វើនៅឡើយ។
លោកថ្លែងថា៖ «កាងារស៊ើបអង្កេតជាការសម្ងាត់។ ដូច្នេះសូមខាងសារព័ត៌មានរង់ចាំសិន ហើយសាធារណជនទាំងអស់កុំអាលផ្តល់មតិលឿនពេក សំខាន់គឺរកការពិត។ ទី១ បុគ្គលដែលមិនបានចុះស្រាវជ្រាវទេ ហើយគ្រាន់តែស្តាប់តែមួយចំហៀង ឬមើលឃើញដោយភ្នែកមិនទាន់ស្តាប់ឮហើយអ្នកខ្លះគ្រាន់តែស្តាប់ឮ និងសន្និដ្ឋានពីនេះពីនោះទម្លាក់កំហុសទៅអ្នកនេះ ឬអ្នកនោះ ជេរអ្នកនេះអ្នកនោះ អាហ្នឹងជាការមិនល្អទេ»។
លោកបន្តទៀតថា៖ «ខ្ញុំយល់ថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់ប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែការបញ្ចេញមតិរបស់ពួកគាត់ខ្លះក៏វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ប៉ះពាល់ដល់អារម្មណ៍ ប៉ះពាល់ដល់ប្រតិបត្តិការរបស់ខាងកងកម្លាំងដែរ»។
បើតាមលោក អេង ហ៊ី ការបង្កើតក្រុមការងារចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាននៃការស្លាប់បុរសម្នាក់ និងក្រោយពីនាយឧត្តមសេនីយ៍សៅ សុខា បានសម្រេចឱ្យបង្កើតក្រុមការងារចំពោះកិច្ចបន្ទាន់មួយដើម្បីធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយក្រុមការងារនេះ បានចុះដល់ខេត្តកំពង់ធំ និងបានធ្វើការងារនេះជាបន្តបន្ទាប់់រហូតមក។
ក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលទីតាំងផ្ទះលក់កាហ្វេ និងប្រមូលព័ត៌មានជុំវិញហេតុការណ៍ដែលមានបើកលេងល្បែងអនឡាញ និងស្តាប់ចម្លើយបុគ្គលដែលពាក់ព័ន្ធក៏ដូចជាសាក្សី។ បន្ទាប់ពីនោះមក ក្រុមការងារក៏បានទៅជួបនឹងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីពិភាក្សាលើកិច្ចការងារនេះ និងបន្ទាប់មកក្រុមការងារបានចុះទៅជួបលោកវេជ្ជបណ្ឌិតសុខ មុន្នីឧត្តម នៃមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ដែលលោកជាអ្នកទទួលពិនិត្យសាកសពបុរសម្នាក់នោះដោយផ្ទាល់ និងជួបជាមួយប្រធានមន្ទីរពេទ្យផង។
កញ្ញា ឌិន នារតី ជាកូនបង្កើតរបស់បុរសដែលបានស្លាប់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ សីហាថា ករណីនេះត្រូវបានក្រុមការងារនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះមកស្រាវជ្រាវ និងសម្ភាសន៍ម្ចាស់ហាងកាហ្វេ(ទីតាំងកើតហេតុ) និងអ្នកដែលទៅផ្ទះលក់កាហ្វេជាមួយឪពុករបស់នាងរួចរាល់អស់ហើយ។ ប៉ុន្តែពេលនោះ នាងមិនបានចូលរួមក្នុងការផ្តល់ព័ត៌មានអីឡើយព្រោះថា មិនស្ថិតនៅក្នុងហេតុការណ៍។
កញ្ញាប្រាប់ថា៖ «នៅផ្ទះខ្ញុំក៏ខាងប៉េអ៊ឹមមកសួរដែរថា ឪពុកខ្ញុំដែលមានជំងឺប្រចាំកាយអីអត់ ហើយខ្ញុំប្រាប់ថា ឪពុកខ្ញុំគាត់មិនដែលមានជំងឺអីទេ រហូតប៉េអ៊ឹមគាត់សួរអ្នកភូមិទៀតផង។ គាត់ (ប៉េអឹម) ប្រាប់ខ្ញុំថា នៅថ្ងៃចន្ទ (ថ្ងៃទី ១៥ សីហា) គេឱ្យដឹងលទ្ធផល»៕
វីដេអូ៖