​ភ្នំពេញៈ​ អគ្គលេខាធិការ​អាស៊ាន លោក Dato Lim Jock Hoi និង​ឯក​​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ​(EU) ប្រចាំ​អាស៊ាន លោក Igor Driesmans ​បានប្រកាស​បើក​ព្រឹត្តិការណ៍​ប្រណាំង​កង់ ​(Bike45Ride) ​ជា​ផ្លូវការ ​កាលពី​ថ្ងៃទី​ ១៣ ខែសីហា នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​អាស៊ាន និង​សហភាព​អឺរ៉ុប​ប្រារព្ធ​ខួប ៤៥ ​ឆ្នាំ ​នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​។​


​ព្រឹត្តិការណ៍ Bike45Ride គឺជា​ការ​​ប្រកួត​ជិះ​កង់​ជា​និមិត្តរូប​ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​ ១៣ ខែសីហា ដល់​ថ្ងៃទី ​១១ ខែ កញ្ញា​ ឆ្នាំ ​២០២២ ​សម្រាប់​ពលរដ្ឋ​អាស៊ាន និង​សហភាព​អឺរ៉ុប​ទាំងអស់​ដែល​រស់នៅក្នុង​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ ១០​។ អ្នកចូលរួម​អាចជា​បុគ្គល ឬ​ជា​ក្រុម​ដែលមាន​អ្នក​​ចូលរួម​ប្រកួត​រហូតដល់ ​៥ ​នាក់ ដោយ​ជិះ​កង់​ចម្ងាយ ​៤៥ ​គីឡូម៉ែត្រ​។​

​ក្នុងពេល​បើក​ព្រឹត្តិការណ៍​នេះ តំណាង​អាស៊ាន គណៈប្រតិភូ​សហភាព​អឺរ៉ុប​ និង​​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប បាន​ជិះ​កង់​​ជា​និមិត្តរូប​ចេញពី​លេខាធិការដ្ឋាន​អាស៊ាន​ឆ្ពោះទៅ​បរិវេណ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​លោក Dato Lim Jock Hoi ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ថា សកម្ម​​ភាព​ប្រណាំង​កង់​នេះ​មិន​ត្រឹមតែ​ដើរតួ​ជា​វេទិកា​ដែល​អាច​ទុកចិត្តបាន​ ដើម្បី​បង្កើត​ការយល់ដឹង​ជា​សាធារណៈ​អំពី​ការងារ​របស់​អាស៊ាន​-​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ទម្រង់​នៃ​កិច្ច​​ខិតខំ​ប្រឹងប្រែង​ដ៏​សំខាន់​ក្នុង​ការលើក​​ទឹកចិត្ត​មនុស្ស​បន្ថែមទៀត​ ដើម្បី​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​នូវ​ការដឹកជញ្ជូន​ប្រកបដោយ​និរន្តរភាព​បន្ថែមទៀត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​រួម​របស់​សហភាព​អឺរ៉ុប និង​អាស៊ាន ពីថ្ងៃ​ទី​ ១៣ ខែសីហា​។​


​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្នុងចំណោម​ប្រជាជន​អាស៊ាន​ជាង ​៦៥០ ​លាន​នាក់ មាន​ជិត ​៣០០ ​លាន​នាក់ ​រស់នៅក្នុង​ទីក្រុង​។ ​ក្នុង​រយៈពេល​ ១៥​ ឆ្នាំ​ខាងមុខ តំបន់​ទីក្រុង​របស់​អា​ស៊ាន​ត្រូវបាន​គេ​រំពឹងថា​ នឹង​អាចមាន​មនុស្ស​ជាង​ ១០០ ​លាន​នាក់​ទៀត​មក​រស់នៅ​។​


ដោយមាន​ការគាំទ្រ​ថវិកា​ចំនួន​ ៥,២ ​លាន​ដុល្លារ​អាមេរិក​ពី​សហភាព​អឺរ៉ុប​សម្រាប់​ឆ្នាំ​ ២០២១-២០២៤ កម្មវិធី​ទីក្រុង​បៃតង​ឆ្លាត​វៃ​អាស៊ាន​ (SGAC)​ នឹង​ជួយ​រដ្ឋ​សមាជិក​អាស៊ាន​ក្នុងការ​​ស្វែងរក​ដំណោះស្រាយ​បៃតង និង​ឆ្លាត​វៃ​ចំពោះ​អត្រា​នគរូបនីយកម្ម​ខ្ពស់​តាមរយៈ​ឌីជីថល​នីយកម្ម និង​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​​សម្ដី​លោក Igor Driesmans ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​ថា កំណើន​បៃតង និង​បរិស្ថាន​គឺជា​វិស័យ​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​ភាពជា​ដៃគូ​រវាង​សហ​​ភាព​អឺរ៉ុប និង​អាស៊ាន​។ ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ​មិន​ត្រឹមតែ​ជាការ​ប្រារព្ធ​ខួប ​៤៥ ​ឆ្នាំ ​នៃ​ទំនាក់ទំនង​ភាគី​ទាំង ​២ ​ទេ ថែមទាំង​ជាការ​ប្តេជ្ញាចិត្ត​រវាង​ភាគី​ទាំង​ ២​ ក្នុង​ការបន្ត​ធ្វើការ​ជាមួយគ្នា​ឆ្ពោះទៅរក​អនាគត​កាន់តែ​មាន​ភាព​បៃតង​។​

លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ៤៥​ ឆ្នាំ ​នៃ​ភាពជា​ដៃគូ​រវាង​តំបន់​ទាំង ​២ ​របស់​យើង យើង​បានធ្វើការ​ជា​បន្តបន្ទាប់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រ​​ឈម​រួម​របស់​យើង ​និង​ដើម្បី​កសាង​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ពលរដ្ឋ​អាស៊ាន និង​សហភាព​អឺរ៉ុប​។ ការ​ប្រណាំង​កង់​នេះ​មានបំណង​លើក​​ទឹកចិត្ត​ពលរដ្ឋ​អាស៊ាន និង​សហភាព​អឺរ៉ុប​ទាំងអស់​ក្នុង​តំបន់​ឱ្យ​ចូលរួម​ក្នុងការ​ធ្វើឱ្យ​អនាគត​របស់​យើង​កាន់តែ​មាន​ភាព​បៃតង​»​។​

​លោក Igor Driesmans បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ពីថ្ងៃ​ទី​ ១៣ ខែសីហា​ថា​៖ «​យើង​បាន​ក្លាយជា​ដៃគូ​កាន់តែ​រឹងមាំ​ប្រកបដោយ​និរន្តរភាព និង​បាន​រួមគ្នា​បង្កើត​កម្មវិធី​ដ៏​សំខាន់​ ដើម្បី​ការពារ​ជីវចម្រុះ​នៅ​ទូទាំង​តំបន់ ដើម្បី​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នូវ​តំបន់ដីសើម​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក Fakri Karim ប្រធានស្តីទី​នៃ​កម្មវិធី​ទីក្រុង​បៃតង​ឆ្លាត​វៃ​អាស៊ាន​ថា​​ ទីក្រុង ​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ការវិភាគ​អំពី​ស្ថានភាព​បរិយាកាស​ក្នុង​តំបន់​អាស៊ាន​បង្ហាញថា កម្រិត​នៃ​ការបំពុល​ខ្យល់​កំពុង​កើនឡើង ដែល​វិស័យ​ថាមពល និង​ការ​ដឹកជញ្ជូន​ទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​កាបូនឌីអុកស៊ីត​ដ៏​ធំ​បំផុត​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាថ្លែងថា វា​ជា​គំនិត​ផ្តួច​ផ្តើម​ដ៏​ល្អ​មួយ​ក្នុងការ​ធ្វើការ​រួមគ្នា ​ដើម្បី​ពង្រឹង​របៀបវារៈ​បៃតង ពីព្រោះ​ពិភព​​លោក​សព្វថ្ងៃនេះ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​រួមមាន ការឡើង​កម្ដៅ​ផែនដី ការប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយធម្មជាតិ​។​

​លោក​ថា​៖ «​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការប្តេជ្ញាចិត្ត​រួមគ្នា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះហើយ​វា​ក៏​ដល់ពេល​ផងដែរ​ក្នុងការ​ធ្វើការ​រួមគ្នា​ឱ្យបាន​កាន់តែខ្លាំង​ឡើង​ថែមទៀត​សម្រាប់​មនុស្សជាតិ​ និង​ភពផែនដី​»៕